ខេត្តស្វាយរៀង ៖ យា៉ងហោចណាស់មនុស្សម្នាក់បានស្លាប់ និងជាង២០នាក់ទៀតរបួសធ្ងន់ និងស្រាល ក្នុងពេលផឹកសីុចាក់ធុងបាស់រាំលេងកម្សាន្តក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិក៏ក្លាយជាអំពើហិង្សារវាងអ្នកភូមិត្រពាំងកំពឹស និងភូមិព្រៃចារ វាយកាប់ប្រហារគ្នាទៅវិញទៅមក ។ មូលហេតុនៃការកើតមានអំពើហិង្សានេះត្រូវបានប្រាប់ថា ដោយសារតែការប្រកាន់បក្សពួកភូមិផ្សេងគ្នា ។
ការកាប់ប្រហារគ្នានេះបានកើតឡើងនៅថ្ងៃទី១៧ មេសា វេលាម៉ោង៩និង៣០នាទីយប់ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់ រោទ៍ ។ បើតាមលោកវរសេនីយ៍ទោ កុយ សុភាព នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យរូបលោក ដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយអធិការនគរបាលស្រុកកំពង់រោទ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ចុះដល់កន្លែងកើតហេតុកំណត់មុខសញ្ញាបាន២នាក់ ។ បន្ទាប់មកក៏ដាក់កម្លាំងស្ទាក់តាមផ្លូវសំខាន់ៗ ចាប់បានជនសង្ស័យ២នាក់បងប្អូនជាជនដៃដល់ដែលរត់គេចខ្លួនដល់កំពង់ចម្លងអ្នកលឿង ត្រើយខាងកើតក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៨ មេសា ២០១៤ វេលាម៉ោង៩និង៣០នាទីព្រឹក ។
ជនដែលចាប់ខ្លួននេះម្នាក់ឈ្មោះ សេង សារា៉ត់ ភេទប្រុស អាយុ៣៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេង ព្រហស្បតិ៍ ហៅខ្នាយ ភេទប្រុស អាយុ២៩ឆ្នាំ ជាប្អូន ។ អ្នកទាំងពីរនាក់នេះ មានទីលំនៅក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ។ រីឯមុខសញ្ញាពាក់ព័ន្ធក្នុងការកាប់ប្រហារគ្នានេះមានចំនួន៤នាក់ទៀតគឺ ១-ឈ្មោះ មឿន វៀច ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ម៉ុញ ក្រឹម ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៣នាក់រស់នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ៤-ឈ្មោះ ឈុន វៀង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ បានរត់គេចខ្លួនបាត់ទាំង៤នាក់ ។
លោក កុយ សុភាព បន្តទៀតថា មុនពេលកើតហេតុនៅផ្ទះជនឈ្មោះ សេង សារា៉ត់ មានចាក់ធុងបាស់រាំលេងជាមួយអ្នកភូមិត្រពាំងកំពឹស ក្រោយមកមានមនុស្សមួយក្រុមមកពីភូមិព្រៃចារមានគ្នាជិត២០នាក់ចូលរាំលេងដែរ ក៏មានការប៉ះសំដីគ្នារហូតកើតអំពើហិង្សាដាក់គ្នាទៅវិញទៅមកធ្វើឱ្យរងរបួសទាំងសងខាងជាច្រើននាក់ ។ ក្រោយមកក្រុមអ្នកភូមិព្រៃចារ បានរងរបួសធ្ងន់៤នាក់ក៏ជិះម៉ូតូឌុបគ្នាបម្រុងទៅពេទ្យ តែត្រូវបក្សពួកភូមិត្រពាំងកំពឹសស្ទាក់វាយប្រហារបណ្តាលឱ្យស្លាប់១នាក់នៅនឹងកន្លែង គឺឈ្មោះ យ៉ង សារី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១ ។
ជាមួយនេះក៏វាយឱ្យរបួស៣នាក់ទៀត គឺ១-ឈ្មោះ ហ៊ូវ លីហួ ភេទប្រុស អាយុ១៨ឆ្នាំ របួសក្បាលធ្ងន់ ២-ឈ្មោះ យ៉ង ឆានី្ន ភេទប្រុស អាយុ២៣ឆ្នាំ របួសក្បាលធ្ងន់ ៣-ឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសក្បាលធ្ងន់ ត្រូវក្រុមគ្រួសារនាំទៅព្យាបាលនៅប្រទេសវៀតណាម ។ ទាំងអ្នកស្លាប់ និងអ្នករបួសធ្ងន់រស់នៅភូមិព្រៃចារ ឃុំខ្សែត្រ ។ ឯចំពោះភាគីភូមិត្រពាំងកំពឹសរងរបួសធ្ងន់១នាក់ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យជីភូ និងជាង១០នាក់ផ្សេងទៀតរងរបួសស្រាល និងជនដៃដល់ឈ្មោះ សេង សារា៉ត់ ក៏ត្រូវរបួសធ្ងន់ ហើយពោរមុខជាំភ្នែកទាំង២ដែរ ។
សូមបញ្ជាក់ថា ក្នុងអំពើប្រទូស្តរា៉យគ្នានេះ លើកទី១វាយគ្នាក្នុងវង់រាំរងរបួសធ្ងន់ស្រាលទាំងសងខាងជាង២០នាក់ និងលើកទី២ទៅស្ទាក់វាយតាមផ្លូវបណ្តាលឱ្យស្លាប់១នាក់ និងរងរបួសធ្ងន់៣នាក់ ។ ចំពោះជន២នាក់បងប្អូនដែលចាប់ខ្លួនបាននេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៩ មេសា និងបន្តតាមចាប់ខ្លួន៤នាក់ទៀតយកមកផ្តន្ទាទោសឱ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ