កីឡាករអង់គ្លេស Lewis Hamilton បានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីរូបគេបានយកឈ្នះការប្រណាំងបណ្តោះអាសន្នកម្មវិធី Chinese Grand Prix នៅទីលានប្រណាំង Shanghai International Circuit ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា កន្លងមកនេះ ។
Hamilton វ័យ២៩ឆ្នាំបើកបរឱ្យក្រុមMercedes បានបញ្ចប់ការប្រណាំងដោយប្រើអស់ថិរវេលា១នាទីនិង៥៣.៨៦០វិនាទីដណ្តើមបានការនាំមុខគេជាលើកទី៣ ក្នុងរដូវកាលឆ្នាំ២០១៤ ។ កីឡាករដែលបើកលឿនលំដាប់ទី២ បានទៅលើកីឡាករ Daniel Ricciardo ។ Ricciardo ដែលបើកបរឱ្យក្រុមរេដប៊ុលបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង៥៤.៤៥៥វិនាទី យឺតជាង Hamilton ០.៥៩៥វិនាទី ។
ចំណែកកីឡាករដែលបើកលឿនលំដាប់ទី៣ បានទៅសេបាស្ទៀន វេតទែល ។ វេតទែលសញ្ជាតិអាល្លឺម៉ង់បានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទី និង៥៤.៩៦០វិនាទី ពោលគឺ ១.១០០វិនាទីយឺតជាង Hamilton ។
សម្រាប់Hamilton នេះគឺជាការនាំមុខបណ្តោះអាសន្នលើកទី៣ ហើយនៅក្នុងរដូវកាលប្រណាំងឆ្នាំនេះ ហើយក៏ជាលើកទី៣៤ ផងដែរនៅក្នុងអាជីព ។ គេបានថ្លែងថា ៖ «ផ្លូវប្រណាំងនៅទីនេះពិតជារអិលខ្លាំងណាស់ ។ នេះជាការប្រណាំងមួយដែលពិបាក ប៉ុន្តែខ្ញុំពិតជាចូលចិត្តបែបនេះ ។ នេះជាចំណាត់ថ្នាក់ល្អ សង្ឃឹមថា នៅថ្ងៃស្អែកខ្ញុំនឹងនៅតែរក្សាបានចំណាត់ល្អបែបនេះជាដដែល»។
ចំណែកកីឡាករអេស្ប៉ាញ ហ្វឺណាន់ដូ អាឡុនសូ ដែលជាម្ចាស់ជើងឯកចាស់កាលឆ្នាំទៅមិញបញ្ចប់ការប្រណំាំងក្នុងចំណាត់ថ្នាក់លេខ៥ តាមពីក្រោយកីឡាករអាល្លឺម៉ង់ Nico Rosberg ដែលបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៤ ។ បញ្ចប់ការប្រណាំងលើកនេះ Rosberg ប្រើពេលច្រើនជាង Hamilton ១.២៨៣វិនាទី ៕
ចែករំលែកព័តមាននេះ