នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា កីឡាការិនីវាយកូនបាល់លេខ៩ ពិភពលោកនៅតែរក្សាបានភាពល្បីល្បាញរបស់ខ្លួន មិនថានៅលើទីលានប្រកួតនោះទេ ប៉ុន្តែនៅលើតារាងប្រាក់ចំណូលប្រចាំឆ្នាំផងដែរ ។ យោងតាមបញ្ជីចំណូលដែលរៀបចំដោយទស្សនាវដ្តីអាមេរិក Forbes ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា កីឡាការិនីវ័យ២៦ឆ្នាំ ជាតិរុស្ស៊ីរូបនេះ ជាប់លំដាប់ទី២ ក្នុងនាមជាអ្នករកប្រាក់ចំណូលបានច្រើនបំផុតក្នុងវិស័យកីឡាវាយកូនបាល់ផ្នែកស្ត្រីប្រចាំឆ្នាំ២០១៣ ។
ចំណូលដែលនាងរកបានសរុបក្នុងមួយឆ្នាំកន្លងទៅនេះគឺមាន៩០លានដុល្លារអាមេរិក ខណៈ ទ្រព្យសម្បត្តិសរុបរបស់នាងបានមកពីការប្រកួតមានប្រហែលជា ២៦,៨៧លានដុល្លារ ។ ចំណូលជាសំខាន់របស់នាងបានមកពីការដើរម៉ូដ និងកុងត្រាដៃគូផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនឯកជន ។ កុងត្រាដែលមានទឹកប្រាក់ដ៏ច្រើនគឺជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike ។
ទោះជាយ៉ាងណា នាងនៅចាញ់កីឡាកររ៉ូជើ ហ្វេដឺរ័រ ។ ឆ្នាំ២០១៣ កន្លងទៅ កីឡាករស្វ៊ីសរូបនេះរកចំណូលបាន ១៤០លានដុល្លារអាមេរិក ។ ចំណែកកីឡាការិនី២រូបផ្សេងទៀតនោះ គឺ បងប្អូនត្រកូលវីលៀមនាងស៊េរីណា និងនាងវេនីស ស្ថិតលំដាប់ទី៣ និងទី៤ ។ បើទោះជាបងប្អូនគេទាំង២នេះពុំមានរូបសម្រស់ស្រស់ស្អាតស្មើនឹងសារ៉ាប៉ូវ៉ាក្តី ប៉ុន្តែភាពល្បីល្បាញរបស់ពួកគេនៅលើទីលានប្រកួតពិតជាធំធេងខ្លាំងណាស់។ ស៊េរីណា ដែលគេស្គាល់ថា ជាអធិរាជស្ទើរគ្រប់ទីលានប្រកួតនោះរកចំណូលសរុបបានប្រមាណជា៨៥លានដុល្លារ ខណៈអតីតកីឡាការិនីលំដាប់ទី១ ពិភពលោក វេនីស វីលៀម រកបាន ៨១លានដុល្លារ ៕
ចែករំលែកព័តមាននេះ