រាជធានីភ្នំពេញ ៖ រោងស្នាក់នៅក្នុងទីតាំងតារាងបាល់ទះមួយកន្លែង ត្រូវបានភ្លើងឆាបឆេះសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតទាំងស្រុង ក្នុងខណៈដែលម្ចាស់មិននៅ ជាប់រវល់ទៅទិញផ្លែឈើសែនថ្ងៃសីល។ ពេលនោះជាជំហានដំបូងម្ចាស់រោងខាងលើបានអះអាងថា ផ្ទុះកំប៉ុងហ្គាសតូចមួយ នៅក្នុងចង្ក្រានហ្គាស ប៉ុន្តែក្រោយមកបានសង្ស័យថា ឆ្លងចរន្តអគ្គិសនីទៅវិញ ព្រោះឃើញកំប៉ុងហ្គាសនៅល្អ ហើយអត់មានហ្គាសទៀត ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រោងស្នាក់នៅខាងលើនោះ សាងសង់ពីឈើលាយដែក និងប្រក់ស័ង្កសី ទំហំ៣ម៉ែត្រ គុណនឹង៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ប៉ាន់ឌី ដាវុធ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់ក្នុងទីតាំងខាងលើ។ រោងនោះ រួមទាំងសម្ភារៈប្រើប្រាស់ទាំងអស់នៅក្នុងនោះ និងប្រាក់ចំនួនជាង២លានរៀលផង ត្រូវបានភ្លើងលេបត្របាក់អស់ទាំងស្រុងតែម្ដង ប៉ុន្តែមិនបានបណ្ដាលឲ្យរាលដាលដលកន្លែងផ្សេងឬគ្រោះថ្នាក់មនុស្សឡើយ ។
នគរបាលបាននិយាយថា នៅវេលាម៉ោងខាងលើគាត់បានជិះម៉ូតូចេញពីរោងទៅរកទិញផ្លែឈើ នៅមុខរោងចក្រជិតនោះដែរ ហើយគ្រាន់តែជិះទៅដល់ទីតាំងលក់ផ្លែឈើ ស្រាប់តែឮស្នូរផ្ទុះដូចគេបាញ់កាំភ្លើងចេញពីទីតាំងរបស់គាត់។ បន្ទាប់មក ស្រាប់តែមានភ្លើងឆេះរោងស្នាក់នៅរបស់គាត់សន្ធោសន្ធៅ ហើយភ្លាមៗនោះម្ចាស់រោងខាងលើបានអះអាងជាស្នូរផ្ទុះកំប៉ុងហ្គាសតូចនៅក្នុងចង្ក្រានហ្គាស។ ប៉ុន្តែក្រោយមក គាត់ក៏បានប្រាប់វិញថា កំប៉ុងហ្គាសនៅល្អ ហើយអត់មានហ្គាស់ទេ វាមិនបានផ្ទុះឡើយ ដូច្នេះការឆាបឆេះនោះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទៅវិញ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានចេញទៅអន្តរាគមន៍ភ្លាមៗ ហើយរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ២គ្រឿង បានចេញរថយន្តពន្លត់ ហើយប្រើប្រាស់ទឹកអស់១រថយន្ត ក៏រលត់ទៅវិញទាំងស្រុង ៕

















ចែករំលែកព័តមាននេះ