ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខេត្តសៀមរាប បដិសេធព័ត៌មានថា PeyPey Dy មិនមែនហុចលុយសូកប៉ាន់សមត្ថកិច្ចនោះទេ ករណីបុកម៉ូតូ៤គ្រឿង

10 ម៉ោង មុន

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ និង​ជា​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងនៅយប់ថ្ងៃទី០៨ មិថុនានេះថា កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧:១៥ នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៦ ត្រង់​ចំណុច​ខាងកើត​ស្តុ​ប​ចុង​កៅស៊ូ បង្កហេតុ​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus LX600 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កម្ពុជា D.CORNER បើកបរ ដោយ​បុរស​ម្នាក់ ជា​អ្នក​ផលិត​មាតិកា លើ​បណ្តាញ​សង្គម​ឈ្មោះ PeyPey Dy មាន​អ្នក​រួម​ដំណើរ​ចំនួន ២​នាក់ (​ទិស​ដៅ​ពី​កើត​ទៅ​លិច​) បាន​បុក​ពីក្រោយ​ជាមួយ​ម៉ូតូ កំពុង​ឈប់​ចាំ​ស្តុ​ប​ចំនួន​៤ គ្រឿង បណ្តាល​ឱ្យ​មាន​អ្នក​រង​របួសស្រាល និង​មានការ​ខូចខាត​ម៉ូតូ​ផង​ដែរ ។ ក្រោយ​កើតហេតុសមត្ថកិច្ច​យើង បាន​ទៅ​ពិនិត្យ និង​វាស់វែង​កន្លែង​កើតហេតុ រួច ភាគី​ខាង​ម្ចាស់​រថយន្ត បាន​យល់ព្រម​សង​សំណង​រដ្ឋប្បវេណី ទៅ​ជន​រង​គ្រោះ ដើម្បី​បញ្ចប់រឿង ​។

បន្ទាប់​ពី​ស្រុះស្រួល​គ្នា​រួច សមត្ថកិច្ចបាន​នាំ​យក​រថយន្ត និង​ម៉ូតូ ដែល​ជា​វត្ថុ​តាង មក​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី (​មាន​មន្ត្រី​នគរបាល​យើង​ម្នាក់ បាន​ឡើង​ជិះ​ក្នុង​រថយន្ត​នៅ​ផ្នែក​ខាងក្រោយ ធ្វើ​ដំណើរ​មក​ជាមួយ និង​ឱ្យ​ជន​បង្ក ជា​អ្នក​បើករថយន្ត ដោយ​ខ្លួនឯង​)​។​ ប៉ុន្តែ​ដោយ​ឃើញ​មានការ​ចែកចាយ​វិ​ដេ​អូ សកម្មភាព​របស់​មន្ត្រី​សមត្ថកិច្ចនៅ​លើ​បណ្តាញ​សង្គម ក្រុមការងារ​ប្រតិកម្ម​រហ័ស សង្កេត​ឃើញ មាន​មតិ​មួយ​ចំនួន បាន​លើក​ឡើង​ថា PeyPey Dy បាន​ហុច​លុយ ទៅ​ប៉ូ​លី​ស​ចរាចរណ៍​នៅ​នឹង កន្លែង​កើតហេតុ ពីព្រោះ ឃើញ​មាន​រូបភាព​ការ​ហុច​អ្វី​ម្យ៉ាង​ចេញ ពី​ផ្នែក​ខាងក្រោយ នៃ​រថយន្ត ឱ្យទៅ​នគរបាល​ចរាចរម្នាក់​ទៀត ដែល​ឈរ​នៅ​ក្បែរ​នោះ​ ។

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងទៀតថា ដើម្បី​រក្សា​នូវ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង អ្នកនាំពាក្យ និង​ជា​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សូម​ធ្វើការ​បដិសេធ និង​សូម​បញ្ជាក់​ថា សកម្មភាព​នោះ គឺមន្ត្រី​នគរបាល​យើង​ម្នាក់ បាន​ឡើង​ជិះ​រថយន្ត នៅ​ផ្នែក​ខាងក្រោយ​ជាមួយ​ជន​បង្ក និង​បាន​ហុច សោ​ម៉ូតូ ដែល​ខ្លួន​បាន​ជិះ ទៅ​កន្លែង​កើតហេតុ ឱ្យទៅ​ក្រុមការងារ​ម្នាក់​ទៀត ដើម្បី​ជិះ​ត្រឡប់ មក​គោលដៅ​ស្នាក់​ការ​ចរាចរណ៍​ផ្លូវគោក​វិញ​តែ​ប៉ុណ្ណោះ ពុំ​មែន​ជា​ការ​ហុច​ប្រាក់ ដើម្បី​សូកប៉ាន់​អ្វី​នោះ​ឡើយ​។​ ហេតុ​ដូចនេះ សូម​មេត្តា កុំ​លើក​ជា​មតិ ដោយ​គ្មាន​ប្រភព និង​មូលដ្ឋាន​ច្បាស់លាស់ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូ របស់​មន្ត្រី​នគរបាល​យើជាតិ ៕