ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី គ្រោង​រៀបចំ​ផ្សារ​រាត្រី​នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ ខែវិច្ឆិកា​ខាង​មុខ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ (H.E Mr.Santo Damosumarto ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ (H.E Mr.Santo Damosumarto ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​បង្កើត​ឱ្យ​មាន​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី​មួយ នៅ​លើ​ផ្លូវ​ថ្មើ​ជើង​ចតុមុខ​។ គម្រោង​នេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ឬ ២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ដើម្បី​បង្ហាញ​ពី​វប្បធម៌ ទំនៀមទំលាប់ របាំ​ប្រពៃណី និង​ម្ហូបអាហារ​ឥណ្ឌូ​នេ​ស៊ី នៅ​ទី​នេះ ។

នេះ​ជា​ការ​បង្ហាញ​ជាមួយនឹង​ការ​សូម​អនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​រវាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

ឯកឧត្តម សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ បាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយ​អ្វី​ដែល​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ចង់បាន គឺ​ធ្វើការ​វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ ប្រជាពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​នៅ​កម្ពុជា មាន​កំណើន​កាន់តែ​កើនឡើង ។ ទន្ទឹម​នឹង​កំណើន​នេះ ឯកឧត្ដម​ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់ ក្នុង​ការ​សម្រួល​ដល់​ការ​រស់នៅ និង​ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី នៅ​រាជធានី​ភ្នំពេញ​។ មក​ដល់​ពេល​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ភោជនីយដ្ឋាន​របស់​ឥណ្ឌូ​នេ​ស៊ី រហូត​ទៅ​ដល់​៦​កន្លែង ដែល​ជា​ក្តី​សង្ឃឹម នៃ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អ​ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន ។

ឯកអគ្គរដ្ឋទូត បាន​បន្ត​ទៀត​ថា ការ​បង្កើត​ឱ្យ​មាន​ផ្លូវ​ថ្មើរជើង​ចតុមុខ នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឱ្យ​កើនឡើង នូវ​វិស័យ​ទេសចរណ៍ ដោយ​បង្កើត​ឱ្យ​មានកម្ម​វិធី​កំសាន្ត​យ៉ាងច្រើន នៅ​លើ​ផ្លូវ​ថ្មើរជើង​ចតុមុខ​នេះ​។ ជា​គម្រោង​របស់​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី យើង​នឹង​អាច​ដាក់​ឲ្យ​មាន​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី​មួយ នៅ​ផ្លូវ​ថ្មើ​ជើង​ចតុមុខ​។ គម្រោង​នេះ​នឹង​មានការ​តាំង​បង្ហាញ​ផលិតផល ការ​បង្ហាញ​វប្បធម៌ របាំ​ប្រពៃណី និង​ម្ហូបអាហារ​របស់​ឥណ្ឌូ​នេ​ស៊ី​។ ការ​បង្កើត​ឲ្យ​មាន​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី​នេះ​ឡើង វា​នឹង​អាច​ឲ្យ​ប្រជាពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី និង​ប្រជាពលរដ្ឋ​កម្ពុជា កាន់តែ​មាន​ទំនាក់ទំនង ភាព​ស្និទ្ធស្នាល មួយ​កម្រិត​ថែម​ទៀត ។

ជា​កិច្ច​ឆ្លើយ​តប និង​ការ​ស្នើ​សុំ​របស់​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដល់​ជូន​ទៅ​ឱ្យ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី បង្កើត​ឲ្យ​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ ដោយ​លោក​ស្នើ​ឱ្យ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី ជ្រើសរើស​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឱ្យ​អាជ្ញាធរ ក៏​ដូច​ជា​កងកម្លាំង​របស់​រាជធានី​ភ្នំពេញ អាច​ការពារ​សន្តិសុខ​ជូន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ មាន​ទីតាំង​លក់​សម្ភារៈ​ប្រើប្រាស់ អាហារ​ហូប​ចុក ជម្រុះ​ជាតិ​សាសន៍ មាន​របាំង​ប្រពៃណី និង​លក់​វត្ថុ​អនុស្សាវរីយ៍ ដែល​អាច​ឱ្យ​ភ្ញៀវ​បរទេស មក​ដើរ​លេង​កំសាន្ត​បាន​យ៉ាង​សប្បាយ ។

លោក ឃួ​ង ស្រេង ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ ដែល​មាន​គម្រោង​បង្កើត​ឲ្យ​មាន​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ​នេះ ដែល​នេះ​ជា​ការ​លើកទឹកចិត្ត ជា​ការ​ផ្ដល់​កម្លាំងចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ឲ្យ​មាន​ផ្លូវ​ថ្មើរជើង​ចតុមុខ​នេះ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត ។

នា​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី មាន​ទំនាក់ទំនង ការទូត​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៥៩​មក​ម្ល៉េះ ដែល​គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​៦៦​ឆ្នាំ​ហើយ​។ ឥណ្ឌូ​នេ​ស៊ី បាន​រួមចំណែក​ស្វែងរក​សន្តិភាព​ពី​សំណាក់​ឥស្សរជន​កំពូល​ៗ​របស់​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី នោះ​គឺ​លោក​ស៊ូ​កា​ណូ (Soekano) និង​លោក​អា​លី​អា​ឡា​តាស (Ali Alatas)​។ ដើម្បី​តបស្នង​សងគុណ​ចំពោះ​ឥស្សរជន​ទាំង​ពីរ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​ប្រសិទ្ធ​នាម ផ្លូវ​ចំនួន ២​ខ្សែ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ រហូត​ដល់​មហាវិថី​ឈ្នះ​-​ឈ្នះ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​ខ្សែ​ទី​១ ផ្លូវ​បេតុងអារម៉េ​ប្រវែង ៦.២០១​ម៉ែត្រ ទទឹង​ប្រវែង ១៥​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៦ រហូត​ដល់​គល់​ស្ពាន​ព្រែក​ព្នៅ ជា “​មហាវិថី ស៊ូ​កា​ណូ​” (Soekano Boulevard) និង​ខ្សែ​ទី​២ ផ្លូវ​បេតុង​ម៉េ​ប្រវែង ៥.៣៥៤​ម៉ែត្រ ទទឹង​ប្រវែង ១៥​ម៉ែត្រ ចាប់ពី​ផ្លូវ​ខ្សែ​ទី​១ ក្បែរ​ទីតាំង​ស្ពាន​ព្រែក​តា​សេក រហូត​ដល់​រង្វង់​មូល​មហាវិថី​ឈ្នះ​-​ឈ្នះ ជា “​មហាវិថី អា​លី អា​ឡា​តាស់​” (Ali Alatas Boulevard)​។ ឈ្មោះ​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ពេល​ខាង​មុខ​នេះ ។

បន្ថែម​ពី​នេះ លោក ឃួ​ង ស្រេង ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជា​ជ្រៅ​ផង​ដែរ ចំពោះ​អនុព័ន្ធយោធា​របស់​ឥណ្ឌូ​ណេ​ស៊ី ដែល​បាន​ចុះ​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ រវាង​កម្ពុជា និង​ថៃ នៅ​ព្រំដែន ក្រោយ​ពី​ការ​ប៉ះទង្គិច​គ្នា​ប្រាំ​ថ្ងៃ ដែល​បាន​ជួយ​កាត់​បន្ថយ​បាន នូវ​ការ​ស្លាប់ និង​របួស​ទាហាន​កម្ពុជា​និង​ទាហាន​ថៃ​។ លោក​អភិបាល ក៏​សូម​អរគុណ​ផង​ដែរ ចំពោះ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី ដែល​បាន​ជួយ កម្ពុជា​កន្លង​មក​។ លោក ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​អគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី ផ្ដល់​ភាព​យុត្តិធម៌​ជូន​កម្ពុជា​។ កម្ពុជា​ឆ្អែតឆ្អន់​ចំពោះ​សង្គ្រាម​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ