ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេន​ ប៊ុន​ថេន​​ ឈ្នះ​​ពិន្ទុ​កីឡាករ​​ប៊ុល​ហ្គារី​ ​រី​ឯ​រឿង​ សោ​ភ័ណ្ឌ​ ត្រូវ​​កីឡាករ​​ថៃ​ធ្វើ​ឱ្យ​​ខូច​​ដៃ​នៅ​ទឹក​​ទី​4

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ប្រដាល់ជា​លក្ខណៈ​មិត្តភាព​​អន្តរ​ជាតិ​នៅ​លើសង្វៀន​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​បុ៉ស្តិ៍​លេខ​៣ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី​២០​ មេសា​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​មិនសូវ​ជា​សប្បាយ​ចិត្ត​បុ៉ន្មាន​ឡើយ​ បើ​ទោះ​ជា​ សេន ប៊ុន​ថេន​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ បាន​យក​ឈ្នះ​​កីឡា​ករ​បុ៊ល​ហ្គារី​ Vasilko Stadinov ដោយ​ពិន្ទុ​ក៏​ពិត​មែន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ប្រដាល់ជា​លក្ខណៈ​មិត្តភាព​​អន្តរ​ជាតិ​នៅ​លើសង្វៀន​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​បុ៉ស្តិ៍​លេខ​៣ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី​២០​ មេសា​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​មិនសូវ​ជា​សប្បាយ​ចិត្ត​បុ៉ន្មាន​ឡើយ​ បើ​ទោះ​ជា​ សេន ប៊ុន​ថេន​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ បាន​យក​ឈ្នះ​​កីឡា​ករ​បុ៊ល​ហ្គារី​ Vasilko Stadinov ដោយ​ពិន្ទុ​ក៏​ពិត​មែន​ បុ៉ន្តែ​សម្រាប់​ការ​ជួបគ្នារវាង​កីឡា​ករ​រឿង​ សោភ័ណ្ឌ​ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ និង​កីឡាករ​ថៃ​ Phongthong Jitsada វិញ​នោះ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​ទស្សនា​យ៉ាង​ខ្លាំង​ ដោយសារតែ​កីឡាករ​ថៃ​រូប​​នេះ​បាន​ប្រើ​កម្លាំង​បាយ​ចាប់​កាច់​បំបាក់​ដៃ​ រឿង​ សោភ័ណ្ឌ​ បំពាន​នឹង​ច្បាប់​ប្រកួត​ទាំងស្រុង​ ។​

រវាង​ សេន ប៊ុន​ថេន​ និង​កីឡា​ករ​ប៊ុល​ហ្គារី​ មើល​ទៅ​ហាក់​ដូច​ជា​មានសមត្ថភាព​ខុសគ្នា​ឆ្ងាយ​ណាស់​ បុ៉ន្តែ​ សេន ប៊ុន​ថេន​ ដែល​មានប្រៀប​ជាង​ដាច់​នោះ​មិន​អាច​​វាយ​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​ឡើយ​ គឺ​បាន​ត្រឹម​តែ​យក​ឈ្នះ​ពិន្ទុ​បុ៉ណ្ណោះ ។​ ពេល​ប្រកួត​ សេន ប៊ុន​ថេន​ បាន​​ព្យាយាម​សម្រុក​ចូល​កៀក​ទាត់​ និង​ធាក់​ទៅ​លើ​កីឡាករ​ Stadinov មិន​សំចៃ​កម្លាំង​ឡើយ បុ៉ន្តែ​ត្រូវ​កីឡាករ​ប៊ុល​ហ្គារី​រូប​នេះ​ទាត់​ច្រាស់​សង​មក​វិញ​ភ្លាមៗ​ធ្វើ​ឱ្យ​លទ្ធ​ផល​ការ​ប្រកួត​នៅ​ទឹក​ទី​១​ នេះមាន​ភាព​ប្រដំប្រសង​គ្នា​ ។ ចូល​ដល់​ទឹក​ទី​២​ សេន ប៊ុន​ថេន​ ចាប់​ផ្តើម​វាយ​សម្រុក​សា​ជា​ថ្មី​ម្តង​ទៀត​ដោយ​ក្រៅ​ពី​ការ​ប្រើ​ស្នៀត​ជើង​ទាត់​ និង​ធាក់​​នោះ​ គេ​ក៏​បាន​រុល​ចូល​កៀក​វាយ​កែង​ចូល​ចំ​សៀត​ផ្កា​ខាង​ឆ្វេង​របស់​ Stadinov យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បែក​រយះ​ចេញ​ឈាម​ស្រោច​មុខ​ បុ៉ន្តែ​លោក​អាជ្ញា​កណ្តាល​មិន​បាន​បញ្ឈប់​ការ​ប្រកួត​នេះ​ឡើយ ។​

ទោះ​ជា​រងរបួស​បែប​នេះ​ក្តី​ ក៏ Stadinov នៅ​តែ​ដេញ​តាម​ទាត់ និង​ម៉ាត់​សង​វិញ​កាន់តែ​សាហាវ​លើស​ដើម​ បុ៉ន្តែ​ការ​ដើរ​​ចូល​ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​របស់​កីឡា​ករ​​បុ៊ល​ហ្គារី​រូប​នេះ​មិន​អាច​ធ្វើ​អ្វី​ សេន ប៊ុន​ថេន​ បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ​ បែរ​ជា​​ត្រូវ​ សេន ប៊ុន​ថេន​ ​ពុះ​ចូល​១​កែង​ចំពី​លើ​ក្បាល​បណ្តាល​ឱ្យ​បែក​រយះ​ហូរឈាម​មួយ​កន្លែង​ទៀត​ បុ៉ន្តែ​គ្រូ​ពេទ្យ​មិន​បាន​បញ្ឈប់​ការ​ប្រកួត​នេះ​ទេ​ព្រោះ​គេ​អាច​ប្រកួត​តទៅ​ទៀត​បាន ។​ Stadinov បាន​បង្ហាញ​នូវ​ភាព​ទន់​ជ្រាយ​ផ្នែក​កម្លាំង​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ការ​ប្រកួត​បាន​អូស​បន្លាយ​ដល់​ទឹក​ទី​៤​ ទៅ​ហើយ​នោះ ។​ ចំណែក សេន ប៊ុន​ថេន​ វិញ​កម្លាំង​របស់​គេ​មើល​ទៅ​ហាក់​បី​ដូច​ជា​មិនស្រុត​ចុះ​បន្តិច​ណា​ឡើយ គេ​នៅតែ​សង្ខើញ​ដើរ​ចូល​ទាត់​និង​ម៉ាត់​ចូល​មុខ និង​ពោះ​ទឹក​ Stadinov ពេញៗ​តែ​ម្តង​ ។​ នៅ​ក្នុង​ទឹក​ទី​៥​ គេ​សង្កេត​ឃើញ​ សេន ប៊ុន​ថេន​ បាន​កៀង​ Stadinov ឱ្យ​ស្ថិត​នៅ​អែប​ខ្សែ​រេញ​ជាប់​រហូត​ បើ​ទោះ​ជា​ Stadinov បាន​ព្យាយាម​រត់​គេច​ពី​ការ​វាយ​លុក​យ៉ាង​ណា​ក៏​ដោយ ទើប​លទ្ធ​ផល​ចុង​ក្រោយ​គេត្រូវ​ចាញ់​ពិន្ទុ​កីឡាករ​សេន ប៊ុន​ថេន​ យ៉ាង​អស់​ចិត្ត​ ។​

ចំណែក​ឯ​ការ​ជួបគ្នា​រវាង​ រឿង សោភ័ណ្ឌ​ និង Phongthong Jitsada វិញ​នោះ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ដំបូង​ តែ​ក្រោយ​មក​ធ្វើ​ឱ្យ​ទស្សន​ិក​ជន​មិន​សប្បាយ​ចិត្ត​ទៅ​វិញ​ ។ នៅ​ទឹក​ទី​១​ និងទី​២​ រឿង សោភ័ណ្ឌ​ បាន​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​មើល​ភាគច្រើន​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​វាយ​ទៅ​លើ​កីឡាករ​ថៃ​រូប​នេះ​ ដែល​ធ្លាប់​​មក​ស្រុកខ្មែរ​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ បុ៉ន្តែ​ពុំ​មាន​នរណា​អាច​កាច់​បំបាក់​គេ​បាន​ឡើយ​ ដូច្នេះ​លើក​​នេះ​ពេល​ឃើញ​ រឿង សោភ័ណ្ឌ​ បើក​ការវាយ​ប្រហារ​ទៅ​លើ​គូ​ប្រកួត​ដោយ​មិន​ញញើត​បន្តិច​ណា​ឡើយ​​នោះ​ធ្វើ​ឱ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់​ ។ រី​ឯ​ Jitsada វិញ​នោះ​មិ​នខុស​ពី​ខ្លា​ត្រូវ​របួស​ឡើយ​ ព្រោះ​ រឿង​ សោភ័ណ្ឌ​ វាយ​កាន់​តែ​ត្រូវ​ គេ​កាន់​តែ​ដើរ​ចូល​ ព្រម​ទាំង​ចាប់​ក្រៀក​បោក​ផ្ទប់​នឹង​ក្តារ​តាពី​ម្តង​ជាពីរ​ដង ។​ ទោះ​បី​យ៉ាងណា​ រឿង​ សោភ័ណ្ឌ​​ នៅ​តែ​ដើរ​ចូល​វាយ​ដដែល​ ហើយ​ការ​ម៉ាត់​ចូល​មុខ​ Jitsada បណ្តាល​ឱ្យ​ដួល​ទាំង​ជំហរ​នោះ​បាន​ធ្វើ​ឱ្យ​ Jitsada ក្តៅ​ក្រហាយ​យ៉ាងខ្លាំង​ ក៏​បាន​សម្រុក​ចូល​ចាប់​ឱប​ រឿង សោភ័ណ្ឌ​ ​រួច​កាច់​ផ្តួល​មក​ក្រោយ​ជា​ច្រើន​លើក​ច្រើន​សា​បណ្តាល​ឱ្យ​គ្រេច​​ដៃ​ស្តាំ​ប្រកួត​លែង​កើត​នៅ​ក្នុង​ទឹក​ទី​៤​ ហើយ​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង​​ទៅ ។

ការ​វាយ​របស់ Jitsada ទៅ​លើ​កីឡាករ​រឿង សោភ័ណ្ឌ​ ប៉ះ​ពាល់​ដល់​អារម្មណ៍​ទស្សនិក​ជន​យ៉ាងខ្លាំង​ស្ទើរ​​ផ្ទុះ​ចេញ​ជា​កំហឹង​ បុ៉ន្តែ​ដោយ​សារ​តែមាន​ការ​​ប្រកាស​ហាម​ឃាត់​ពី​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ ក៏បាន​ធ្វើ​ឱ្យ​ពួក​គេ​ស្ងប់​អារម្មណ៍​វិញ ។​ ដោយ​ឡែក​ លទ្ធ​ផលគូ​ផ្សេង​ទៀត​ កីឡា​ករ​ម៉ន វិរៈ​ មក​ពី​ក្លិប​ការិយា​ល័យ​ទី​៥ កង​ទ័ព​ជើង​គោក​ បាន​យក​ឈ្នះ​កីឡាករ​ឈិត​ ងុ៉យ​ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​ដោយ​ពិន្ទុ ។​ កីឡាករ​ផន ប៊ុន​ម៉ៅ​ មក​ពី​ក្លិប​បុរី​រាជ​សីហ៍​មាន​ឫទ្ធិ​ យក​ឈ្នះ​កីឡា​ករ​វង្ស​ គង់​រាជ​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​​ដោយ​ពិន្ទុ​ ​និង​កីឡាករ​សេង​ ហៀង​ មក​ពី​ក្លិប​យុវ​ជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​ ក៏​យក​ឈ្នះ​កីឡា​ករ​យិន​ បូរិន​ មក​ពី​ក្លិប​អាស៊ី​កីឡា​ដោយ​ពិន្ទុ​ដូច​គ្នា​ដែរ ៕​