រាជធានីភ្នំពេញ ៖ វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងមណ្ឌលព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកថាជាបុណ្យជាតិដ៏សំខាន់ ។ ដោយនៅថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រសូត្រឡើងនៅលើភពផែនដី ហើយក៏ជាថ្ងៃដែលព្រះអង្គត្រាស់ដឹង និងជាថ្ងៃដែលទ្រង់ចូលបរិនិព្វានផងដែរ ។
ចាប់ពីពេលនោះមក សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ បានកំណត់យកថ្ងៃពេញបូណ៌មីនាខែវពិសាខនេះ ដើម្បីប្រារព្ធធ្វើពិធីបុណ្យដ៏ធំរំលឹកខួបប្រចាំឆ្នាំនៅទូទាំងពិភពលោក អស់កាលជាង២៥៦២ព្រះវស្សា មកហើយ និងបានកំណត់និយមន័យរួមជា«បុណ្យវិសាខបូជា» ។

ក្រៅពីរំលឹកដល់ថ្ងៃកើត ថ្ងៃត្រាស់ និងថ្ងៃបរិនិព្វាន របស់ព្រះពុទ្ធ ក៏បានបញ្ជាក់ផងដែរ ដោយអមពីគោលបំណងរបស់មនុស្សម្នាក់ៗ នៅពេលដែលខ្លួនកើតមក ថាតើមានគោលបំណងអ្វី បន្ទាប់ពីបានសម្រេចបំណងហើយត្រូវធ្វើអ្វី ដើម្បីបន្សល់ឱ្យអ្នកជំនាន់ក្រោយពោល គឺមុនពេលយើងស្លា.ប់ទៅ ។
ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនាបាននាំគ្នាធ្វើវិសាខបូជានៅថ្ងៃពេញបូណ៌មីខែពិសាខតាំងពីបុរាណកាលរៀងដរាបមក ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យវិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ឌា និងប្រទេសស្រីលង្កាបានប្រារព្ធពិធីបុណ្យនេះជាយូរយារណាស់មកហើយ ។
ចំណែកប្រទេសសៀម និងប្រទេសកម្ពុជារទើបនឹងចាត់ចែងធ្វើនៅគ្រិស្តសតវត្សទី១៩ ។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខអ្នកការទាំងឡាយដំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេចព្រះអង្គដួង ដែលគង់នៅក្រុងឧដុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀមបានចាត់បញ្ជូនមកកាន់ក្រុងឧដុង្គ តាមសំណើព្រះបាទអង្គដួង ។

បុណ្យវិសាខបូជាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាថ្ងៃបុណ្យជាតិរបស់ប្រទេសកម្ពុជា ។ នៅឆ្នាំ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត២០០ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួលស្គាល់និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣យ៉ាងគឺ កំណត់យកត្រង់ថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ១ និងទ្រង់ចូលកាន់ព្រះនិព្វាន១ ។
អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យកថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ៕


ចែករំលែកព័តមាននេះ