ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ស្លា.ប់​មនុស្ស​រាប់​សិប​នាក់

4 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​រង​គ្រោះ​ខ្លាំង​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ការ​បាក់​ដី​។ នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​​ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស​ខ្លួន​។ ​ទូរ​ទស្សន៍​ថៃផ្សព្វ​​ផ្សាយ​ទិដ្ឋ​ភាព​ទឹក​ជំនន់​នៅ​​ទី​ក្រុង​ហាត​យ៉ៃ​ដែល​​ស្ថិត​​នៅ​កៀក​ព្រំដែន​ម៉ាឡេស៊ី និង​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ដ៏​ធំ​មួយ​នៅ​​ខេត្ត​សុង​ខ្លា។ ទី​នោះ​​ត្រូវ​ទឹក​លិច​យ៉ាង​ធ្ងន់​ធ្ងរ​​។ គេ​ឃើញ​​ក្រុម​ការ​ងារ​កំពុង​ស្វែង​រក និង​ជួយ​សង្គ្រោះ​​មនុស្ស​នៅ​​ក្នុង​​ស្រុក​មួយ​ចំនួន​។…

ទី​ក្រុង​បាងកក​៖ បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​រង​គ្រោះ​ខ្លាំង​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ការ​បាក់​ដី​។ នៅ​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​​ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស​ខ្លួន​។ ​ទូរ​ទស្សន៍​ថៃផ្សព្វ​​ផ្សាយ​ទិដ្ឋ​ភាព​ទឹក​ជំនន់​នៅ​​ទី​ក្រុង​ហាត​យ៉ៃ​ដែល​​ស្ថិត​​នៅ​កៀក​ព្រំដែន​ម៉ាឡេស៊ី និង​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ដ៏​ធំ​មួយ​នៅ​​ខេត្ត​សុង​ខ្លា។ ទី​នោះ​​ត្រូវ​ទឹក​លិច​យ៉ាង​ធ្ងន់​ធ្ងរ​​។ គេ​ឃើញ​​ក្រុម​ការ​ងារ​កំពុង​ស្វែង​រក និង​ជួយ​សង្គ្រោះ​​មនុស្ស​នៅ​​ក្នុង​​ស្រុក​មួយ​ចំនួន​។ ​ជា​រួម​ ប្រជា​ជន​ថៃ​ជិត​២​លាន​នាក់​រង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​ទឹក​ជំនន់​លើក​នេះ​។ នៅ​ក្នុង​ខេត្ត​ចំនួន​៦​នៅ​ភាគ​ខាង​ត្បូង ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​៥​នាក់​ និង​របួស​៤​នាក់​។

ថ្ងៃ​នេះ មាន​បទ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​នៅ​តំបន់​ប្រឈម​គ្រោះ​ថ្នាក់​ទាំង​អស់​នៅ​​ទូទាំង​ទី​ក្រុង​ហាត​យ៉ៃ​បន្ទាប់​ពី​ទឹក​ជំនន់​ចាប់​ផ្ដើម​ហក់​ឡើង​យ៉ាង​គំហុក​នៅ​ពេល​ល្ងាច​។ ទាហាន​ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​ដាក់​ពង្រាយ​​នៅ​ទូទាំង​ទី​ក្រុង​នេះ​។ នាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​ចេញ​បញ្ជា​ឱ្យ​​រដ្ឋ​បាល​ថ្នាក់​ខេត្ត​នៃ​ខេត្ត​សុង​ខ្លា​​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​នៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង​។ ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​ក៏​ចេញ​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​បញ្ជូន​ក្រុម​ការ​ងារ ឧប​ករណ៍ និង​ជំនួយ​ទៅ​តំបន់​រង​គ្រោះ​​ផង​ដែរ​។

ក្រឡេក​ទៅ​មើល​ប្រទេស​វៀតណាម​វិញ​ម្ដង គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​ភាគ​កណ្ដាល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៩១​នាក់ និង​បាត់​ខ្លួន​១១​នាក់​បន្ទាប់​ពី​​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​លិច​ចម្ការ​កាហ្វេ​ជា​ច្រើន​កន្លែង​។ ខេត្ត​ដាក់​ឡាក់​រង​គ្រោះ​ខ្លាំង​ជាង​គេ​ពី​ជំនន់​ទឹក​ភ្លៀង​លើក​នេះ​។​ គ្រាន់​តែ​ខេត្ត​នេះ​មួយ​មាន​មនុស្ស​ស្លាប់​រហូត​ដល់​៦៣​នាក់​​ ភាគ​ច្រើន​ស្លាប់​នឹង​លង់​ទឹក​។ ក្រៅ​ពី​នេះ គេ​​ក៏​រក​ឃើញ​មនុស្ស​ស្លាប់​ផង​ដែរ​នៅ​ខេត្ត​ខាញ់​ហាវ​, ឡាម​ដុង,​ យ៉ា​ឡាយ, ទី​ក្រុង​ដាណាង, ទីក្រុង​វ៉េ និង​ខេត្ត​ក្វាង​ទ្រី។

ដោយ​សារ​ដង​​ផ្លូវ​​​នានា​ត្រូវ​កាត់​ផ្ដាច់​ដោយ​ទឹក​ជំនន់ ដូច្នេះ​តំបន់​ដាច់​ស្រយាល​ជា​ច្រើន​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​បាន​ឡើយ​។ អាជ្ញា​ធរ​ត្រូវ​​​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​ដើម្បី​ដឹក​ស្បៀង​អាហារ និង​ជំនួយ​ដទៃ​ទៀត​ទៅ​ចែក​ជូន​ជន​រង​គ្រោះ​។ បន្ទាប់​ពី​ភ្លៀង​ចាប់​ផ្ដើម​រាំង​ទៅ​វិញ​ ប្រជា​ជន​វៀតណាម​ក៏​ចាប់​ផ្ដើម​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ជា​បណ្ដើរ​ៗ​​។ ​នៅ​ពេល​ពួក​គេ​ទៅ​ដល់​ឃើញ​សុទ្ធ​តែ​សំរាម​រាយ​ប៉ាយ​ពាស​ពេញ​ផ្ទះ និង​បរិវេណ​ផ្ទះ​។ ដំណាំ​រាប់​ម៉ឺន​ហិច​តារ​ត្រូ​វ​ខូច​ខាត​ ខណៈ​ដែល​ចម្ការ​កាហ្វេ​ធំ​ៗ​នៅ​ខេត្ត​ដាក់​ឡាក់​ត្រូវ​ទឹក​លិចខ្ទេច​ខ្ទី​​អស់​​​។

ទឹក​ជំនន់​លើក​នេះ​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គិត​ជាទឹក​ប្រាក់​ប្រហែល​៥​រយ​លាន​ដុល្លារ​។ តាម​ការ​ប៉ាន់​ស្មាន​របស់​រដ្ឋា​ភិបាល​ថា​ការ​ខូច​ខាត​​​​ជាង​៣​រយ​លាន​ដុល្លារ​។ ថ្វី​ដ្បិត​ទឹក​ជំនន់​​ចាប់​ផ្ដើម​ស្រក​ទៅ​វិញ​​ក្ដី​​​ ប៉ុន្តែ​ក្រសួង​ឧតុ​និ​យម​វៀតណាម​ព្រមាន​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​ក្នុង​ទី​តាំង​មួយ​ចំនួន​​។ មិន​តែ​ប៉ុណ្ណោះ​វិសម្ពាធ​ត្រូពិច​នឹង​កើត​ឡើង​ជា​ថ្មី​នៅ​សប្ដាហ៍​នេះ​។​

នៅ​ប្រទេស​ម៉ាឡេស៊ី​ឯណោះ​​វិញ​ក៏​មាន​គ្រោះ​ទឹក​ជំនន់​ផង​ដែរ​នៅក្នុង​រដ្ឋ​មួយ​ចំនួន។ ​​​ទឹក​ជំនន់​នេះ​នឹង​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​​ដោយ​សារមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​បន្ទាប់​​​។ នាយក​ដ្ឋាន​សុខុ​មាល​ភាព​សង្គម​រាយ​ការណ៍​ថា​ប្រជា​ជន​ម៉ាឡេស៊ី​ជាង​១,២៥​សែន​នាក់​នៅ​ក្នុង​រដ្ឋ​ចំនួន​៩​ត្រូវ​​ជម្លៀស​ខ្លួន​ជា​បន្ទាន់​។ រដ្ឋ​កេ​ឡាន់​តាន់​ (Kelantan) រង​គ្រោះ​ខ្លាំង​ជាង​គេ​។ អាជ្ញាធរ​បាន​សាង​សង់​ទី​ជម្រក​បណ្ដោះ​អាសន្ន​ចំនួន​៨៦​កន្លែង​សម្រាប់​ទទួល​អ្នក​ជម្លៀស​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​អេភី (AP), រ៉យទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ