ខេត្តបាត់ដំបង ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធមុន្នី បានជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូទាំងបំពានច្បាប់បណ្តាលឱ្យ២នាក់ប្តី ប្រពន្ធដេកស្លាប់ទន្ទឹមគ្នាយ៉ាងអាណោចអាធ័មបំផុតកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី៨ មេសា ២០១៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោងដ៏គ្រោះថ្នាក់មួយកន្លែងក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ រីឯអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ភ្លាមៗដែរពេលបុកមនុស្សស្លាប់។
មន្ត្រីនគរបាលចរាចរណ៍បាននិយាយថា ជនរងគ្រោះ២នាក់ ប្តីប្រពន្ធនោះ ប្តីឈ្មោះផាវ សុផាត អាយុ៣៥ឆ្នាំ ឯប្រពន្ធឈ្មោះទាវ ចាន់រី អាយុ២៧ឆ្នាំ ជាអ្នកលក់ចាប់ហួយ និងមានកូនតូចៗ២នាក់ រស់នៅក្នុងភូមិស្វាយជាតិ ឃុំរាំងកែសី ស្រុកសង្កែ។ ជនរងគ្រោះជិះម៉ូតូសណ្តោងរទេះដឹកឥវ៉ាន់ចាប់ហួយ រីឯរថយន្តបង្កហេតុ គឺជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធមុន្នី ពាក់ស្លាកលេខភ្នំពេញ៣B៤៩៤៩។
មន្ត្រីដដែលបានបន្តថា រថយន្តនេះធ្វើដំណើរពីទិសខាងកើតទៅលិច លុះដល់ចំណុចផ្លូវកោងដោយសារបើកលឿនពេកក៏ជ្រុលឆ្លងគំនូសលឿងទៅបុកអ្នកជិះម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នាទាំងបំពាន និងកិនចំក្បាលបណ្តាលឱ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធចោលកូនតូចៗតែម្តង។
ក្រោយបើកបុកមនុស្សហើយអ្នកបើកបររថយន្តបានបើករត់ចម្ងាយ២០០ម៉ែត្រទើបឈប់ ហើយបើកទ្វារចុះរត់គេចខ្លួនបាត់ ខណៈអ្នកជិះម៉ូតូមួយចំនួនជិះដេញតាមពីក្រោយយ៉ាងប្រកិត៕
ចែករំលែកព័តមាននេះ