ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​សម្រុក​វា.យ​ប្រ.ហារ​ទី​តាំង​ស្តុក​ទុក​ប្រេង​របស់​រុស្ស៊ី​ជា​ច្រើន​កន្លែង​បង្ក​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ

9 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ថ្ងៃ​នេះ យោធា​អ៊ុយ​ក្រែន​វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​ប្រេង​របស់​រុស្ស៊ី​នៅ​លើ​ទឹក​ដី​រុស្ស៊ី និង​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​រុស្ស៊ី​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​ដូច​ៗ​​គ្នា​ពី​ខាង​អាជ្ញា​ធរ​រុស្ស៊ី​ និង​អ៊ុយ​ក្រែន ហើយ​វា​ក៏​​​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​វាយ​ប្រហារ​ទៅ​លើ​រុស្ស៊ី​ដើម្បី​ឱ្យ​រុស្ស៊ី​ខាត​បង់​ផ្នែក​សេដ្ឋ​កិច្ច​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​យោធា​របស់​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​៣១០​គ្រឿង​កាល​ពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​​​នេះ​។

ក្នុង​នោះ​ដ្រូន​ខ្លះ​ហោះ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​ម៉ូស្គូ​ តំបន់​ខាង​លិច​ និង​និរតី​ តំបន់​គ្រី​មៀ សមុទ្រ​ខ្មៅ និង​សមុទ្រ​អាហ្សូស (Azov)។ រុស្ស៊ី​ក៏​បាន​វាយ​​ប្រហារ​ទៅ​លើ​អ៊ុយ​ក្រែន​វិញ​ផង​ដែរ​​ដោយ​ប្រើ​ប្រាស់​​​ដ្រូន​១៥៥​គ្រឿង​​។ ក្នុង​នោះ​ដ្រូន​១២៤​គ្រឿង​ត្រូវ​យោធា​អ៊ុយ​ក្រែន​បាញ់​ទម្លាក់​។ នេះ​បើ​យោង​តាម​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែន​ប្រកាស​ថា​កង​ទ័ព​របស់​ខ្លួន​វាយ​ប្រហារ​តំបន់​ក្រាស់​ណូដា​ ក្រៃ (Krasnodar Krai) កាល​ពី​យប់​មិញ​។ មូល​ដ្ឋាន​ស្តុក​ទុក​ប្រេង​រុស្ស៊ី​គ្រូ​សូហ្វ​វ៉ា​យ៉ា​ (Grushovaya) ក៏​រង​ការ​វាយ​ប្រហារ​។

នេះ​ជា​ទី​តាំង​សម្រាប់​ស្តុក​ទុក​ប្រេង​ឆៅ​​របស់​រុស្ស៊ី​ត្រៀម​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ទី​កន្លែង​ផ្សេងដ៏​​ធំ​ជាង​គេ​បំផុត​មួយ​ស្ថិត​នៅ​ប្រទេស​រុស្ស៊ី​ភាគ​ខាង​ត្បូង​។ អាជ្ញា​ធរ​រុស្ស៊ី​ប្រចាំ​តំបន់​នោះ​អះ​អាង​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​មួយ​គ្រឿង​បាន​វាយ​ប្រហារ​ធ្វើ​ឱ្យ​ឆេះ​ទី​តាំង​ស្តុក​ទុក​ប្រេង​នោះ​។ ប៉ុន្តែ​គ្មាន​មនុស្ស​ស្លាប់​ ឬ​រង​របួស​​ឡើយ។ រុស្ស៊ី​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ទំហំ​នៃ​ការ​ខូច​ខាត​មាន​កម្រិត​ណា​ទេ​​។ ពួក​គេ​គ្រាន់​តែ​និយាយ​ដោយ​ខ្លី​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​១៣០​នាក់​ចូលរួម​នៅ​ក្នុង​​ការ​ពន្លត់​ភ្លើង​ឆេះ​។

ក្រឡេក​ទៅ​មើល​តំបន់​វ៉ុល​ហ្គោ​ក្រាតវិញ​ម្ដង​​ ទី​តាំង​ផលិត​ និង​ចែក​ចាយ​ប្រេង​របស់​រុស្ស៊ី​ក៏​រង​ការ​វាយ​ប្រហារ​ផង​ដែរ​ ហើយ​បាន​បង្ក​ជា​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ អភិបាបល​តំបន់​នេះគឺ​លោក​អាន​ដ្រេ បូ​ឆា​រ៉ូហ្វ​ (Andrei Bocharov) មិន​បាន​បញ្ជាក់​ថា​តើ​ទី​តាំង​នោះ​ផលិត​អ្វី​ទេ​។ ប៉ុន្តែ​លោក​អះ​អាង​ថា​គ្មាន​នរណា​ម្នាក់​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ឡើយ​។ អ៊ុយ​ក្រែន​ក៏​បាន​វាយ​ប្រហារ​ទីតាំង​ប្រេង​នៅ​សេមី​កូឡូ​ដេស​កាយ៉ា (Semykolodezkaya) នៃតំបន់​គ្រីមៀ​ និង​បង្ក​ជា​ភ្លើង​ឆេះ​​​។ ទី​នេះ​ត្រូវ​រុស្ស៊ី​ប្រើ​ប្រាស់​សម្រាប់​ស្តុក​ទុក​ប្រេង​បម្រុង​​​ ផ្គត់​ផ្គង់​យោធា​រុស្ស៊ី​​នៅ​សមរ​ភូមិ​មុខ​៕ ប្រភព៖ AP​