ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​កាត់ដេរ​ចំនួន​៣​ថ្មី​ត្រូវ​បាន​អនុម័ត​ជា​ទុន​វិនិយោគ​ជាង​១៥​លាន​ដុល្លារ​ខណៈ​មានការ​ព្រួយបារម្ភ​រឿង​បាត់បង់ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​តំណាង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា​ក៏​ដូច​ជា​សហជីព​មួយ​ចំនួន​តំណាង​ឲ្យ​កម្មករ​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​អំពី​ភាព​មិន​ច្បាស់លាស់​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​គ្រឿង​សព្វាវុធ ( Everything But Arms—EBA) របស់​សហភាព​អឺរ៉ុប​ផ្តល់​អោយ​កម្ពុជា​ថា​អាច​នឹង​បាត់បង់​និង​អាច​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ស្រាប់តែ​ថ្មី​ៗ​នេះ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា (CDC)…

​រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​តំណាង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា​ក៏​ដូច​ជា​សហជីព​មួយ​ចំនួន​តំណាង​ឲ្យ​កម្មករ​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​អំពី​ភាព​មិន​ច្បាស់លាស់​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​គ្រឿង​សព្វាវុធ ( Everything But Arms—EBA) របស់​សហភាព​អឺរ៉ុប​ផ្តល់​អោយ​កម្ពុជា​ថា​អាច​នឹង​បាត់បង់​និង​អាច​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ស្រាប់តែ​ថ្មី​ៗ​នេះ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា (CDC) បាន​ចេញ​ប្រកាស​ព័ត៌មាន​អោយ​ដឹង​ថា ខ្លួន​បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា​ចំនួន​បី ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជាង ៤០០០ កន្លែង​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចំនួន​បី ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី រួម​មាន​៖ ១)- GoodMate ( Cambodia ) Headwwars Co.,Ltd ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួក កន្សែង និង​ស្រោមដៃ នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ចំណាយ​ទុន​ប្រមាណ​២​លាន​ដុល្លារ​មេ​រិ​ក ។ គម្រោង​រំពឹង​ថា​នឹង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​៤១០​កន្លែង នៅ​ពេល​វា​ដំណើរការ ។ ២)- ក្រុមហ៊ុន​ទី​២ ដែល​អនុម័ត​ដំណាលគ្នា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺ​ក្រុមហ៊ុន GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤៩១​កន្លែង ។​និង​ទី ៣)- DI SETA (CAMBODIA) CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀក​បំពាក់ (​កន្សែង​បង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូ​គ្រប់​ប្រភេទ និង​វាយ​ន​ភណ្ឌ​បម្រើ​ក្នុងផ្ទះ ដែល​មាន​ទីតាំង​វិនិយោគ នៅ​ផ្លូវជាតិ​លេខ​៣ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៨,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២.១៤៣ កន្លែង ពេល​ដំណើរការ ។

បើ​តាម​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា លោក​កាំ​ង ម៉ូ​នី​កា ធ្លាប់​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ ២០១៩​នេះ មាន​រោងចក្រ​ខ្លះ បើក​ខ្លះ​បិទ ដូច្នេះ ចំនួន​រោងចក្រ​នៅ​កម្ពុជា​នៅ​តែ​មាន​ស្ថេ​រ​ភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ចាស់ ។

​គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា បាន​និង​កំពុង​ជួប​បញ្ហា​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផលិត​ដូច​គ្នា ដោយសារ​តែ​ប្រាក់​ឈ្នួល​របស់​គេ​នៅ​ទាប​ជាង​ប្រាក់​ឈ្នួល​របស់​កម្មករ​កម្ពុជា​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ
វិស័យ​នេះ ក៏​នៅ​តែ​មាន​កំណើន​ជា​វិជ្ជមាន និង​បាន​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រឹង​មាំ​ដដែល ហើយ​វិស័យ​នេះ ក៏​កំពុង​ជួប​ប្រទះ​នឹង​ហានិភ័យ​មួយទៀត​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​អ្នក​ក្នុង​វិស័យ​នេះ​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ បើសិនជា​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ចេញពី​កម្ពុជា​។

សូម​រម្លឹក​ថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ជា​បន្តបន្ទាប់ បង្ហាញ​អំពី​កង្វល់​របស់​ខ្លួន​ដោយ​ទទូច​ទៅ​សហភាព​អឺរ៉ុប ឲ្យ​ពិចារណា​អោយ​បាន​ដិត​ដល់​ចំពោះ​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ GMAC បាន​បញ្ជាក់​ថា បើ EBA ត្រូវ​បាន​កាត់​ផ្តាច់​ពី​កម្ពុជា​នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​កម្មករ​ខ្មែរ​បម្រើ​ការងារ​ក្នុង​វិស័យ​កាត​ដែរ​ប្រមាណ​ជាង ៧៥​ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៣​លាន​គ្រួសារ​ផ្សេង​ទៀត​ដែល​ជា​សាច់ញាតិ​កម្មករ​រោងចក្រ​កាត់ដេរ​នឹង​ប៉ះពាល់​ដោយ​ប្រយោល​។ ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ជា​មធ្យម កម្មករ​ម្នាក់​ទទួល​បាន ១៨៣​ដុ​លា្ល​រ​ក្នុង​មួយ​ខែ ហើយ​ថ្មី​ៗ​នេះ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ត្រូវ​បាន​សម្រេច​ចំនួន ១៩០​ដុល្លារ​សម្រាប់​ឆ្នាំ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ