នៅក្រោមកុងត្រាថ្មីរវាងអ្នករៀបចំការប្រកួត និងសមាគមវាយកូនបាល់បុរស-នារី ATP-WTA Tours ទឹកប្រាក់រង្វាន់សរុបរបស់ក្របខ័ណ្ឌធំ US Open នឹងត្រូវបង្កើនដល់៥០លានដុល្លារអាមេរិកត្រឹមឆ្នាំ២០១៧ ខណៈកាលបរិច្ឆេទបញ្ចប់ការប្រកួត គឺត្រូវរើសយកថ្ងៃអាទិត្យវិញ ។ លោក Brad Drewett ប្រធានសមាគម ATP Tour បានថ្លែងថា ៖ «ការបង្កើនចំនួនទឹកប្រាក់រង្វាន់សរុបយ៉ាងច្រើនបែបនេះ គឺជាប្រវត្តិសាស្ត្រមួយនៅក្នុងប្រភេទកីឡានេះ ហើយវាក៏បានបង្ហាញឱ្យឃើញនូវការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ផងដែរលើការទទួលស្គាល់ដ៏ពិតប្រាកដចំពោះអានុភាពដែលបណ្តាកីឡាករ និងកីឡាការិនីមានសម្រាប់ទទួលបានជ័យជម្នះ US Open» ។
សូមបញ្ជាក់ថា ឆ្នាំកន្លងទៅ សមាគមកីឡាវាយកូនបាល់សហរដ្ឋអាមេរិក (USTA) បានបង្កើនទឹកប្រាក់រង្វាន់សរុបសម្រាប់ក្របខណ្ឌ US Open ប្រមាណជា ៤,១លានដុល្លារ សរុបទឹកប្រាក់រង្វាន់គឺ៣៣,៦លាន ខណៈទឹកប្រាក់ឆ្នាំ២០១២ មានត្រឹម២៥,៥លាន ។ ដោយឡែកនៅឆ្នាំនេះព័ត៌មានពីការបន្ថែមទឹកប្រាក់នៅពុំទាន់លេចឮឡើយ ៕
ចែករំលែកព័តមាននេះ