មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំជូត រោង មមែ និងកុរ នឹងជួបរឿងទាំងនេះនាពេលខាងមុខ ។ តម្រានេះ ដកស្រង់ចេញពីសៀវភៅតម្រាព្យាករណ៍ជោគរាសីរៀបរៀងដោយ ឯកឧត្តម អ៊ុម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ។
ទំនាយជោគជតារាសីប្រចាំឆ្នាំម្សាញ់នេះ បានបង្ហាញថា លោកអ្នកកើតឆ្នាំជូត បើជាមនុស្សប្រុសទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ។ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយ ឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខត្រូវរងនូវអំពើសង្កត់សង្កិន គួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចោញ ឈ្មោះបោះសំឡេងជាភ្លុកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យនឹងបានស្តុកស្តម្ភ ។
បើជាមនុស្សស្រីវិញទំនាយថា៖ ឆ្នាំជូតនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលមែនពិត ប៉ុន្តែថា អ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុតនៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។
លោកអ្នកកើតឆ្នាំរោង បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ ដោយអ្នកគង់បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរីផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាង លក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឱ្យសោះហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។
បើជាមនុស្សស្រី ដែលកើតក្នុងឆ្នាំរោងទាយថា៖
ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេងជាភ្លុកកំប្លែងលេងជាមួយគេញយៗ ពេក ចូរខំបំពេញខ្លួនឱ្យគេ ឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះហើយ ពេលក្រោយមានគេជួយឱ្យបានទ្រព្យសម្បត្តិនឹងបានស្តុកស្តម្ភ ។
លោកអ្នកកើតឆ្នាំមមែ បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះ គឺជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផង ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរ ឬជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀតខ្លះៗតំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្លៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ ឱ្យអ្នកមានសេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តីនឹងកើតក្ដីរង្កៀស ឫស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះចូរអ្នកកុំភ្លេចស្មារតីឱ្យសោះយ៉ាងហោចណាស់ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្ដីជាទី ស្រឡាញ់ ឬមិត្តញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផងតាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសុខសាន្ត បើទុកជាមានឧបស័គ្គក្នុងការងារខ្លះក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មី តែមិនជាការសំខាន់ទេ ៕ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ