ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចាប់អារម្មណ៍​លើអត្ថបទអ្នកវិភាគ​ថៃ ​ថា​សង្គម​ថៃ​ជា​សង្គម​ដែល​រស់នៅ​ក្នុង​ការ​ស្រមើស្រមៃ និង​មិនសូវ​អាន​សៀវភៅ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី ​បាន​ចាប់អារម្មណ៍ចំពោះ​អ្នកវិភាគ​ថៃ​ ការ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា​រឿង​ព្រំដែន​ថា​ សង្គម​ថៃ​ជា​សង្គម ​ដែល​រស់នៅ​ក្នុង​ការ​ស្រមើស្រមៃ និង​មិនសូវ​អាន​សៀវភៅ​ ។

សម្តេច​តេ​ជោ​ បាន​សរសេរលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៦ ​យ៉ាង​ដូច្នេះ​ថា​ ៖ “​ខ្ញុំ​មានការ​ចាប់​អារ​ម្មណ៍​ទៅ​លើ​អត្ថបទ​របស់លោក​សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញ​ផ្នែក​កិច្ចការ​អាស៊ាន និង​ការ​សិក្សា​បញ្ហា​វិវាទ​ព្រំដែន​ថៃ​-​កម្ពុជា ដែល​មាន​ចំណងជើង​ថា «​ការ​វិភាគ​លើ​សំណើ​ ៖ ថៃ​គ្រប់គ្រង​ហ្គេ​ម UNCLOS» ហើយ​នៅ​ក្នុង​ការ​សំ​ណេ​រវិ​ភាគ​របស់​លោក​សាស្ត្រាចារ្យ បាន​និយាយ​ដោយ​ត្រង់​ៗ​ថា សង្គម​ថៃ ​ជា​សង្គម​ដែល​រស់នៅ​ក្នុង​ការ​ស្រមើស្រមៃ និង​មិនសូវ​អាន​សៀវភៅ​ ។

សម្តេច​បន្ត​ថា​ ​ខ្ញុំ​សូម​ចូលរួម​ចែករំលែក ​នូវ​អត្ថបទ​នេះ​ដោយ​បកប្រែ​ក្រៅផ្លូវការ ដើម្បី​ជូន​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា​ និង​ថៃ បាន​ជ្រាប​បន្ថែម​។ ខ្ញុំ​សូម​មិន​មានការ​ធ្វើ​អត្ថាធិប្បាយបន្ថែម​អ្វី​ទេ ​ទៅ​លើ​អត្ថបទ​របស់​លោក សូម​ទុក​ឱ្យ​ប្រជាជន​ទាំង​ពីរ​ពិចារណា​លើ​អ្វី ​ដែល​លោក Akaraphong Khamkhun បាន​សរសេរ​រៀបរាប់ ​។

ខាងក្រោម​ខ្លឹមសារ​អត្ថបទ​ទាំងស្រុង​ ៖
«​ការ​វិភាគ​លើ​សំណើ​៖ ថៃ​គ្រប់គ្រង​ហ្គេ​ម UNCLOS» បង្ហោះ​ផ្សាយ​លើ​គណនី Facebook : Akkharaphong Khamkhun: ថ្ងៃ​ទី​07/06/2026​។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ថៃ បាន​ធ្វើការ​វិភាគ​លើ​ករណី​ដែល​កម្ពុជា​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ភាគី​ថៃ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​ចាប់ផ្តើម ដំណើរការ​ផ្សះផ្សា​ដោយ​បង្ខំ (Compulsory Con ciliation) អនុលោម​តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​ឆ្នាំ​១៩៨២ ឬ UNCLOS​។ ក្នុង​នោះ​ក៏​មានការ​តែងតាំង​អ្នកជំនាញ​ច្បាប់​ចំនួន ២​រូប​ជា​តំណាង និង​ទុក​ពេល​ឱ្យ​ភាគី​ថៃ​ស្នើ​ឈ្មោះ​តំណាង​២​រូប ក្នុង​រយៈ​ពេ ល​៣​ស​ប្ដា​ហ៍ ដើម្បី​ជ្រើសរើស​ប្រធាន​មក​បំពេញ​តួនាទី​ផ្សះផ្សា​។

សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញ​ផ្នែក​កិច្ចការ​អាស៊ាន និង​ការ​សិក្សា​បញ្ហា​វិវាទ​ព្រំដែន​ថៃ​-​កម្ពុជា បាន​ធ្វើការ​វិភាគ​ដោយ​ត្រង់​ៗ​ថា សង្គម​ថៃ​ជា​សង្គម​ដែល​រស់នៅ​ក្នុង​ការ​ស្រមើស្រមៃ និង​មិនសូវ​អាន​សៀវភៅ​។

ខ្ញុំ​បាន​និយាយ​ពី​រឿង​នេះ​រាប់​មិន​អស់​ឡើយ​។ កម្ពុជា​គេ​ធ្វើ​ទៅ​តាម​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ប៉ុន្តែ​យើង​ជា​សង្គម​ដែល​សូ​ម្បី​តែ​ចំណេះដឹង​មូលដ្ឋាន​អំពី ច្បាប់​សមុទ្រ​ក៏​មិន​ទាន់​យល់​ដឹងផង​។

បន្ទាប់​មក​ពួក​គេ​ត្អូញត្អែរ​ថា កម្ពុជា​ដើរ​ហ្គេ​ម​លឿន​ជាង ធ្វើ​ឱ្យ​ថៃ​ត្រៀមខ្លួន​មិន​ទាន់​។ ការ​ដែល​ត្រៀមខ្លួន​មិន​ទាន់​នោះ គឺ​ដោយសារ​តែ​គ្មាន​សតិ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ហើយ​ក្នុង​ករណី​ថៃ​-​កម្ពុជា យើង​ដោះស្រាយ​បញ្ហា​ខុស​ចំណុច​មករ​ហូត​។ បញ្ហា​កំពុង​កើតឡើង​នៅ​ព្រំដែន​គោក ប៉ុន្តែ​បែរជា​ទៅ​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​ព្រំ​ដែនទឹក តើ​វា​មាន​ន័យ​ថា​ម៉េច​ ? វា​មាន​ន័យ​ថា​យើង​មិន​ទាន់​យល់​ដឹង​អំពី​ស្តង់ដារ​នយោបាយ​អន្តរជាតិ​ទាល់តែ​សោះ​។

យើង​ជា​សង្គម​ដែល​គិត​ស្រមៃ​តែ​ម្នាក់ឯង ព្រោះ​គិត​ថា កម្ពុជា​នឹង​ដើរ​តាម​យើង​ដោយ​អាង​លើ​មោទនភាព​ថា ខ្លួន​ជា​ប្រទេស​ដែល​ធំ​ជាង មាន​អំណាច​ចរចា​ច្រើន​ជាង ចង់​ធ្វើ​អ្វី​ក៏​បាន ដែល​ខ្ញុំ​គិត​ថា​នេះ​ជា​មេរៀន​ដែល​សង្គម​ថៃ​ត្រូវ​តែ​រៀនសូត្រ​។ មនុស្ស​ជា​ច្រើន​និយាយ​ថា តើ​យើង​ដើរ​មិន​ទាន់​ហ្គេ​ម​របស់​កម្ពុជា​មែន​ទេ​ ? វា​មិនមែន​យើង​ដើរ​មិន​ទាន់​ហ្គេ​ម​នោះ​ទេ ប៉ុន្តែ​យើង​ខ្លួនឯង​នៅ​មិន​ទាន់​ដឹងខ្លួន​ផង​ថា តើ​យើង​កំពុង​ធ្វើ​អ្វី ?

បញ្ហា​ព្រំដែន​គោក ដែល​បាន​កើតឡើង​កាលពី​ខែឧសភា ឆ្នាំ​២០២៥ វា​ត្រឹមតែ​ជា​បញ្ហា​ដែល​កើតឡើង​នៅ​តំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែ​សង្គម​ថៃ​បែរជា​និយាយ​រាលដាល​ទៅ​ឆ្ងាយ​ជា​បន្តបន្ទាប់ ដោយ​មិន​បាន​ផ្ដោត​លើ​ចំណុច​ជាក់លាក់​ឡើយ​។ ខ្ញុំ​សូម​និយាយ​ត្រង់នេះ​តែ​ម្ដង​ថា អ្នក​ដែល​ស្រែ​កថា ស្នេហា​ជាតិ​ប៉ុន្តែ​គ្មាន​ខួរក្បាល គឺជា​អ្នក​ដែល​បំផ្លាញ​ជាតិ​ពិតប្រាកដ​។

អ្នក​បាន​យក​ភាព​អគតិ​ផ្ទាល់ខ្លួន និង​ការ​ស្អប់ខ្ពើម​មក​ធ្វើ​ជា​មូលដ្ឋាន ហើយ​នៅ​ពេល​ដែល​ធ្វើ​អ្វី​មិន​បាន​ក៏​ងាក​មក​ប្រើប្រាស់​ហ្គេ​ម​បំផ្លាញ​ជនជាតិ​ថៃ​ដូច​គ្នា ដោយ​ទាញ​យក​ការ​ស្អប់ខ្ពើម​រវាង​ប្រទេស​មក​ធ្វើ​ជា​ឧបករណ៍​។ ខ្ញុំ​គិត​ថា​នេះ​ជា​អ្វី​ដែល​សង្គម​ថៃ​ត្រូវ​តែ​ងាក​មក​ពិនិត្យ​មើល​ខ្លួនឯង​ឡើង​វិញ ជា​ពិសេស​រឿង​ច្បាប់ ដែល​យើង​មិន​បាន​គោរព​តាម​បទដ្ឋាន​គតិ​យុ​ត្ត​ទាល់តែ​សោះ​។

ស្ថានការណ៍​លើក​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា​សង្គម​ថៃ​ជា​សង្គម​ដែល​ខ្វះ​ការ​យល់​ដឹង ញែក​មិន​ដាច់​សូ​ម្បី​តែ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​១៩៩៥ ជាមួយនឹង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​ថៃ និង​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​អង្កេត និង​ការ​បោះបង្គោល​ព្រំដែន​គោក ឆ្នាំ​2000 (MOU 43) ព្រមទាំង​យន្តការ​កម្រិត​ទ្វេភាគី​ដ៏​សំខាន់​របស់​ភាគី​យោធា​ចំនួន ២​ទៀត រួម​មាន គណៈកម្មាធិការ​ព្រំដែន​ទូទៅ (General Border Committee – GBC) និង​គណៈកម្មាធិការ​ព្រំដែន​ភូមិភាគ (Regional Border Committee – RBC)​។

ហេតុ​ដូច្នេះ សម្រាប់​ស្ថានការណ៍​នេះ យើង​កុំ​ស្លន់ស្លោ​អី​។ ថៃ​បាន​ប្រកាស​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពី​តំបន់​ដែល​ថៃ​និង​កម្ពុជា​ទាមទារ​សិទ្ធិ​ត្រួត​គ្នា​នៅ​លើ​បាតសមុទ្រ ឆ្នាំ​២០០១ (MOU 44) ដែល​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា វា​បាន​បង្ហាញ​ថា ភាគី​កម្ពុជា​បាន​ត្រៀមលក្ខណៈ​ទុកជា​មុន​រួចរាល់​ហើយ និង​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ​។

នៅ​ពេល​ថៃ ​ប្រកាស​លុប​ចោល MOU 44 អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ (Article) តាម​មាត្រា 83(3) នៅ​ក្នុង​អនុសញ្ញា UNCLOS មិន​មាន​លក្ខណៈ​បច្ចេកទេស​ដ៏​ស្មុគស្មាញ​ដែល​ថៃ​មិន​បានដឹង​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ទាមទារ​ឱ្យ​យើង​ទៅ​អាន​ច្បាប់​ប៉ុណ្ណោះ​។

កម្ពុជា​គេ​គ្រាន់តែ​ធ្វើ​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​សមុទ្រ​នៃ​អនុសញ្ញា UNCLOS មិន​មាន​អ្វី​ប្លែក​ឡើយ​។ ហើយ​ការ​ដែល​កម្ពុជា​កំណត់ពេល​ឱ្យ​ក្នុង​រង្វង់ ៣​ស​ប្ដា​ហ៍ វា​ក៏​មិនមែន​ជា​អំណាច​ផ្ដាច់​ការ​របស់​កម្ពុជា​ដែរ គឺ​កម្ពុជា​គ្រាន់តែ​និយាយ​តាម​អ្វី​ដែល​បាន​ចែង​ក្នុង​ច្បាប់ យោង​តាម​ខ​ទី​៣ នៃ​ឧ​ប​សម្ព័ន្ធ​ទី​៥ ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ផ្សះផ្សា​ប៉ុណ្ណោះ​។

ផ្ទុយ​ទៅ​វិញ សង្គម​ថៃ​មិន​ព្រម​ដោះស្រាយ​បញ្ហា មិនមែន​ចង់​យកឈ្នះ​លើ​បញ្ហា​ទេ ប៉ុន្តែ​គឺ​ចង់​យកឈ្នះ​លើ​ប្រទេស​កម្ពុជា​។ ប្រសិនបើ​ចង់​យកឈ្នះ​លើ​បញ្ហា ថៃ​មិន​ធ្វើ​បែប​នេះ​ឡើយ​។ នេះ​គឺជា​សញ្ញា​បង្ហាញ​ពី​ភាព​ខ្វះ​ប្រាជ្ញា​របស់​អ្នកដឹកនាំ​។ ប្រជាជន​ថៃ​នៅ​តែ​ញែក​មិន​ដាច់ រវាង​ការ​គ្រប់គ្រង​ចាត់ចែង​តំបន់​ព្រំដែន ដែល​មាន​យោធា​ការពារ ជាមួយនឹង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន (Military conflict)​។

រាល់​ការ​ទាស់ទែង ឬ​ការ​ប៉ះទង្គិច​ខាង​យោធា គឺ​ត្រូវ​ទុក​ឱ្យ​ភាគី​យោធា​ជា​អ្នកចាត់ការ ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​មិន​ព្រម​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា ហើយ​ព្យាយាម​រក្សា​ទំនាស់​នោះ​ទុក ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​ខាង​នយោបាយ​។

ពួក​គេ​គិត​ថា ការ​រក្សា​បញ្ហា​ខ្សែបន្ទាត់​ព្រំដែន​ឱ្យ​នៅ​មាន​ភាព​ចម្រូងចម្រាស គឺ​អាចយ​កមក​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​ពង្រឹង​អំណាច ហើយ​ខ្ញុំ​គិត​ថា​នឹង​ត្រូវ​មានការ​បាញ់បោះ​ដាក់​គ្នា​ម្តងទៀត​ជាក់​ជា​មិន​ខាន​។ នេះ​គឺជា​លទ្ធផល​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​របស់​រដ្ឋាភិបាល​។ កុំ​ភ្លេច​ថា សង្គ្រាម​គឺជា​និមិត្តរូប នៃ​ភាព​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​វិវាទ​របស់​អ្នកមាន​អំណាច​នៅ​ក្នុង​រដ្ឋ​នោះ ហើយ​វា​កើត​ចេញពី​ភាព​ខ្ជីខ្ជា និង​ការ​មាក់ងាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។

ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​កម្ពុជា​និយាយ​ថា ថៃ​លុប​ចោល MOU 44 ជា​ឯកតោភាគី តើ​ឥរិយាបថ​របស់​កម្ពុជា​ឆ្លុះ​បញ្ចាំង​ពី​អ្វី ? តើ​វា​នឹង​ធ្វើ​ឱ្យ​ថៃ​ខាតបង់​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ​ ឬទេ ? ជា​ការ​ពិត​ណាស់​គឺ​វា​ជា​ការ​ខាតបង់​រួច​ទៅ​ហើយ​។

គ្រាន់តែ​ថៃ​ប្រកាស​លុប​ចោល MOU ឬ​លុប​ចោល​សន្ធិសញ្ញា​ដោយ​ឯកតោភាគី ជា​ពិសេស​សន្ធិសញ្ញា​អន្តរជាតិ​ដែល​គ្មាន​ខចែង​អនុញ្ញាត​ឱ្យ​លុប​ចោល​ផង​នោះ ប៉ុន្តែ​ថៃ​បែរជា​ទៅ​លុប​ចោល​តាម​ចិត្ត ដោយសារ​តែ​ហេតុផល​នយោបាយ​ផ្ទៃក្នុង មិនមែន​លុប​ចោល​ដោយសារ​ហេតុផល​អង្គហេតុ​ពិតប្រាកដ ឬ​ខសន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ទេ​។

ហេតុ​ដូច្នេះ កម្ពុជា​នឹង​យក​ចំណុចខ្សោយ​នេះ​ទៅ​ប្រើប្រាស់​ធ្វើ​អ្វី​ក៏​បាន​។ នៅ​ពេល​ដែល​យើង​មិន​ព្រម​ទទួលស្គាល់​ច្បាប់​និង​បទដ្ឋាន​គតិ​យុ​ត្ត​អន្តរជាតិ ភាគី​ម្ខាង​ទៀត​គេ​ក៏​ត្រូវ​ដើរ​ហ្គេ​ម​តបត​វិញ​ដែរ​។ អ្វី​ដែល​កម្ពុជា​ធ្វើ​មិន​បាន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក គឺ​ដោយសារ​តែ​មាន MOU 44 រារាំង ប៉ុន្តែ​នៅ​ពេល​ដែល​ថៃ​លុប​ចោល កម្ពុជា​ក៏​អាច​ចាប់ផ្ដើម​ហ្គេ​ម​បន្ត​បាន​ភ្លាម​ៗ​។

បញ្ហា​សព្វ​ថ្ងៃនេះ កើត​ចេញពី​ទាហាន​ដែល​នៅ​តាម​ព្រំដែន​មិន​ចុះសម្រុង​នឹង​គ្នា​។ បញ្ហា​លើក​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​បរាជ័យ​ក្នុង​ការ​ចាត់ចែង​បញ្ហា​របស់​ភាគី​ថៃ ដែល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ឱ្យ​ចំ​គោលដៅ មិនមែន​បង្កើត​តែ​ការ​ស្អប់ខ្ពើម​នោះ​ទេ​។

ពេល​នេះ សង្គម​ថៃ​កំពុង​គ្រប់គ្រង​ចាត់ចែង​ដោយ​ខុសឆ្គង មិន​ឈរ​លើ​គោលការណ៍​វិទ្យាសាស្ត្រ បែរជា​យក​នយោបាយ​ទឹក​កខ្វក់​មក​លាយឡំ និង​លេងសើច​ជាមួយ​អារម្មណ៍​ប្រជាជន ដើម្បី​រក្សា​មុខ​តំណែង​នយោបាយ​របស់​ខ្លួនឯង និង​ក្នុង​គោលបំណង​ចង់​យកឈ្នះ​ភាគី​ម្ខាង​ទៀត ដោយ​មិនមែន​ចង់​យកឈ្នះ​លើ​បញ្ហា​នោះ​ទេ​។

ប្រសិនបើ​ចង់ឱ្យ​វិវាទ​រវាង​ថៃ​-​កម្ពុជា​បញ្ចប់​ទៅ គឺ​ត្រូវ​តែ​ដើរ​តាម​ហ្គេ​ម លេង​ទៅ​តាម​ច្បាប់ ហើយ​ស្នើ​ឡើង​តែ​ម្តង​ថា តើ​នឹង​ជ្រើសរើស​នរណា​ធ្វើ​ជា​ប្រធាន ដើម្បី​ឱ្យមក​អង្គុយ​ជជែក​គ្នា​ឱ្យ​មាន​របៀបរៀបរយ​។ កម្ពុជា​ក៏​មិន​ត្រូវ​ប្រើ​ល្បិច​កល​ដែរ គឺ​ត្រូវ​យក​ស្តង់ដា​របស់ UNCLOS មក​អនុវត្ត ដែល​កំណត់​ថា​តំបន់​សមុទ្រ​ត្រូវ​តែ​ដោះស្រាយ​ទៅ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​។

បញ្ហា​ដែល​កើតឡើង​ទាំងអស់ គឺ​ដោយសារ​តែ​ដោះស្រាយ​មិន​ចំ​ចំណុច ទាហាន​ឈ្លោះ​គ្នា ប៉ុន្តែ​បែរជា​ឱ្យ​អ្នកការទូត​ជជែក​គ្នា វា​ក៏​គ្មាន​ថ្ងៃ​បញ្ចប់​ដែរ​។ វា​ត្រូវ​តែ​អនុវត្ត​តាម​ស្តង់ដា​ច្បាប់​ដែល​ល្អ​បំផុត និង​មាន​លក្ខណៈ​ជា​អន្តរជាតិ​ ៕