ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាច្រើននាក់ដែលរកស៊ីដឹកអុស និងឈើតាមគោយន្ត បានរអ៊ូរទាំពីរឿងសមត្ថកិច្ចចាប់ឃាត់ពួកគាត់ឱ្យបង់លុយ បើមិនបង់លុយគឺមិនអាចទៅមុខបានទេ តែបើរថយន្តដឹកឈើប្រភេទយីឌុបវិញ អស់លោកសមត្ថកិច្ចទាំងនោះ មិនហ៊ានទៅក្បែរឡើយ ។ ប្រភពពីប្រជាពលរដ្ឋដែលរកស៊ីដឹកអុស និងឈើតាមគោយន្តចេញពីតំបន់ «ជាំ» នៃស្រុកឱរ៉ាល់ បានឱ្យដឹងថា សព្វថ្ងៃនេះ ពួកគាត់មានការលំបាកជាខ្លាំង ព្រោះតែនៅតាមផ្លូវមានសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ពង្រាយគ្នាដូចខ្យង ចាំស្ទាក់យកលុយពីពួកគាត់ ។
ប្រភពបន្តថា អុសមួយគោយន្តត្រូវបង់ឱ្យអស់លោកក្នុងម្នាក់ចាប់ពី១៥.០០០រៀលទៅ២០.០០០រៀល បើមិនគ្រប់ទេ កុំសង្ឃឹមថាអាចបន្តដំណើរទៅមុខបានឱ្យសោះ គឺច្បាស់ជាត្រូវចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ចជំនាញមិនខានឡើយ ។ ក្រុមអ្នករកស៊ីដឹកអុសទៅដុតធ្យូងទាំងនោះ បានលើកឡើងថា ក្នុងមួយថ្ងៃៗមានរថយន្តយីឌុបជាច្រើនគ្រឿងដឹកឈើអារចេញពីក្រុមហ៊ុននៅ «ជាំ» ហើយការដឹកឈើអារទាំងនោះ ពុំមែនត្រឹមត្រូវតាមច្បាប់អនុញ្ញាតទេ តែគឺដោយសារការឃុបឃិតរវាងក្រុមមន្ត្រី និងអ្នករត់ការ ដោយបានលើកឈើដាក់លើរថយន្តលើសពីច្បាប់អនុញ្ញាត ។ ប្រភពបន្តថា ដោយសារការឃុបឃិតគ្នានេះហើយ ទើបឈ្មួញឈើហ៊ានលើកឈើដាក់លើរថយន្តលើសរាប់សិបម៉ែត្រគូប ។ បញ្ហានេះគួរណាស់តែអស់លោកថ្នាក់ខេត្ត មានវិធានការផង កុំឱ្យធ្វើបាបតែអ្នកតូច រីឯអ្នកធំដែលជាបក្ខពួក បែរជាសមត្ថកិច្ចនាំគ្នាស្ងាត់ឈឹង ធ្វើមិនដឹងមិនឮ ។
បើតាមប្រភពច្បាស់ការណ៍មួយ បានបង្ហើបឱ្យដឹងថា កាលពីមុនពេលបុណ្យចូលឆ្នាំ មានរថយន្តយីឌុប២គ្រឿង ដែលគេដឹងថាផ្ទុកឈើលើសច្បាប់ ដោយក្នុងមួយរថយន្តលើសប្រមាណជិត១០ម៉ែត្រគូប តែគ្មានមន្ត្រីជំនាញឬស្ថាប័នណាមួយ ហ៊ានស្ទាក់ឃាត់ ដើម្បីត្រួតពិនិត្យឡើយ ។ រថយន្តដឹកលើសច្បាប់ទាំងនោះ ត្រូវគេដឹងថាជារបស់ក្រុមហ៊ុន ។ ក្រុមអ្នករកស៊ីដឹកឈើតូចតាចបានលើកឡើងថា បើសិនជាចង់ចាប់ពួកគាត់យកមកចាត់ការតាមច្បាប់ គប្បីអនុវត្តពីរថយន្តធំជាមុនសិនទុកជាគំរូ ហើយម៉្យាងទៀត អ្នកណាៗក៏ដឹងថាក្រុមហ៊ុនលែងមានឈើទៀតហើយដែរ គឺឈើដែលដឹកចេញទាំងនោះសុទ្ធតែជាឈើនៅក្រៅបរិវេណក្រុមហ៊ុនទំាងអស់ ។
បើតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើមួយរូប ឱ្យដឹងថា មន្ត្រីតូចតាចមិនហ៊ានទៅក្បែរនោះទេ ព្រោះគេទាក់ទងគ្នាថ្នាក់លើ សុទ្ធតែអ្នកធំៗដូចគ្នា ។ បញ្ហានេះគួរណាស់តែលោក ឆេង គឹមស៊ុន ចាត់មន្ត្រីឱ្យចុះមកអង្កេតមើលថា តើការចុះផ្សាយក្នុងកាសែតដូចការពិត ឬក៏អត់ ជាពិសេសលោករដ្ឋមន្ត្រីក្រសួងកសិកម្ម គួរចាត់មន្ត្រីជំនាញចុះពិនិត្យមើលក្រុមហ៊ុននេះម្តងទៅ ថាតើមាននៅសល់ព្រៃឈើក្នុងបរិវេណក្រុមហ៊ុន សម្រាប់ធ្វើការនាំចេញឬអត់ ?
ចែករំលែកព័តមាននេះ