ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹក​ប្រមាណ​៦០%​បាន​វិល​ទៅ​លំនៅ​ឋាន​វិញ​ហើយ ខណៈ​មួយ​ចំនួន​មិន​ទាន់​ហ៊៊ា​ន​​ទៅ ​ព្រោះ​នៅ​កៀក​អូរ​ព្រំដែន​ពេក

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ គិត​ត្រិ​ម​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី ៣១ ធ្នូ ជនភៀសសឹក​ប្រមាណ​ចន្លោះ​ពី​៥០ ទៅ ៦០% បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ​ហើយ ក្រោយ​បទ​ឈប់​បាញ់​៧២​ម៉ោង…

ខេត្តបាត់ដំបង​៖ គិត​ត្រិ​ម​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី ៣១ ធ្នូ ជនភៀសសឹក​ប្រមាណ​ចន្លោះ​ពី​៥០ ទៅ ៦០% បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ​ហើយ ក្រោយ​បទ​ឈប់​បាញ់​៧២​ម៉ោង បាន​អស់​សុពលភាព​។ នេះ​បើ​តាម​លោក​អភិបាលខេត្ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​។

អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​មាន​ប្រសា​ស​ន៏​ថា ប្រជាពលរដ្ឋ ដែល​ភៀស​សឹក​មក​ណី​តាម​បណ្ដា​ស្រុក​នានា នៅ​ភាគ​ខាងលិច នៃ​ខេត្តបាត់ដំបង បាន​ចាប់ផ្ដើម​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គាត់​រៀង​ៗ​ខ្លួន ប្រមាណ​ចន្លោះ​ពី​៥០ ទៅ ៦០% ហើយ បើ​គិត​ត្រិ​ម​ម៉ោង​១១​ថ្ងៃ​ត្រង់នេះ​។ លោក​បាន​បញ្ជាក់​ថា ពួក​គាត់​ចាប់ផ្ដើម​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ បន្ទាប់​ពី​បទ​ឈប់​បាញ់​ចំនួន​៧២​ម៉ោង ត្រូវ​បាន​បញ្ចប់​។ ពួក​គាត់​ប្រហែល​មិន​មិន​ត្រឡប់​មក​វិញ​ជា​ថ្មី​ទេ ព្រោះ​ពេល​នេះ​នៅ​ពុំ​មាន​បន្ទាត់​ក្រហម​ត្រង់​ចំណុច​ណា ដែល​គូរ​ឲ្យ​គាត់​ព្រូ​យ​បារម្ភ​ពី​សុវត្ថិភាព​ទៀត​ទេ​។

បើ​ទោះជា​លោក​អភិបាលខេត្ត បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា មាន​«​សុវត្ថិភាព​»​ហើយ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ​ភៀស​សឹក​មួយ​ចំនួន​នៅ​តែ​មិន​ស្ងប់ចិត្ត មិន​ទាន់​ហ៊ាន​ចាក​ចេញពី​ជំរុំ​ភៀស​សឹក​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​នៅឡើយ​។ ជា​ពិសេស​ពលរដ្ឋ​ដែល​មានផ្ទះ​រស់នៅ​កៀក​ជាប់​នឹង​អូរ​ព្រំដែន​ក​ម្ព​ជា ថៃ ដែល​មើល​គ្នា​ឃើញ​។ ពួក​គេ​នៅ​តែ​បារម្ភ នៅ​តែ​ភ័យ​ខ្លាច​ពី​ការ​បាញ់​ផ្លោង​តាម​ការ​នឹកឃើញ ពី​សំណាក់​ក្រុម​ទាហាន​ថៃ​ដដែល​។

នៅ​ក្នុង​ជំរុំ​ភៀស​សឹក​«​វត្ត​ខ្នាចរមាស​» ស្រុក​ប​វេ​ល លោក គឹ​ម យេ​ត អាយុ​៦៧​ឆ្នាំ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ធ្នូ ដូច្នេះ​ថា «​ខ្ញុំ​រត់​មក​ពី​ស្រុក​សំពៅ​លូន​។ ខ្ញុំ​មិន​ទាន់​ហ៊ាន​វិល​ទៅ​ផ្ទះ​វិញ​ទេ ព្រោះ​ផ្ទះ​ខ្ញុំ​នៅ​កៀក​នឹង​អូរ​ព្រំដែន​ពេក​។ ខ្ញុំ​នៅ​តែ​បារម្ភ​ពី​សុ​វត្តិភាព ខ្ញុំ​នៅ​តែ​ខ្លាច​វា​បាញ់​ទៀត នាំ​ពិបាក​រត់​មក​វិញ ចឹ​ង​រង់ចាំ​ឲ្យ​ស្ងប់​បន្តិចទៀត​សិន ចាំ​នាំ​កូនចៅ​ទៅ​វិញ​»​។ លោក គឹ​ម យេ​ត ក៏​ដូច​ជនភៀសសឹក​ដទៃ​ទៀត​ដែរ ដែល​មិន​ទាន់​ចាក​ចេញពី​ជំរុំ​នៅឡើយ សុទ្ធតែ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ដូច​ៗ​គ្នា ដោយសារ​តែ​ផ្ទះ​របស់​ពួក​គាត់​នៅ​ជាប់​អូរ​ព្រំដែន​ពេក ដែល​ឈរ​មើលឃើញ​ពួក​ទាហាន​ថៃ នៅ​ត្រើយម្ខាង​អូរ​ព្រំដែន​។

ពួក​គាត់​និយាយ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ភាគច្រើន​ពួក​គេ​មានផ្ទះ​នៅ​ឆ្ងាយ​ពី​ព្រំដែន តែ​អ្នក​នៅ​ក្បែរ​អូរ​ព្រំដែន​មិន​ទាន់​ហ៊ាន​សម្រេចចិត្ត​ទៅ​ទេ​។ ស្រុក​សំពៅ​លូន គឺជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​ចំនួន​០៤ នៃ​ខេត្តបាត់ដំបង ដែល​ជាប់​ព្រំប្រទល់ ប្រទេស​ថៃ ហើយ​ក៏​ជា​ស្រុក​មួយ​ដែល​រង​នូវ​គ្រាប់​ផ្លោង​របស់​ពួក​ទាហាន​ថៃ ស្ទើរ​ទក់​សាច់​ជាងគេ​ដែរ ជាមួយនឹង​ស្រុក​ភ្នំព្រឹក​។

អភិបាលស្រុក​សំពៅ​លូន លោក ហម សំខាន់ ក៏​បាន​ទ​ទូល​ស្គាល់​ដែរ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មានផ្ទះ​សម្បែង​នៅ​កៀក​ជាប់​អូរ​ព្រំដែន ពួក​គាត់​ពិតជា​មិន​ទាន់​ហ៊ាន​វិល​ត្រឡប់​មក​លំនៅ​ឋាន​វិញ​មែន ព្រោះ​ពួក​គេ​នៅ​ភ័យ​ខ្លាច​នៅឡើយ​។ ប៉ុន្តែ​យ៉ាងណា គិត​ត្រិ​ម​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី ៣១ ធ្នូ នេះ​ជនភៀសសឹក​ប្រមាណ​ជា​៥០% ក្នុងស្រុក​សំពៅ​លូន បាន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​វិញ​ហើយ​។ ត្រង់​ចំណុច​នេះ លោក ហម សំខាន់ ក៏​បាន​និយាយ​ផង​ដែរ ពី​ដំណឹង​ខាង​ភាគី​ថៃ​។

លោក​បាន​បញ្ជាក់​ថា ខាង​ភាគី​ថៃ ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ អាជ្ញាធរ​គេ ក៏​បាន​ជូនដំណឹង​ទៅ​កាន់​ពលរដ្ឋ​របស់​គេ​ដែល​បាន​ភៀស​សឹក​ចោលផ្ទះ​ស​ម្បែ​ក ក៏​បាន​អំពាវនាវ​ឲ្យ​ពួក​គេ​ត្រឡប់​មក​កាន់​លំនៅ​ឋាន​វិញ​ដែរ​។ លោក​សង្ឃឹមថា ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​ហាក់​មានការ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​។ ដូច្នេះ​ប្រជាពលរដ្ឋ​យើង​ក៏​អាច​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ជា​បណ្ដើរ​ៗ ដើម្បី​បាន​បង្កបង្កើន​ផល និង ប្រកប​មុខរបរ​លក់ដូរ​ដូច​ធម្មតា​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ