កីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រនឹងត្រូវធ្វើការយ៉ាងលំបាកមួយដើម្បីដណ្តើមយកតំណែងម្ចាស់ជើងឯកថ្មីនៃព្រឹត្តិការណ៍វាយកូនបាល់ ATP Monte Carlo Masters ជាលើកទី១ក្នុងអាជីព ខណៈរូបគេនឹងត្រូវប៉ះជាមួយកីឡាករជើងខ្លាំងដែលជាមិត្តរួមជាតិ Stanislas Wawrinka ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
នៅលើទីលានប្រកួតដីក្រហម នាប្រទេសម៉ូណាកូ កាលពីថ្ងៃសៅរ៍១៩ មេសា ហ្វេដឺរ័រ បានបំបាក់កីឡាករការពារជើងឯកជាតិស៊ែប៊ី ណូវ៉ាក់ យ៉ូកូវិច ក្នុងលទ្ធផលពីរសិតផ្ទួនៗគឺ ៦-៣ និង៧-៦ឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដោយក្តីរីករាយ ។ សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលហ្វេដឺរ័រឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ATP Monte Carlo Masters ។ គេបានថ្លែងថា៖ «វាហាក់ជាការភ្ញាក់ផ្អើលមួយដែរដែលបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត ។ ខ្ញុំសប្បាយចិត្តនិងពេញចិត្តយ៉ាងខ្លាំង ជាពិសេសលើបច្ចេកទេសប្រកួត ។ វាជាក្តីសុបិនមួយដែលខ្ញុំនិង Wawrinka ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ។ នេះជាការជួបគ្នាដោយកម្រ» ។
សម្រាប់ប្រវត្តិកម្មវិធី ATP Monte Carlo Masters នេះជាលើកទី១ហើយដែលកីឡាករស្វ៊ីស២រូបជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ខណៈហ្វេដឺរ័រវិញ វាក៏ជាលើកទី១ផងដែរដែលរូបគេជួបគ្នាជាមួយ Wawrinka ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
Wawrinka បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានយកឈ្នះកីឡាករអេស្ប៉ាញដេវីដហ្វេរ័រ ក្នុងលទ្ធផល ៦-១និង៧-៦ ។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានថ្លែងថា៖ «ខ្ញុំមិនរំភើប ឬសប្បាយចិត្តទាល់តែសោះចំពោះការប្រកួតលើកនេះ ។ ថ្ងៃនេះ ការប្រកួតរបស់ខ្ញុំហាក់ដូចជាយឺតបន្តិច ។ វាពិតជាសំខាន់ដែលត្រូវបន្លាស់ទីឱ្យបានលឿន» ៕
ចែករំលែកព័តមាននេះ