រាជធានីភ្នំពេញ៖ ក្នុងសិល្បៈខ្មែរ នាងការៃក្កាល្មមៃយ៌ា គេស្គាល់តាមរយៈរូបចម្លាក់នៅលើផ្តែរ និងហោជាងតាមប្រាសាទមួយចំនួនក្នុង តំបន់អង្គរចាប់ពីសតវត្សទី១០ គឺមានឆ្លាក់រូបនាងភ្ជាប់ជាមួយចម្លាក់ព្រះឥសូររាំ ក្នុងរូបភាពស្គមស្គាំង ដើមទ្រូងយារធ្លាក់ អង្គុយសម្លឹងមើលព្រះឥសូររាំ ។
បើតាមឯកសារសារមន្ទីរជាតិ តាមដំណើររឿងព្រេងរបស់ពួកទមិឡបានរៀបរាប់អំពីនាងការៃក្កាល្មមៃយ៌ាថា នាងជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតរស់នៅក្នុងទីក្រុង Karaikkal ជាទីក្រុងកំពង់ផែក្នុងរដ្ឋទមិឡ(Tamil) ភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
នាងការៃក្កាល្មមៃយ៌ា មានជំនឿគោរពទៅលើព្រះឥសូរយ៉ាងខ្លាំង តែងតែបន់ស្រន់ដល់ព្រះឥសូរជានិច្ចដែលហេតុធ្វើឲ្យនាងមិនមានពេលវេលាអាចបំពេញភារកិច្ចជាភរិយាចំពោះស្វាមីនោះទេ រួចស្វាមីរបស់នាងបានចាកចេញពីនាងទៅរកស្រីថ្មីបាត់ ។ នាងមិនចង់ប្រើប្រាស់ពេលវេលាទៅលើបុរសឯណាទៀត ដ្បិតនាងចង់យកពេលទំនេរទៅគោរពបូជាស្មោះស្ម័គ្រចំពោះព្រះឥសូរតែម្នាក់គត់ ។
ដូច្នេះហើយទើបនាងបានសុំពរពីព្រះឥសូរជួយបំផ្លាញសម្រស់ឲ្យក្លាយទៅជាមនុស្សចាស់ ស្បែកដណ្តប់ឆ្អឹង ព្រមទាំងអាចឲ្យនាងបាននៅចុងជើង និងច្រៀងសរសើរទ្រង់គ្រប់ពេលដែលទ្រង់រាំផង ។
ជាក់ស្តែងនៅសារមន្ទីរជាតិកម្ពុជា មានសមុច្ច័យលេខបញ្ជីសារពើភណ្ឌ ក.1763 ជាបំណែកចម្លាក់ក្បាច់ ដែលឆ្លាក់បង្ហាញរូបនាងការៃក្កាល្មមៃយ៌ាអង្គុយបញ្ឃរជង្គង់ខាងឆ្វេង ច្រត់ដៃស្តាំ និងដៃឆ្វេងកាន់វត្ថុម្យ៉ាងក្នុងរូបរាងស្គមស្គាំង សុដន់យារធ្លាក់ កាយវិការហាក់កំពុងសម្លឹងមើលទៅម្ខាងទៀតប្រហែលជារូបព្រះឥសូររាំនៅលើបំណែកចម្លាក់ ដែលបានបាត់ទៅនោះ ។
បំណែកចម្លាក់នាងការៃក្កាល្មមៃយ៌ាធ្វើពីថ្មភក់នេះ ស្ថិតក្នុងរចនាបថបាយ័ន ចុងស.វ.ទី១១ ដើមស.វ.ទី១២ នាសម័យអង្គរ ។ បច្ចុប្បន្នសមុច្ច័យ នេះកំពុងដាក់តាំងបង្ហាញនៅរបៀងខាងជើងជាប់សាលតាំងសម័យក្រោយអង្គរ ក្នុងបរិវេណសារមន្ទីរជាតិកម្ពុជា ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ