រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៤ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាចំបាប់កម្ពុជា សហការជាមួយនាយកដ្ឋានអប់រំកាយ និងកីឡា តាំងពីថ្ងៃទី៥ មេសា មកនោះបានបញ្ចប់ជាស្ថាពរហើយកាលពីរសៀលថ្ងៃទី៩ មេសា ។ ពិធីបិទការប្រកួតត្រូវបានគេរៀបចំធ្វើនៅក្នុងសាលប្រកួតកីឡាចំបាប់នៃពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពលោកមុិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា លោក Casey Barnett អនុប្រធានទី១ សហព័ន្ធកីឡាចំបាប់កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកីឡា ព្រមទាំងប្រតិភូកីឡា និងកីឡាករ-កីឡាការិនីជាច្រើននាក់ទៀត ។
សម្រាប់ការប្រកួតឆ្នាំនេះមានសមាគម និងក្លិបចូលរួមចំនួន៨រួមមាន សមាគមកីឡាចំបាប់ក្រសួងមហាផ្ទៃ, សមាគមកីឡាចំបាប់រិទ្ធិសែនមានរិទ្ធិ, សមាគមកីឡាចំបាប់យាយព្រីងមានរិទ្ធិ, សមាគមកីឡាចំបាប់ឃ្លាំងមឿង, សមាគមកីឡាចំបាប់បារមីម៉ឺនឯក, ក្លិបកីឡាចំបាប់ CICI, ក្លិបកីឡាចំបាប់ល័ក្ខរ៉ៃយុ៉ង និងក្លិបភ្នំពេញ ។ សរុបកីឡាករ-កីឡាការិនីដែលបានចូលរួមមានចំនួន២២២នាក់ ។ ឆ្លងកាត់ការប្រកួតអស់រយៈពេល៥ថ្ងៃ យើងទទួលបានលទ្ធផលដូចខាងក្រោមគឺ ៖
វិញ្ញាសាចំបាប់សម័យសេរី ផ្នែកនារីទម្ងន់៤៨គីឡូក្រាម លេខ១ កីឡាការិនី ឌន ស្រីម៉ៅ មកពីសមាគមកីឡាក្រសួងមហាផ្ទៃ ។ ផ្នែកនារីទម្ងន់សេរី លេខ១ កីឡាការិនី ឌន ស្រីម៉ៅ ដដែល ឯផ្នែកបុរស លេខ១ កីឡាករឌន សៅ មកពីក្លិបភ្នំពេញ ។ ទម្ងន់៧០គីឡូក្រាមបុរស លេខ១ កីឡាករងួន មករា មកពីក្លិបភ្នំពេញ ។ ទម្ងន់៥៥គីឡូក្រាមបុរស លេខ១ កីឡាករចាប លិញ មកពីក្លិបបារមីម៉ឺនឯក ។ ទម្ងន់៦០គីឡូក្រាមបុរស លេខ១ កីឡាកររស់ ផល្លី មកពីសមាគមកីឡាក្រសួងមហាផ្ទៃ ។
វិញ្ញាសាចំបាប់សម័យក្រិករ៉ូម៉ាំង ផ្នែកបុរសទម្ងន់៥៧គីឡូក្រាម លេខ១ កីឡាករនុត សុផល មកពីសមាគមកីឡាក្រសួងមហាផ្ទៃ ។ ទម្ងន់៧៥គីឡូក្រាមបុរស លេខ១ កីឡាករជុន ធូ មកពីក្លិបភ្នំពេញ ។ ទម្ងន់សេរីបុរស លេខ១ កីឡាករឌន សៅ មកពីក្លិបភ្នំពេញ ។ វិញ្ញាសាចំបាប់បុរាណ ផ្នែកបុរសទម្ងន់៥១គីឡូក្រាម លេខ១ កីឡាករឆន ធី មកពីក្លិបឃ្លាំងមឿង ។ ទម្ងន់៥៥គីឡូក្រាមបុរស លេខ១ កីឡាករយឺន យឿន មកពីក្លិបបារមីម៉ឺនឯក ។ ទម្ងន់៥៩គីឡូក្រាមបុរស លេខ១ កីឡាករយុន ប៊ុណ្ណា មកពីក្លិបបារមីម៉ឺនឯក ។ ទម្ងន់៦៣គីឡូក្រាមបុរស លេខ១ កីឡាករដំ ដេត មកពីក្លិបម៉ឺនឯក ។ ទម្ងន់៦៦គីឡូក្រាមបុរស លេខ១ កីឡាករយឹម តារ៉ា មកពីក្លិបភ្នំពេញ ។ ទម្ងន់សេរីបុរស លេខ១ កីឡាករហេង រិទ្ធី មកពីក្លិបឃ្លាំងមឿង។ ផ្នែកនារីដែលមានតែ១ប្រភេទទម្ងន់៥៥គីឡូក្រាមនោះ លេខ១ កីឡាការិនីវ៉ាន់ ហយ មកពី ក្លិបភ្នំពេញ ។
លោកមុិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំប្រកួតកីឡាចំបាប់នេះ គឺផ្តល់ឱកាសឱ្យកីឡាករ-កីឡាការិនីបានបញ្ចេញសមត្ថភាពទេពកោសល្យដែលខ្លួនបានហ្វឹកហាត់កន្លងមក ដើម្បីដកស្រង់បទពិសោធន៍ជ្រើសយកចំណុចខ្លាំង ហើយកែប្រែដុសខាត់រាល់អ្វីដែលខ្វះខាត ។ ទន្ទឹមនឹងនេះដែរ ការប្រកួតកីឡាចំបាប់នេះបានចូលរួមអភិវឌ្ឍន៍ និងអភិរក្សជាពិសេសកីឡាចំបាប់បុរាណ ដែលជាមរតករបស់ដូនតាខ្មែរបន្សល់ទុកតាំងពីសម័យអង្គររហូតមកដូចមានចារឹកនៅលើប្រាង្គប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ជាតឹកតាងស្រាប់ ។ នៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នតែងតែរៀបចំការប្រកួតកីឡាចំបាប់នៅពេលមានពិធីបុណ្យផ្សេងៗ ។ លោកបានបន្តទៀតថា ដើម្បីឱ្យប្រភេទកីឡាចំបាប់កាន់តែទទួលបានការគាំទ្រ និងទទួលបានមេដាយកាន់តែច្រើនទៀតនោះ គឺ ត្រូវរកអ្នកដែលមានសមត្ថភាពពិតប្រាកដ ដោយចាប់ផ្តើមបណ្តុះបណ្តាលថ្នាលតាមកម្រិតអាយុ និងបង្កើនបរិមាណកីឡាករ-កីឡាការិនី ក្លិប សមាគមកីឡាចំបាប់ឱ្យបានទូលំទូលាយទាំងចំបាប់សម័យ និងបុរាណ ។ អភិរក្ស និងអភិវឌ្ឍកីឡាចំបាប់បុរាណខ្មែរឱ្យក្លាយទៅជាកីឡាទំនើបប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងបង្កើតឱ្យមានការប្រកួតជារៀងរាល់ឆ្នាំ និងជាពិសេសនោះស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតនេះ លោក Casey Barnett ជានាយកសាលា Cam Ed និងជាអនុប្រធានទី១ សហព័ន្ធកីឡាចំបាប់កម្ពុជាបានចំណាយប្រាក់ផ្ទាល់ខ្លួនឧបត្ថម្ភដល់ក្លិប សមាគមចំនួន៨ ដែលបានចូលរួម ក្នុង១ក្លិប/សមាគមចំនួន៥០ម៉ឺនរៀល ។ ក្រៅពីនោះ លោកវ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធ ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន៥ម៉ឺនរៀលក្នុងមួយក្លិបផងដែរ ៕
ចែករំលែកព័តមាននេះ