ទីក្រុងម៉ានីឡា៖ គ្រោះរញ្ជួយដីនៅបាតសមុទ្រកម្រិត៧.៨ រ៉ិចទ័របានវាយប្រហារប្រទេសហ្វីលីពីនភាគខាងត្បូងនៅថ្ងៃនេះបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៣២នាក់, របួសជាង២០០នាក់។ ភាគច្រើនបណ្តាលមកពីការខូចខាតអគារ និងបានបង្កជារលកយក្សស៊ូណាមីកម្ពស់១ម៉ែត្របោកបក់ទៅលើឆ្នេរសមុទ្រក្បែរនោះ។

អគារមួយចំនួនបានបាក់រលំ ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរងការខូចខាតដោយសារការរញ្ជួយដីនៅក្នុងទីក្រុងចិនណឺរ៉ល សាន់តូស (General Santos)។ មានសេចក្ដីរាយការណ៍ថារលកយក្សស៊ូណាមីបង្កការខូចខាតនៅក្នុងភូមិនានាតាមមាត់សមុទ្រយ៉ាងហោចណាស់មួយ។ រលកស៊ូណាមីកម្រិតតូចក៏កើតមានផងដែរនៅប្រទេសឥណ្ឌូនេស៊ី, កោះប៉ាឡូ (Palau) និងប្រទេសជប៉ុនភាគខាងត្បូង។

ការរញ្ជួយដីនេះក៏បានបង្កឱ្យមានការបាក់ដីនៅខេត្តសារ៉ាន់ហ្កានី (Sarangani) នៃប្រទេសហ្វ៊ីលីពីនភាគខាងត្បូង និងសម្លាប់អ្នកភូមិ១៣នាក់។ លោករើណេ ផាន់ហ្សាឡាន (Rene Punzalan) មន្ត្រីទទួលបន្ទុកផ្នែកគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ថាការដីបានបាក់សង្កត់ទៅលើលំនៅដ្ឋានរបស់ប្រជាជាជននៅក្លាន (Glan) ស្ថិតនៅលើតំបន់ភ្នំ។ លោកថ្លែងបន្តថាអ្នកភូមិ៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងខេត្តសារ៉ាន់ហ្កានី (Sarangani)។ ប៉ុន្តែគេមិនទាន់អំពីមូលហេតុថាពួកគាត់ស្លាប់ដោយសារអ្វីពិតប្រាកដនៅឡើយទេ។

លោកតេរ៉េស៊ីតូ បាកុលកុល (Teresito Bacolcol) នាយកវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនអំពាវនាវឱ្យប្រជាជនតាមដានសេចក្ដីប្រកាសរបស់អាជ្ញាធរមុននឹងត្រឡប់ទៅអគារ និងផ្ទះសម្បែងដែលរងការខូចខាតវិញព្រោះទីតាំងទាំងនោះអាចនឹងបាក់រលំដោយសារការរញ្ជួយដីកម្រិតតូចៗជាច្រើនករណីទៀត។ លោកបានបញ្ជាក់ថា៖ «វាជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ»៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ