ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ល្បី​ៗ​ចែក​រលែក​ពី​គ​ន្លះ​វិនិយោគ​អោយ​មាន​ប្រសិទ្ធភាព កុំ​ឲ្យ​ជួប​ហានិភ័យ​ពេល​ចិន​ចាកចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​អចលនទ្រព្យ​នៅ​តែ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ការ​វិនិយោគ​ក្នុង​វិស័យ​នេះ ក៏​កាន់តែ​មាន​សន្ទុះ​ឡើង ទាំង​វិនិយោគិន​មក​ពី​ក្រៅប្រទេស និង​វិនិយោគិន​ក្នុងស្រុក ជា​ពិសេស​សូ​ម្បី​តែ​តារា​ៗ​ក៏​កំពុង​ប្រឡូក​ខ្លួន​ក្នុង​ជំនួញ​អចល​ទ្រព្យ​ជា​បន្តបន្ទាប់​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ដែល​មាន​សក្ដានុពល ។…

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​អចលនទ្រព្យ​នៅ​តែ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ការ​វិនិយោគ​ក្នុង​វិស័យ​នេះ ក៏​កាន់តែ​មាន​សន្ទុះ​ឡើង ទាំង​វិនិយោគិន​មក​ពី​ក្រៅប្រទេស និង​វិនិយោគិន​ក្នុងស្រុក ជា​ពិសេស​សូ​ម្បី​តែ​តារា​ៗ​ក៏​កំពុង​ប្រឡូក​ខ្លួន​ក្នុង​ជំនួញ​អចល​ទ្រព្យ​ជា​បន្តបន្ទាប់​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ដែល​មាន​សក្ដានុពល ។

​ទន្ទឹម​នឹង​នោះ​ដែរ មាន​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​ខ្លះ​ក៏​ជោគជ័យ ខ្លះ​ទៀត​ក៏​បរាជ័យ ដូច្នេះ​អ្នកជំនាញ​និង​វិនិយោគិន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​មួយ​ចំនួន​បាន​ចែករំលែក​នូវ​គន្លឹះ​សំខាន់​ៗ​ដើម្បី​អោយ​វិនិយោគិន​ដែល​មាន​បំណង​ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​ទទួល​បាន​ជោគជ័យ​ផង​ដែរ ។

បើ​តាម​លោក​ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន World Bridge Group ដែល​វិនិយោគ​ទៅ​លើ​អគារ The Bridge និង​អគារ The Peak ដែល​ចាត់​ទុក​ថា​អគារ​ខ្ពស់​ជាងគេ​មួយ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក៏​មាន​ជាប់​ទាក់ទង​នឹង​ការ​វិនិយោគសាធារណៈ​របស់​រដ្ឋាភិបាល​ផង​ដែរ ។ បើសិនជា​ការ​វិនិយោគ​ទៅ​លើ​វិស័យ​ឯកជន តែ​ឯកឯង ដោយ​មិន​មានការ​វិនិយោគ​ពី​គម្រោង​របស់​រដ្ឋាភិបាល​ក៏​គម្រោង​វិនិយោគ​របស់​ឯកជន​នោះ មិន​ទទួល​ជោគជ័យ​ប៉ុន្មាន​ដែរ ជាក់ស្ដែង ចង់​វិនិយោគ​លើ​គម្រោង​អគារ គម្រោង​លំនៅ​ឋាន​ណាមួយ គឺ​ត្រូវ​មានការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក និង​អគ្គិសនី ទើប​ធ្វើ​អោយ​គម្រោង​វិនិយោគ​របស់​ឯកជន​ទទួល​បាន​ជោគជ័យ ដោយ​មានការ​គាំទ្រ​ពី អតិថិជន ។

​លោក​ឧកញ៉ា​បាន​បន្ត​ថា «​អ្នក​វិនិយោគ​ក៏​គួរ​ពិចារណា​ផង​ដែរ មុន​នឹង​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​នៅ​ទីតាំង​ណាមួយ ដូច​ជា​សក្ដានុពល​នៃ​តំបន់​គួរ​ឬ​មិន​គួរ ហើយ​មាន​សុខុមាលភាព​យូរ​ឬ​ឆាប់ ជាក់ស្ដែង នៅ​ក្រុងព្រះសីហនុ ដំបូង​ឡើយ​មាន​ចិន​ចូល​ច្រើន ហើយ​អ្នក​វិនិយោគ​អចលនទ្រព្យ​ក៏​ចាប់ផ្ដើម​សម្រុក​ទៅ​ទីនោះ ដោយ​គិត​ថា​នឹង​ទទួល​បាន​ចំណូល​ច្រើន​ពី​ចិន ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​អាជីវកម្ម​ហ្គេ​ម​អន​ឡាញ ឃើញ​ថា​ចិន​ក៏​ត្រលប់​ទៅ​វិញ​ច្រើន ដូច្នេះ​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ដោយ​ផ្ដោត​លើ​ចិន​ក៏​អាច​នឹង​មាន​ផល​ប៉ះពាល់​ដែរ ។

លោក​ឧកញ៉ា សៀ ឬ​ទ្ធី បាន​បង្ហើប​នូវ​គន្លឹះ​សំខាន់​ៗ​ថា «​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុ​ជានា​ពេល​នេះ ខ្ញុំ​សូម​ផ្ដល់​យោបល់​ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ទេសចរណ៍ ដូច​ជា​សណ្ឋាគារ ជាដើម ខណៈ​រដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​។ ក្រៅពី​នោះ​ដែរ​ការ​វិនិយោគ​អចលនទ្រព្យ​បម្រើ​អោយ​វិស័យ​ឧស្សាហកម្ម​ក៏​មិនសូវ​មាន​អ្នក​វិនិយោគ​ក្នុងស្រុក​ធ្វើ​នោះ​ទេ ដោយ​ភាគច្រើន​ជា​អ្នក​វិនិយោគ​ក្រៅប្រទេស ដូច​ជា​ការ​សង់​ឃ្លាំង​សម្រាប់​ជួល​រោងចក្រ​ជាដើម ខណៈ​វិស័យ​ឧស្សាហកម្ម​ក៏​បាន​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ធំ​ដែរ​» ។

លោក​ក៏​បាន​ចែករំលែក​នូវ​ចំណេះដឹង​មួយទៀត​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​អចលនទ្រព្យ ដើម្បី​ទទួល​បាន​ជោគជ័យ នោះ​គឺ​ការ​វិនិយោគ​ខុន​ដូ ។ លោក​និយាយ​ថា ការ​វិនិយោគ​លើ​ខុន​ដូ ដើម្បី​បាន​ផល​ចំណេញ ត្រូវ​គិត​ទៅ​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​ទីតាំង ពីព្រោះ​ទីតាំង​នេះ​នៃ​ការ​វិនិយោគ​ខុន​ដូ ឬ​ទិញ​ខុន​ដូ មាន​សារសំខាន់​ណាស់​។ បើសិនជា​គម្រោង​ខុន​ដូ មួយ​ទៅ​វិនិយោគ​នៅ​តំបន់​ឆ្ងាយ​ពី​ក្រុង យើង​មិន​គួរ​ទិញ​នោះ​ឡើយ ។ មួយទៀត​ដែរ មុន​នឹង​សម្រេចចិត្ត​ទិញ​ខុន​ដូ ក៏​គួរតែ​ស៊ើប​មើល​ថា​តើ អ្នក​ណា​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ​នោះ ព្រោះ មាន​អ្នក​វិនិយោគ​មួយ​ចំនួន មិន​មានបទពិសោធន៍ ហើយ​ឃើញ​គេ​ធ្វើ​ជោគជ័យ ក៏​ធ្វើ​តាម​គេ ទាំង​ដែល​ខ្លួន​គ្មាន​ចំណេះ និង​បទ​ពិសោធន៍ ។ អ្វី​ដែល​សំខាន់​នោះ​ដែរ ត្រូវ​ដឹង​ថា​អ្នក​ដែល​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ មាន​ប្រភព​ទុន​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍន៍​ដែរ​ទេ ឬ​គ្រាន់តែ​ប្រកាស​ហើយ​ចាំ​លក់​យក​លុយ​មក​អភិវឌ្ឍន៍​តាម​ក្រោយ ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មុន​នឹង​សម្រេច​វិនិយោគ​អចលនទ្រព្យ​នៅ​តំបន់​ណាមួយ គួរ​គិត​ពី​គម្រោង​របស់​រដ្ឋាភិបាល​ផង​ដែរ ហើយ​នៅ​ពេល​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​កន្លែង​ណាមួយ នៅ​កន្លែង​នោះ​នឹង​មាន​សន្ទុះ​ទាំង​តម្លៃ​ដី និង​សក្ដានុពល ។ ដូច្នេះ អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ជា​ពិសេស លើ​ដីធ្លី ត្រូវ​មើល​ពី​ចំនុច​ទាំងនេះ​ដើម្បី​ទទួល​បាន​ជោគជ័យ មិន​ដូច្នេះ​ទេ​នឹង​ជួប​ការ​បរាជ័យ​ជា​មិន​ខាន ។

ចំណែក​លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ CPL ក៏​បាន​ចែករំលែក​ចំណេះដឹង​ពី​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ដោយ​លោក​ឧកញ៉ា​លើក​ឡើង​ថា ការ​ចាកចេញ​របស់​ចិន ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ហ្គេ​ម​អន​ឡាញ វា​នឹង​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ខេត្ត​នេះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​វិនិយោគ គួរតែ​បង្កើន​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ តែ​ផ្ដោត​ទៅ​លើ​វិស័យ​ទេសចរណ៍​ជំនួស​វិញ ដោយសារ​តែ​ខេត្ត​នេះ ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្ពស់​លើវិស័យ​ទេសចរណ៍ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ