នៅសម័យពុទ្ធកាលមានបុរសស្ត្រី៦រូបជាអ្នកបានបំពេញបុណ្យកុសលដោយចិត្តជ្រះថ្លាពិតៗ ហើយហុចផលឱ្យឃើញភ្លាមៗនឹងភ្នែកស្រស់ៗគឺៈ
១- នាងមល្លិកា បានថ្វាយនំសណ្ដែកមួយដុំ ដល់ព្រះមានព្រះភាគ ក៏បានផលភ្លាមៗឃើញជាក់ច្បាស់នឹងភ្នែក គឺបានជាអគ្គមហេសីរបស់ព្រះបាទកោសលក្នុងថ្ងៃថ្វាយទាននុះឯង ។
២- នាយសុមនមាលាការ បានផ្កាម្លិះ៨ក្ដាប់រោយរាយបូជាព្រះបរមលោកនាថ ក៏បានផលឃើញជាក់ច្បាស់ភ្លាមៗគឺបានសម្បត្តិយ៉ាងច្រើនដែលជារបស់ព្រះរាជាប្រទាន ។
៣- ឯកសាដកព្រាហ្មណ៍ មានសំពត់ដណ្ដប់មួយផ្ទាំង យកសំពត់ដណ្ដប់មួយផ្ទាំងនោះទៅបូជាដល់ព្រះសម្មាសម្ពុទ្ធ ព្រះរាជាក៏ទ្រង់ព្រះរាជទានរបស់ទ្រព្យទាំងឡាយទាំងពួងម្ដង ៨មុខៗក្នុងថ្ងៃថ្វាយទាននុះឯង ។ (ពីរនាក់ប្ដី ប្រពន្ធ មានសំពត់ដណ្ដប់តែមួយផ្ទាំង សំពត់ស្លៀកមួយផ្ទាំង បើនឹងថ្វាយបានក៏ជាវេលាយូរ រមែងត្រូវទូន្មានចិត្តកំណាញ់ រហូតកាត់ចិត្តបានក៏យូរដែរ) ។
៤- នាងបុណ្ណទាសី បានថ្វាយភត្តាហារដល់ព្រះសារីបុត្តត្ថេរ ក៏បានជាភរិយារបស់បុណ្ណកសេដ្ឋីក្នុងថ្ងៃថ្វាយភត្តាហារនុះឯង ។
៥- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏យកទ្រព្យ៨កហាបណៈនោះទៅទិញអាហារបិណ្ឌបាត ថ្វាយដល់ព្រះមហាកច្ចាយនត្ថេរ ក៏បានផលជាអគ្គមហេសីរបស់ព្រះបាទចណ្ឌប្បជ្ជោត ក្នុងថ្ងៃដែលថ្វាយអាហារបិណ្ឌបាតនោះ ។ តមកព្រះអគ្គមហេសីមានព្រះរាជឱរសមួយព្រះអង្គទ្រង់ព្រះនាមគោបាលកុមារ ព្រះរាជទានព្រះនាមនេះឲ្យដូចជាលោកមហាសេដ្ឋីដែលជាតា ។ តាំងអំពីនោះមកព្រះអគ្គមហេសីក៏មានព្រះនាមថ្មីថា ព្រះនាងគោបាលមាតា ។
៦- នាងសុប្បិយាឧបាសិកា បានកាត់យកសាច់ភ្លៅរបស់ខ្លួនឯងធ្វើជាអាហារថ្វាយដល់ភិក្ខុដែលមានអាពាធ ក៏បានផលជាអស្ចារ្យគឺនៅព្រឹកឡើងថ្ងៃទីពីរដំបៅដែលកាត់នោះក៏ជាសះភ្លាមអត់មានស្លាកស្នាមអ្វីសូម្បីបន្តិចឡើយ ។
បុគ្គលទាំង៦រូបនេះលុះអស់អាយុសង្ខារ បានទៅសោយសុខនៅឋានសួគ៌ទេវលោករហូតមកដល់បច្ចុប្បន្ននេះ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ