ខេត្តព្រះវិហារ ៖ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបង្ហាញថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ មានការកើនឡើងជាងឆ្នាំមុន ។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះប្រមាណ៣៥ភាគរយ ខណៈអ្នករងរបួសធ្ងន់ស្រាលបានកើនឡើង២៥ភាគរយ។
លោកវរសេនីយ៍ឯក ស៊ីសុគន្ធរដ្ឋា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឲ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារនៅតែជាកត្តាចម្បងមួយដែលសមត្ថកិច្ច និងអាជ្ញាធរនៅគ្រប់មូលដ្ឋានយកចិត្តទុកដាក់ ក្នុងការអប់រំផ្សព្វផ្សាយនិងអនុវត្តវិធានការច្បាប់ ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ។
លោកបន្តថា កត្តាដែលបានធ្វើឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺដោយសារតែអ្នកបើកបរយានយន្តគ្រប់ប្រភេទបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាព ការបត់ឬជែងដោយខ្វះការប្រុងប្រយ័ត្នជាដើម ។
លោកបន្តទៀតថា ជាក់ស្ដែងគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារមានការកើនឡើងបន្តិច ប៉ុន្តែចំនួនអ្នកស្លាប់បានថយចុះប្រមាណ៣៥ភាគរយ រីឯអ្នករងរបួសធ្ងន់ស្រាលកើនឡើង២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ដូច្នេះហើយលោកបានព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើង ចំពោះជនណាដែលបើកបរយានជំនិះគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ ។
យោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារបានកើតឡើងចំនួន៦៣ករណី ក្នុងនោះកើនឡើង៣លើក ស្មើនឹង៥ភាគរយ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣២នាក់ (ក្នុងនោះស្រី៤នាក់) ថយចុះ១៧នាក់ ស្មើនឹង៣៥ភាគរយ ដោយឡែកអ្នករបួសធ្ងន់ស្រាលមានសរុបចំនួន១១៤នាក់ កើនឡើង២៣នាក់ស្មើនឹង២៥ភាគរយ ក្នុងនោះគ្រោះថ្នាក់ដែលមិនពាក់មួកសុវត្ថិភាពមានចំនួន១០១នាក់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ