រាជធានីភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ខាងលើ ម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១P-៥៩១២ បើកបរដោយឈ្មោះ ម៉ន អេងទី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលស្រឹង ឃុំភ្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករួមដំណើរម្នាក់ឈ្មោះ សំ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានរងរបួសស្រាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាជែងម៉ូតូនិងរថយន្តផ្សេងទៀតក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើបានបញ្ជាក់ប្រាប់ថា ទីតាំងផ្លូវខាងលើងងឹត ហើយនៅជិតការដ្ឋានសាងសង់ស្ពានអាកាសថ្មី ចំណែករបាំងថ្មពុះចែកផ្លូវខាងលើត្រូវខាងការរដ្ឋានរំកិលមកចំហៀងចិញ្ចើមផ្លូវ ដោយមិនមានដាក់ចំណាំងផ្លាត និងមិនមានដាក់អំពូលបំភ្លឺថាជាកន្លែងការដ្ឋានឡើយ ។
តាមប្រភពព័ត៌មានពីបុរសជាអ្នករួមដំណើរដែលរងរបួសស្រាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទើបត្រឡប់មកពីដើរលេងនៅកោះពេជ្រ លុះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ដោយសារក្មួយរបស់គាត់បើកលឿន មិនបានមើលរបាំងថ្មពុះចែកទ្រូងផ្លូវ ម្យ៉ាងទីតាំងផ្លូវខាងលើងងឹតផងនោះ ទើបបានជាបុករបាំងថ្មទ្រូងពុះចែកផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះម្នាក់ខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមនៅស្រុកកំណើត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅចរាចរណ៍ខណ្ឌ រង់ចាំក្រុមគ្រួសារយកឯកសារមកបញ្ជាក់ នឹងប្រគល់ជូនវិញ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ