ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​ប្រកបការងារ​គ្រប់​សកម្មភាព​អាជីវកម្ម​ឡើង​វិញ


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ហាមឃាត់​បរទេស​មិន​ឲ្យ​ប្រកប​មុខរបរ​មួយ​ចំនួន កាល​ពេល​ថ្មី​ៗ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​មុខរបរ​គ្រប់​ប្រភេទ​ឡើង​វិញ ដោយ​អះអាង​មាន​តម្រូវការ​ជំនាញ​នៅ​ក្នុង​ប្រទេស ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ស្តី​ពី​ការ​អនុញ្ញាត​ឡើង​វិញ នៃ​សកម្មភាព​ស្វ័​យ​និ​យោជន៍​ដោយ​ជនបរទេស​បាន​លើក​ឡើង​យ៉ាង់​ដូច្នេះ​ថា ៖«​សូម​ជម្រាប​ជូន​សាធារណជន សហគ្រាស គ្រឹះស្ថាន និង​ជនបរទេស​ដែល​ធ្វើ​សកម្មភាព​ស្វ័​យ​និ​យោជន៍​ជ្រាប​ថា យោង​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឡើង​វិញ​នូវ​គ្រប់​សកម្មភាព​ស្វ័​យ​និ​យោជន៍​ដោយ​ជនបរទេស​» ។

គួរ​រំលឹក​ថា ក្រសួង​ការងារ​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ​២០១៩ បាន​ចេញ​ប្រកាស​ដោយ​ដាក់​កំហិត​មិន​ឲ្យ​ជនបរទេស​ធ្វើការ និង​ប្រកប​មុខរបរ​ចំនួន​១០​ប្រភេទ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ បើ​តាម​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពី​ថ្ងៃ​ទី​២៨ ខែ សីហា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា មុខរបរ​ដែល​ស្ថិត​ក្នុង​បំរាម​ទាំង​អស់នោះ​រួម​មាន ការ​លក់ដូរ ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ គ្រប់​ប្រភេទ​ម៉ាស្សា និង​ចាប់​សរសៃ តាម​សាធារណៈ​កាត់សក់ អ៊ុតសក់ ថែរក្សា សម្ផស្ស ប៉ះ​កង់ ជួសជុល​យានយន្ត​កាត់ដេរ សេវាកម្ម​ដេរ និង សម្អាត​ស្បែកជើង ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍​ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប និង​ជាងទង និង​ជាង​ច្នៃត្បូង​ពេជ្រ ។

សេចក្តី​ប្រកាស​ដដែល​បាន​សង្កត់ធ្ងន់​ថា «​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មិន ផ្តល់ ឬ​មិន​បន្ត​សុពលភាព​បណ្ណ​សៀវភៅ​ការងារ ដល់​ជនបរទេស​ដែល​កំពុង​ប្រកប​មុខរបរ និង​ការងារ​ដូច​បាន​កំណត់​ខាងលើ​នោះ​ទេ ។ ហើយ​ជន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ប្រកាស​នេះ​នឹង​ត្រូវ​ធ្វើការ​ពិន័យ​ជា​ប្រាក់ និង​ផ្តន្ទាទោស​តាម​បទ​ប្ប​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និង​បទបញ្ញត្តិ​ជា​ធរមាន ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពី​ខែមីនា ឆ្នាំ ២០១៩ បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨ ក្រសួង​បាន​ផ្តល់​បណ្ណ និង​សៀវភៅ​ការងារ​ដល់​ជនបរទេស​ចំនួន​១៣៥,២០១​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ