ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសដំណឹងលាចាកសិក្ខាបទហើយ ក្រោយសាងព្រះផ្នួសអស់រយៈកាល២៧ព្រះវស្សា ។
ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា បានមានសង្ឃដីកា នៅក្នុងវីដេអូឃ្លីបមួយ នាព្រឹកថ្ងៃទី១៩ មីនា នេះថា នៅថ្ងៃនេះ ខ្ញុំព្រះករុណាអាត្មាភាពបានថតវីដេអូនេះ គឺជាវីដេអូចុងក្រោយ នូវការតាំងនៅភេទជាបុព្វជិត ខ្ញុំព្រះកុរណា អាត្មាភាព នឹងលាចាកសិក្ខាបទនៅថ្ងៃនេះ គឺប្រមាណជាម៉ោង៨ទៅ៩ព្រឹកនេះ ។ ដូច្នេះដំណឹងនេះក៏ចាត់ទុកថាជាការប្រគេននឹងជូនដំណឹងដល់ព្រះសង្ឃគ្រប់ព្រះអង្គ ទាំងអស់ នៅក្នុងព្រះពុទ្ធសាសនមណ្ឌល និងជូនដំណឹងដល់ពុទ្ធបរិស័ទទាំងអស់ដែលជាញាតិមិត្តព្រះធម៌ ជាពុទ្ធបរិស័ទនៅក្នុងព្រះពុទ្ធសាសនាយើងនេះ ដែលធ្លាប់តែបានស្តាប់ និងគាំទ្រ ចំពោះខ្ញុំករុណា អាត្មាភាព ក៏ដូចជាធ្លាប់ស្គាល់ខ្ញុំករុណាអាត្មាភាពតាំងតែពីការសម្តែងព្រះធម៌ទេសនា ទាំងការដែលទំនុកបម្រុង ចិញ្ចឹមព្រះសង្ឃ នៅក្នុងវត្តប្រាសាទនាងខ្មៅ កន្លងមក ។

ពេលវេលាសម្រាប់សត្វលោក គឺមិនទៀង មិនទាត់ មិនថិតថេរ មិនជាក់លាក់ មិនប្រាកដ ។ ដូច្នេះ ជីវិតជាបុព្វជិតរបស់ខ្ញុំករុណាអាត្មាភាពក៏មានកាលវេលា មិនទៀង មិនថិតថេរ មិនប្រាកដដូចគ្នា ។ ហើយបួស ប្រាកដជាមានសឹក ខ្ញុំករុណាអាត្មាភាពបានសាងផ្នួស តាំងពីអាយុ១៣ឆ្នាំ ចូលក្នុងព្រះពុទ្ធសាសនា បច្ចុប្បន្ននេះមានព្រះជន្ម៤០ឆ្នាំគត់ហើយ ។ ជីវិតព្រះផ្នួសមានរយៈពេល២៧ចូល២៨ព្រះវស្សានេះ ខ្ញុំព្រះករុណាអាត្មាភាព ពិតជាអរព្រះគុណដ៏ក្រៃលែងចំពោះព្រះរតនត្រ័យទាំងឡាយ៣ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។

ជាពិសេសគឺព្រះពុទ្ធសាសនា ដែលជាសាសនាមានគុណមហាធំធេង សម្រាប់ខ្ញុំព្រះករុណា អាត្មាភាពបាន ចូលមកជ្រកកោណ រស់រានមានជីវិត មានឱកាសបានរៀនសូត្រសិក្សា មានឱកាសបានឧបត្ថម្ភទំនុកបម្រុងផ្ចុងផ្តើមចំពោះព្រះសង្ឃ នៅក្នុងព្រះសាសនមណ្ឌល ជាពិសេសគឺនៅក្នុងវត្តប្រាសាទនាងខ្មៅនេះ អស់រយៈពេល១៣ឆ្នាំ កន្លងទៅនេះ ។ ហើយអ្វីដែលខ្ញុំព្រះករុណា អាត្មាភាព បានកំណត់ពេលវេលា ដើម្បីលាចាកសិក្ខាបទ គឺមិនមែនជាការតក់ក្រហល់ពេកទេ ហើយក៏មិនមែនជាការប្រញាប់ពេកដែរ ក៏ប៉ុន្តែខ្ញុំករុណាអាត្មាភាពព្យាយាមិនប្រគេន និងជូនដំណឹងជាមុន ព្រោះដឹងថាញោមញាតិទាំងអស់គាំទ្រស្រឡាញ់ ចូលចិត្ត ហើយនឹងជ្រះថ្លាជាច្រើន ទាំងក្នុង និងក្រៅប្រទេស ដូច្នេះនៅពេលលាចាកសិក្ខាបទនឹងជូនដំណឹងតែម្តង ។

នៅពេលដែលញោមបានទស្សនា បានឃើញវីដេអូនេះ មានន័យថា ខ្ញុំករុណា អាត្មាភាពនឹងទៅជាគ្រហស្ថនៅពេលដ៏ខ្លីខាងមុខនេះ ហើយក៏សុំអធ្យាស្រ័យ អភ័យអត់ទោស ចំពោះសម្តេចជាអម្ចាស់គ្រប់ព្រះអង្គ ព្រះករុណាជាម្ចាស់ គ្រប់ព្រះអង្គទាំងអស់ និងពុទ្ធបរិស័ទាំងក្នុងនិងក្រៅប្រទេស ក្រែងលោខ្ញុំព្រះកុរណា អត្មាភាព មានកាយវិការណាមួយ ពាក្យសម្តីណាមួយ ក្នុងការពោលសម្តែងព្រះធម៌ ក៏ដូចជាការបង្ហាត់បង្ហាញផ្សេងៗមានការឆ្គាំឆ្គង មិនផ្គាប់ព្រះទ័យសម្តេចជាអម្ចាស់គ្រប់ព្រះអង្គ និងព្រះករុណាជាអម្ចាស់គ្រប់ព្រះអង្គ មិនផ្គាប់ដោយទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ខ្ញុំព្រះករុណាអាត្មាភាព សុំអធ្រាស្រ័យ អភ័យទោស ដោយក្តីអនុគ្រោះ ដោយមិនមានចេតនាណាដើម្បីធ្វើឱ្យមានការប៉ះពាល់ការស្តាប់របស់ញាតិញោមនូវពាក្យសម្តីមិនល្អនូវការពោលសម្តែងធម៌នោះទេ ។
ហើយអ្វីដែលខ្ញុំករុណាអាត្មាភាពបាន សម្រេចចិត្តនេះ គឹជាការសម្រេចចិត្តមួយ ចំពោះខ្លួនខ្ញុំករុណាអាត្មាភាព ផ្ទាល់តែម្តង គឺអស់បុណ្យជាព្រះសង្ឃតែម្តង គឺសម្រេចិត្តចាកចេញទៅជាឧបាសកមួយរូបនៅក្នុងព្រះពុទ្ធសាសនា ។ ម្យ៉ាងទៀត ក៏សុំអរព្រះគុណនិងអរគុណដល់ពុទ្ធបរិស័ទទាំងអស់ដែលស្រឡាញ់គាំទ្រ ចូលចិត្ត ហើយបានទំនុកបម្រុង ចិញ្ចឹមព្រះសង្ឃ នៅក្នុងវត្តប្រាសាទនាងខ្មៅនេះ អស់រយៈកាល១៣ឆ្នាំ នេះ គឺពិតជាមានគុណមហាធំធេង ពិតមែន ដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះទឹកព្រះទ័យ ទឹកចិត្ត របស់សម្តេចក៏ដូចជាព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភ ទំនុកបម្រុងទាំងព្រះសង្ឃ ការបណ្តុះបណ្តាលធនធាននៅក្នុងទីនេះ ទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងថាវរៈវត្ថុសំណង់នៅក្នុងទីអារាមវត្ត ទាំងការកសាងនូវសាលារៀន ដើម្បីជូនដល់រដ្ឋ ជាមួយខ្ញុំករុណាអាត្មាភាពកន្លងមក ។
ក្រោយព្រះអង្គបង្ហោះវីដេអូនេះ គេសង្កេតឃើញពុទ្ធបរិស័ទ្ធជាច្រើនសម្តែងការសោកស្តាយ និងជូនពរព្រះអង្គផងដែរ៕





ចែករំលែកព័តមាននេះ