រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣(CAMSOC) កាលពីថ្ងៃទី៨ ខែតុលា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងដាក់ទិសដៅបន្ដ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។
កិច្ចប្រជុំរៀងរាល់៣ខែម្ដងនេះ បានផ្ដោតលើរបៀបវារៈសំខាន់ៗជាច្រើន ដែលបង្ហាញពីវឌ្ឍនភាពការងាររបស់ CAMSOC ។ ជាមួយគ្នានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជំរុញសកម្មភាពការងារឲ្យបានរលូន ដូចជាការកែសម្រួលរចនាសម្ព័ន្ធទាក់ទងនឹងអនុក្រឹត្យស្ដីពីការរៀបចំឲ្យមានត្រាផ្លូវការរបស់ CAMSOC និងការកែសម្រួលសមាសភាពផ្នែកកីឡាជនពិការ ដើម្បីត្រៀមការប្រកួតកីឡា ASEAN Para Games ជាដើម ។
ពាក់ព័ន្ធនឹងកីឡាជនពិការនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យមានការរៀបចំសមាសភាពថ្នាក់ដឹកនាំ និងហេដ្ឋារចនាសម្ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួត ASEAN Para Games ឈ្មោះថា Cambodia ASEAN PARA Games Organizing Committee ឬហៅកាត់ថា CAMAPGOC ដែលគណៈកម្មការនេះនឹងត្រូវបង្កើតឡើងដោយមានការចូលរួមជួយពីមន្ដ្រីរបស់ CAMSOC បន្ទាប់ពីចប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់CAMSOC បន្ទាប់ពីធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពប្រចាំត្រីមាសទី៣ដែលប្រកបដោយលទ្ធផលជាវិជ្ជមាន លោកបានគូសបញ្ជាក់ថា គណៈកម្មការជំនាញចំនួន៤ទៀតនឹងត្រូវដំណើរការក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ រួមមានគណៈកម្មការផ្សព្វផ្សាយនិងព័ត៌មាន គណៈកម្មការទីផ្សារនិងចលនូបត្ថម្ភ គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា និងគណៈកម្មការពិធីបើក-បិទ ។
បន្ទាប់ពីចប់កិច្ចប្រជុំ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ក្រោយពីដំណើរការពេញ១ព្រឹក កិច្ចប្រជុំខាងលើបានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមមតិយ៉ាងផុលផុសពីគ្រប់ផ្នែកពាក់ព័ន្ធ ដូចជា
ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ដែលធ្វើឲ្យអង្គប្រជុំបានទទួលនូវធាតុចូលជាច្រើន សម្រាប់ពង្រឹងផែនការយុទ្ធសាស្ដ្រត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ពិសេសដំណើការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករកីឡាការិនី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ