ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមឃាត់ ភិក្ខុ និង​សាមណេរ និមន្ត​បិណ្ឌបាត​មុខ​មន្ទីរពេទ្យ ក្នុង​ទីផ្សារ តាម​រោងចក្រ និង​គង់​កម្សាន្ត​តាម​តំបន់​ផ្លូវ​សម្រាប់​ថ្មើរជើងពីមុខវាំងដល់វត្ត​ភ្នំ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សាលា​គណ​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីណែនាំ​លេខ ០៧៣/២៥ ម​.​គ​.​ភ​.​ព ចុះ​ថ្ងៃ​ទី​២៤ ខែមេសា…

រាជធានី​ភ្នំពេញ ៖ សាលា​គណ​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីណែនាំ​លេខ ០៧៣/២៥ ម​.​គ​.​ភ​.​ព ចុះ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ ស្ដី​ពី​ការ​និមន្ត​គោចរ​បិណ្ឌបាត និង​ការ​និមន្ត ក្នុង​សាធារណដ្ឋាន នៃ​រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​សំខាន់​ៗ ចំនួន ៤​ចំណុច រួម​មាន ៖

១-​ការ​និមន្ត​គោចរ​បិណ្ឌបាត​របស់​ភិក្ខុ សាមណេរ​គ្រប់​រូប ត្រូវ​ប្រកបដោយ​អភិសមាចារ និមន្ត​បាន​តែ​ក្នុង​កន្លែង​ជាទី​គោចរ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​។ ហាម​ការ​និមន្ត​បិណ្ឌបាត​នៅ​មុខ​មន្ទីរពេទ្យ ក្នុង​ទីផ្សារ តាម​រោងចក្រ សហគ្រាស ចំណតរថយន្ត ឬ​តាម​កម្មវិធី​បុណ្យ​នានា ដែល​មិន​មានការ​និមន្ត ។

២-​ហាម​ភិក្ខុ សាមណេរ គង់​កម្សាន្ត​តាម​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង សួន​សាធារណៈ ហាង​កាហ្វេ​នៅ​តំបន់​មាត់ទន្លេ​ចតុម្មុខ និង​ក្នុង​តំបន់​ផ្លូវ​សម្រាប់​ថ្មើរជើង ចាប់​ពីមុខ​ព្រះ​បរមរាជវាំង ដល់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជាដើម ចាប់ពី​ម៉ោង ៦:០០ នាទី​ល្ងាច ដល់​ម៉ោង ១១:០០ នាទី​យប់ ។

៣-​ព្រះ​ចៅអធិការ​គ្រប់​វត្ដ មាន​ភារកិច្ច​អប់រំ ណែនាំ និង​ត្រួតពិនិត្យ​ការ​សិក្សា​រៀនសូត្រ និង​ការ​បដិបត្តិ​ធម៌​វិន័យ​របស់​ភិក្ខុ សាមណេរ​ក្រោម​ឱវាទ​ឱ្យ​ស្ថិត​ក្នុង​ត្រៃសិក្ខា​ទាំង​៣​គឺ សីល សមាធិ បញ្ញា ពិសេស ឱ្យ​ចូលរួម​អនុវត្ត​ខ្លឹមសារ​ខាងលើ​ឱ្យ​បាន​ហ្មត់ចត់​បំផុត​។ ក្នុង​ករណី​ដែល​ភិក្ខុ សាមណេរ​រូប​ណា​ពុំ​បាន​គោរព​តាម​សេចក្ដីណែនាំ​ខាងលើ​នេះ ត្រូវ​សហការ​ជាមួយ​មន្ត្រី​សង្ឃ​សាលា​គណ សាលា​អនុគណ មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ធម៌​វិន័យ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ​ជា​ធរមាន ។

៤-​សាលា​អនុគណ​គ្រប់​ខណ្ឌ ត្រូវ​រៀបចំ​ក្រុម​កា​រក​សង្ឃ​របស់​សាលា​អនុគណ របស់​វត្ត​នីមួយ​ៗ​ក្នុង​ខណ្ឌ ដើម្បី​ចុះ​អនុវត្ត​ទប់ស្កាត់​ការ​និមន្ត​គោចរ​បិណ្ឌបាត​នៅ​តាម​ទី​អគោចរដ្ឋាន និង​និមន្ត​ចូល​ទៅ​កាន់​ទីកន្លែង​កំសាន្ត​សាធារណៈ​នានា នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ពិសេស​សាលា​អនុគណ​ខណ្ឌដូនពេញ ត្រូវ​រៀបចំ​កា​រក​សង្ឃ​មួយ​ក្រុម ដើម្បី​អនុវត្ត​ការងារ​នេះ ។

សូម​ភិក្ខុ សាមណេរ ជា​សមណ​សិស្ស​-​និស្សិត យក​ព្រះ​ទ័យ​ទុកដាក់​ខ្ពស់ និង​ត្រូវ​គោ​ររ​ព​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​សាលា​គណ និង​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ក្នុង​ការ​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ និង​គុណ​តម្លៃ​របស់​ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ