ខេត្តកណ្តាល ៖ សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានជនមិនស្គាល់មុខសម្លាប់ ហើយដុតឱ្យឆេះរោលខ្មៅ និងមានស្ថានភាពហើមស្អុយរលួយទៅហើយនោះ ត្រូវបានអ្នកដកក្រអៅឈូកប្រទះឃើញកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ មេសា នៅចំណុចដីឡូតិ៍មួយកន្លែងខាងជើងផ្លូវលេខ១១៥ ចម្ងាយប្រមាណ១០០ម៉ែត្រខាងកើតបុ៉ស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់សំណាញ់ ស្ថិតក្នុងភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
ក្រោយពីប្រទះឃើញសពដែលគេដុតនេះ ក៏រាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចរហូតផ្អើលមនុស្សម្នាទៅចោមរោមមើលយ៉ាងច្រើន បុ៉ន្តែមិនមានអ្នកស្គាល់ពីអត្តសញ្ញាណសពនេះឡើយ ។ លោកសំ រ៉ាន់ នាយការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនគរបាលខេត្ត ដែលបានទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសព ឱ្យដឹងថា យើងមិនទាន់សន្និដ្ឋានបានថា ជនរងគ្រោះត្រូវបានគេប្រើឧបករណ៍អ្វីសម្លាប់នោះទេ ដោយសារតែសពត្រូវគេដុតឆេះរោលខ្មៅ និងហើមស្អុយស្ទើររលេះរលួយទៅហើយនោះ ។ បុ៉ន្តែអាចសន្និដ្ឋានថា ជនរងគ្រោះត្រូវគេសម្លាប់ប្រហែលជា៣ថ្ងៃមុនពេលប្រទះឃើញសពនេះ និងជាសពមនុស្សប្រុសអាយុប្រហែល៣០ឆ្នាំ កម្ពស់ប្រហែល១,៧០ម៉ែត្រ ។ នៅក្បែរសពមានសម្បកកំបុ៉ងស្រាបៀរចំនួន១០ សម្បកកញ្ចប់បារីចំនួន២ និងដែកកេស១ ។
តាមការត្រួតពិនិត្យអាចសន្និដ្ឋានថា ជាករណីឃាតកម្មសម្លាប់ហើយដុតជាក្រោយ ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះនិងឃាតករ គឺជាមនុស្សស្គាល់គ្នា ហើយបបួលគ្នាទៅផឹកស្រាបៀរនៅក្នុងដីឡូតិ៍ដែលមានម្ចាស់ឈ្មោះ គាត ហួ៊រ ភេទប្រុស អាយុ៥២ឆ្នាំ បុ៉ន្តែម្ចាស់ដីឡូតិ៍មិននៅទេ ។ តាមការសន្និដ្ឋាន ទំនងនាំគ្នាផឹកស្រាបៀរនោះពេលយប់ជ្រៅ និងមានទំនាស់ពាក្យសម្តី ឬអាចលួងលោមមកផឹកនៅកន្លែងស្ងាត់ ហើយសម្លាប់ដោយរឿងគំនុំអ្វីមួយផងដែរ។ មន្ត្រីនគរបាលក្រុងតាខ្មៅបានស្រាវជ្រាវ និងសាកសួរអ្នករស់នៅម្តុំកន្លែងឃើញសពនោះ បុ៉ន្តែមិនមានសាក្សីណាម្នាក់អះអាងថា បានឃើញហេតុការណ៍ទាក់ទិននឹងករណីឃាតកម្មនេះឡើយ ។ សូម្បីតែមន្ត្រីបុ៉ស្តិ៍នគរបាលសង្កាត់កំពង់សំណាញ់ដែលនៅជិតបង្កើយ ក៏មិនមាននរណាម្នាក់បញ្ជាក់ឱ្យដឹងថា ហេតុការណ៍ឃាតកម្មនេះកើតឡើងពេលណាពិតប្រាកដនោះដែរ បើទោះបីជាកន្លែងកើតហេតុនៅចម្ងាយប្រមាណជាង១០០ម៉ែត្រពីបុ៉ស្តិ៍រដ្ឋបាលក្តី ។
លោកសុឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ ឱ្យដឹងថា រហូតមកដល់ថ្ងៃទី២១ មេសា មិនទាន់មានអ្នកស្គាល់អះអាងពីអត្តសញ្ញាណសពឡើយ ។ មន្ត្រីនគរបាលសង្ស័យថា សពជនរងគ្រោះអាចជាអ្នកមកពីឆ្ងាយ ប្រសិនបើមានសាច់ញាតិរស់នៅក្នុងក្រុងតាខ្មៅ ប្រាកដជាមានអ្នកស្គាល់ហើយ ។ ក្រោយពីនគរបាលធ្វើកោសល្យវិច័យរួច សពជនរងគ្រោះត្រូវបានយកទៅបូជានៅវត្តក្របៅ ក្រុងតាខ្មៅ ។ លោកអធិការក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលបានបាត់សាច់ញាតិច្រើនថ្ងៃហើយមានការសង្ស័យ សូមមកទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងតាខ្មៅ ដើម្បីទទួលយកធាតុជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ហើយក៏អាចជាពន្លឺឈានទៅវែកមុខឃាតករឃើញផងដែរ ៕
ចែករំលែកព័តមាននេះ