ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេះ​ តើក​ ភ្លាត់​ឱ្យ​ភុន​ សោ​ភ័ណ្ឌ​ សីុ​ឡាក​?

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ទី​បំផុត​ការ​ប្រឹង​ប្រែង​ និង​ការ​តាំង​ចិត្ត​របស់​កីឡា​ករ​ ឡេះ​ តើក​ ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​បាន​ត្រឹម​តែ​ទទួល​រង​ការ​អាម៉ាស់​ប៉ុណ្ណោះ​ បន្ទាប់​ពី​ភ្លាត់​ឱ្យ​កីឡា​ករ​ ភុន​ សោ​ភ័ណ្ឌ​ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល​ដែល​អ្នក​ណា​ក៏​មើល​ឃើញ​ថា​ចាញ់​តាំង​ពី​ដើម​ទី​ មាន​ឱកាស​សីុឡាក​ ។ លទ្ធ​ផល​ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ចង់​បាន​នេះ​ ហាក់​ធ្វើ​ឱ្យ​កីឡា​ករ​ ឡេះ​ តើក​

រាជធានីភ្នំពេញ ៖ នៅ​ទី​បំផុត​ការ​ប្រឹង​ប្រែង​ និង​ការ​តាំង​ចិត្ត​របស់​កីឡា​ករ​ ឡេះ​ តើក​ ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​បាន​ត្រឹម​តែ​ទទួល​រង​ការ​អាម៉ាស់​ប៉ុណ្ណោះ​ បន្ទាប់​ពី​ភ្លាត់​ឱ្យ​កីឡា​ករ​ ភុន​ សោ​ភ័ណ្ឌ​ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល​ដែល​អ្នក​ណា​ក៏​មើល​ឃើញ​ថា​ចាញ់​តាំង​ពី​ដើម​ទី​ មាន​ឱកាស​សីុឡាក​ ។ លទ្ធ​ផល​ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ចង់​បាន​នេះ​ ហាក់​ធ្វើ​ឱ្យ​កីឡា​ករ​ ឡេះ​ តើក​ និង​អ្នក​គាំ​ទ្រ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​បាន​ប្រែ​ក្លាយ​សំឡេង​កោត​សរ​សើរ​ទៅ​ជា​ការ​រិះ​គន់​ទៀត​​ផង​ បើ​ទោះ​ជា​កីឡា​ករ​ដែល​ជ្រុល​ធ្វើ​ខុស​បាន​ទទួល​កំហុស​នោះ​ក្តី​ ។

គ្មាន​អ្នក​ណា​មិន​ភ្ញាក់​ផ្អើល​នោះ​ទេ​ ក្នុង​ពេល​ដែល​ចាប់​ផ្តើម​ការ​ប្រកួត​ភ្លាម​ ក៏​មាន​ឈុត​ឆាក​សីុ​សាច់​ហុច​ឈាម​គ្នា​តែ​ម្តង​ ដែល​មិន​ខុស​ពី​ការ​ស្ទុះ​ស្ទា​ដណ្តើម​យក​មុខ​មាត់​ និង​កេរ្តិ៍​ឈ្មោះ​ម្ខាងៗ​ ដោយ​គ្មាន​ការ​ចុះ​ញ៉ម​គ្នា​នោះ​ទេ​ ។ កីឡា​ករ​ ឡេះ​ តើក​ ដែល​​អ្នក​ណា​ក៏​មើល​ឃើញ​ថា​កំពុង​ឡើង​កូដ​ បាន​ស្ទុះ​សម្រុក​វាយ​ឆ្វេង​ស្តាំ​ស្ទើរ​តែ​ធ្វើ​ឱ្យ​ដៃ​គូ​កីឡា​ករ​ ភុន​ សោ​ភ័ណ្ឌ​ តដៃ​មិន​ទាន់​សម្រាប់​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៨​មេសា កន្លង​ទៅ​ ។ ការ​ប្រកួត​គូ​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ពិសេស​ក្នុង​ពេល​ដែល​កីឡា​ករ​បង្គោល​ក្រហម​ ឡេះ​ តើក​ បន្ត​ការ​សម្រុក​ទាំង​ដៃ​ទាំង​ជើង​ និង​កែង​បក​ ដែល​អ្នក​ណា​ក៏​ញាក់​សាច់​ជំនួស​កីឡា​ករ​ ភុន​ សោ​ភ័ណ្ឌ​ ដែរ ។ ជាក់​ស្តែង​នៅ​ពាក់​កណ្តាល​ទឹក​ទី​១​កីឡា​ករ​បង្គោល​ខៀវ​ ភុន​ សោ​ភ័ណ្ឌ​ ដែល​អ្នក​ណា​ក៏​មើល​ឃើញ​ច្បាស់​ថា ត្រូវ​កីឡា​ករ​ ឡេះ​តើក​ វាយ​​ឡើង​ទក់​សាច់​ទៅ​ហើយ​នោះ​ បែរ​ជា​ទទួល​ជ័យ​ជម្នះ​​ដោយ​សារ​កីឡា​ករ​បង្គោល​ក្រហម​ភ្លាត់​ទាត់​ថែម​មួយ​ជើង​ពេញ​ទំហឹង​ត្រូវ​ចំ​ថ្ពាល់​ឆ្វេង​ពេល​គូ​ប្រកួត​ដួល​ធ្វើ​ឱ្យ​បង្គោល​ខៀវ​មាន​ឱកាស​ធ្វើ​ប្រកាច់​សីុ​ឡាក​តែ​ម្តង​ ។

ក្រុម​អ្នក​ទស្សនា​ដែល​ស្រែក​ទះ​ដៃ​គ្រប់​ពេល​កីឡា​ករ​ ឡេះ​ តើក​ វាយ​ត្រូវ​គោល​ដៅ​បាន​ប្រែ​ជា​ស្រែក​រិះ​គន់​ និង​សម្តែង​អារម្មណ៍​ខក​ចិត្ត​ព្រោះ​តែ​ឃើញ​កីឡា​ករ​បង្គោល​ក្រហម​ជ្រុល​ថែម​ពេញ​បន្ទុក​ទៅ​លើ​កីឡា​ករ​បង្គោល​ខៀវ​ប្រាកដ​មែន​ ដែល​អ្នក​ណា​ក៏​មើល​ឃើញ​ដែរ​ ។ ក្រុម​អ្នក​គាំ​ទ្រ​បាន​ស្តី​បន្ទោស​ថា​ បង្គោល​ខៀវ​ពិត​ជា​យក​ចាញ់​មក​តាម​មែន​ទើប​វាយ​បាន​ល្អ​គួរ​ឱ្យ​សរ​សើរ​ទៅ​ហើយ​ បែរ​ជា​ភ្លាត់​ទៅ​វាយ​លើ​គូ​ប្រកួត​ក្នុង​ពេល​ដួល​ ដែល​នាំ​ឱ្យ​ក្រុម​អ្នក​ទស្សនា​ក៏​ដូច​ជា​ក្រុម​អ្នក​ផ្តល់​ពិន្ទុ​ឈាន​ទៅ​ចាប់​កំហុស​ដោយ​ខាន​មិន​បាន​ ។ ក្នុង​ពេល​បង្គោល​ខៀវ​កំពុង​ប្រកាច់​ហើយ​ក្រុម​អ្នក​ផ្តល់​ពិន្ទុ​កំពុង​វែក​ញែក​ស្វែង​រក​ខុស​ត្រូវ​នោះ​ គេ​ឮ​សម្រែក​ស្តី​បន្ទោស​យា៉ង​ខ្លាំង​បោក​សម្រុក​ទៅ​លើ​កីឡា​ករ​បង្គោល​ក្រហម​ ។ អញ្ចឹង​ហើយ​ទើប​កីឡា​ករ​បង្គោល​ក្រហម​ ឡេះ​ តើក​ ចុះ​ចេញ​ពី​រេញ​ភ្លាម​ៗ​ដោយ​គ្រាន់​តែ​ដឹង​ថា អ្នក​កាត់​ក្តី​ផ្តល់​លទ្ធ​ផល​ឱ្យ​ចាញ់​ និង​តម្រូវ​ឱ្យ​សុំ​ទោស​ចំពោះ​កីឡា​ករ​ ភុន​ សោ​ភ័ណ្ឌ​ ដែល​គេ​បាន​ទាត់​ត្រូវ​មួយ​ជើង​ថែម​ខុស​នោះ ។ យ៉ាង​ណា​ក៏​ដោយ​កីឡា​ករ​បង្គោល​ខៀវ​ ភុន​ សោ​ភ័ណ្ឌ​ ដ្បិត​ថា​ រង​ការ​រិះ​គន់​ពាក់​ព័ន្ធ​នឹង​រឿង​ធ្វើ​សន្លប់​ដើម្បី​សីុ​ឡាក​ក៏​ភាព​ជាក់​ស្តែង​ត្រូវ​គេ​ឮ​បន្ទោស​ទៅ​លើ​កីឡា​ករ​ ឡេះ​ តើក​ បង្គោល​ក្រហម​ច្រើន​ជាង​នោះ​ដែរ​ ដោយ​សារ​តែ​ស្នៀត​ដែល​ ឡេះ​ តើក​ បាន​ថែម​ វា​ទំនង​នឹង​អាច​ធ្វើ​ឱ្យ​កីឡា​ករ​ជា​ដៃ​គូ​សន្លប់​មែន​ៗ ។ កីឡា​ករ​ ភុន​ សោ​ភ័ណ្ឌ​ ត្រូវ​គេ​និយាយ​ថា ឈ្នះ​ដោយ​ចៃ​ដន្យ​ ប៉ុន្តែ​ក៏​សម​ទំនង​ដូច​គ្នា​សម្រាប់​ឱកាស​ពេល​នោះ​ ។

នៅ​លើ​សង្វៀន​នោះ​ដែរ​ កីឡា​ករ​ ឯម​ សា​វឿន​ មក​ពី​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ បាន​ផ្តួល​កីឡា​ករ​ សឹុម​ សំ​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ ។ កីឡា​ករ​ លី​ តឿន​​មក​ពី​ក្លិប​មិត្ត​ប៉ូលិស​​បាន​វាយ​ឱ្យ​កីឡា​ករ​ ស៊ូ​ ពី​ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា​​សន្លប់​ក្នុង​ទឹក​ទី​១​ និង​កីឡា​កា​រិនី​ គង់​ សារី​ មក​ពីក្លិប​​ឃុំ​ជ្រៃ​ខេត្ត​បាត់​ដំបង​ បាន​វាយ​ចាញ់​កីឡា​ការិនី​ អេ យ៉ានុត​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ​ដាច់​ទាំង​៥​ទឹក​តែ​ម្តង​​ក្នុង​ពេល​បើក​ឆាក​ប្រយុទ្ធ​គ្នា​នោះ​ ៕