ទីបំផុតការប្តេជ្ញាចិត្តរបស់គ្រូបង្វឹកមុខមាំ ចូសេ ម៉ូរីញ៉ូ បានជួយឱ្យកូនសិស្សរបស់លោក គឺក្លិបតោខៀវ Chelsea រកបានកៅអី១ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមលំដាប់កំពូលរបស់បារាំងឡឺសំផ្ចូណា Paris SG ដោយលទ្ធផល 2-0 ក្នុងពហុកីឡដ្ឋានStamford Bridge ។
លទ្ធផលសរុបទាំងពីរជើងគឺស្មើ 3-3 ក៏ប៉ុន្តែគិតតាមរូបមន្តគ្រាប់បាល់ក្រៅផ្ទះ ក្រុមតោខៀវ Chelsea រកបានកៅអី១ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។នៅក្នុងដំណើរការប្រកួត ការគ្រប់គ្រងបាល់របស់ក្រុមទាំងពីរគឺប្រហាក់ប្រហែលគ្នា ។ ក្រុមម្ចាស់ផ្ទះ Chelsea គ្រប់គ្រងបាល់បាន៥៥ភាគរយ និង Paris SG មាន៤៥ភាគរយ ។ ចំណែកឯឱកាសសុ៊តបាល់បញ្ចូលទីវិញគឺក្រុម Chelsea មានចំនួន១១លើក (៦លើកចំគោលដៅ) ខណៈ Paris SG មាន១៣លើក (៥លើកចំគោលដៅ)។
ក្នុងតង់ទីមួយ ក្រុម Chelsea ដែលព្យាយាមចិញ្ចឹមចិត្តទម្លាក់ក្រុម Paris SG បានធ្វើការវាយសម្រុកយា៉ងខ្លាំង ហើយជាលទ្ធផលនៅនាទី៣២កីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ Andre Schurrle ស៊ុតបាល់បញ្ចូលទីបាន១គ្រាប់នាំមុខParis SG ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួតតង់ទី១ ។
ចូលមកដល់តង់ទី២ ក្រុមទាំងពីរបានវាយបកគ្នាទៅវិញទៅមកតែពុំអាចរកគ្រាប់បាល់បញ្ចូលទីបានរហូតដល់នាទី៨៧មុនបញ្ចប់ការប្រកួត៣នាទី កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Denba Ba របស់ក្រុម Chelsea ស៊ុតបាល់បញ្ចូលទីបំប៉ោងសំណាញ់បាន១គ្រាប់បន្ថែមទៀត ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត៩០នាទី ធ្វើឱ្យក្រុម Chelsea យកឈ្នះ Paris SG ដោយលទ្ធផល 2-0 ។ ចំណែកឯការប្រកួត១គូទៀត ក្រុម Dortmund បានយកឈ្នះ Real M 2-0 ក៏ប៉ុន្តែជ័យជម្នះនេះបានត្រឹមតែស្រក់ទឹកភ្នែក ពីព្រោះសរុបគ្រាប់បាល់ទាំងពីរជើងគឺចាញ់ Real M 3-2 ៕
ចែករំលែកព័តមាននេះ