ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ស្មារតី​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង

10 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ឡេ មិ​ញ​ហ៊ឹង (Le Minh Hung) នាយក​រដ្ឋមន្ត្រី ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ឱកាស​ នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ចូលរួម​វេទិកា​អនាគត​អាស៊ាន លើក​ទី​៣ (3rd ASEAN Future Forum – AFF) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨-៩ ខែមិថុនា ឆ្នាំ​២០២៦ នៅ​រដ្ឋធានី​ហាណូយ​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ប្រទេស​កម្ពុជា​ នឹង​បន្ត​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ និង​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​បន្ថែម​ទៀត​ ។

ជា​ការ​ឆ្លើយ​តប​ សម្តេច​ធិ​បតី​បាន​សម្តែង​ នូវ​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ខ្ពស់​របស់​ប្រទេស​វៀតណាម និង​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម និង​រដ្ឋាភិបាល​វៀតណាម ប្រទេស​វៀតណាម​នឹង​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​សហស្សវត្ស​រ៍ទាំង​ពីរ នៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៤៥ ​។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​សម្តែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​យ៉ាង​ល្អ​ប្រ​សើ​រ នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​បាន​ឯកភាព​គ្នា​ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នានា​ឱ្យ​បាន​អធិកអធម ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ​២០២៧ ខាង​មុខ​។ ជាមួយ​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ឯកភាព និង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត ក្នុង​ស្មារតី​ នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​អំពី​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​គន្លឹះ​សំខាន់​ៗ រួម​មាន​៖ នយោបាយ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ សន្តិសុខ និង​ការពារ​ជាតិ​ អប់រំ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សុខាភិបាល​ ទេសចរណ៍​ វប្បធម៌​ ថាមពល​ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​ នៃ​ការ​ព​ន្លឿ​ន​ការ​សម្រេច​លើ​ចំណុច​កា​រត​ភ្ជាប់​ នៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត និង​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ​ កា​រត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក និង​ការ​ពង្រីក​ជើងហោះហើរ​បន្ថែម​រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សម្តេច​ធិ​បតី បាន​ស្នើដល់​ការ​កែសម្រួល​នីតិវិធី​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​កាត់​បន្ថយ​ពេលវេលា​ដឹក​ជញ្ជូន​ ។

មុន​នឹង​បញ្ចប់ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ ៕