រាជធានីភ្នំពេញ ៖ កន្លងមក បើទោះជា កម្ពុជាមានកីឡាទ្រីយ៉ាត្លុងជាយូរមកហើយក៏ដោយ ក៏វិញ្ញាសាមួយនេះហាក់មិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ។ អ៊ីចឹងហើយ ទើបវត្តមានកីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុង អួន ច័ន្ទភត្រា ដែលកំពុងហ្វឹកហាត់បង្កើនសមត្ថភាព ហើយត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វ៊ីលីពីនឆ្នាំនេះ ត្រូវបានគេចាប់អារម្មណ៍ថា នឹងកាន់តែជួយឲ្យកម្ពុជាមានមុខបង្អួតកីឡាមួយនេះនៅលើឆាកអន្តរជាតិ មិនចាញ់ប្រទេសមួយចំនួនឡើយ ។ កីឡាការិនីរូបនេះមានការប្តេជ្ញាចិត្តក្នុងការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ខណៈដែលនាងក៏ធ្លាប់ជាម្ចាស់ មេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោក World Police and Fire Games កាលពីពេលកន្លងទៅដែរ ។
កីឡាការិនីរូបនេះ រំពឹងយ៉ាងខ្លាំងថា នាង នឹងធ្វើបានល្អសម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈអ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកក្រុមជម្រើសជាតិទ្រីយ៉ាត្លុង ក៏រំពឹងថា កូនសិស្សរបស់គាត់នឹងធ្វើបានល្អក្នុងការប្រកួតដូចគ្នា ព្រោះតែនាងកាន់តែរីកចម្រើន។
កីឡាការិនី អួន ច័ន្ទភត្រា ដែលតំណាងឲ្យកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វ៊ីលីពីនឆ្នាំនេះប្រកាសថា នាងនឹងធ្វើបានល្អសម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅស៊ីហ្គេម ។ ជាមួយនឹងការខិតខំប្រឹងប្រែងហ្វឹកហាត់ ព្រមជាមួយនឹងបទពិសោធន៍ចូលរួមការប្រកួតលំដាប់ពិភព លោកលើកដំបូងក្នុងព្រឹត្តិការណ៍ World Police and Fire Games នៅប្រទេសចិននោះ កាន់តែធ្វើឲ្យនាងកក់ក្ដៅពីលទ្ធផល ។
គួររំឭកថា សម្រាប់ការប្រកួត World Police and Fire Games ដែល អួន ច័ន្ទភត្រា ទទួលបានមេដាយប្រាក់លើវិញ្ញាសាហែលទឹក១,៥គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់១០គីឡូម៉ែត្រ កីឡាការិនីវ័យ២០ឆ្នាំរូបនេះបានឆ្លងកាត់ការប្រកួតជាមួយកីឡាការិនីមានសមត្ថភាពខ្លាំងៗជាច្រើនប្រទេស ។ កត្តានេះគឺជាចលករដែល ធ្វើឲ្យនាងមានជំនឿចិត្តកាន់តែខ្ពស់សម្រាប់ការ ប្រកួតស៊ីហ្គេម ។
បច្ចុប្បន្ន នាងរួមជាមួយមិត្តរួមក្រុមដទៃទៀតកំពុងហ្វឹកហាត់យ៉ាងសកម្មជាមួយកាល វិភាគដ៏មមាញឹក ក្រោមការបង្វឹក និងត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹក គឺអ្នក ស្រី សូ រ៉ាន់ដេត នៅពហុកីឡដ្ឋានជាតិមរតក តេជោ ។ នាងនិយាយថា នាងមិនទាន់អាច ដឹងពីកម្រិតសមត្ថភាពរបស់កីឡាករគេយ៉ាង ណានោះទេ តែនាងប្តេជ្ញាថានឹងតាំងចិត្តមិន ភ័យ មិនតក់ស្លុត និងប្រឹងប្រែងប្រកួតដើម្បី ដណ្តើមបានមេដាយជូនជាតិនៅស៊ីហ្គេមនោះ។ រាល់ថ្ងៃគ្រូបង្វឹកបានដាក់កម្មវិធីហ្វឹកហាត់ខ្លាំងៗ ឲ្យនាងកាន់តែខ្លាំង ខណៈដែលនាងក៏មើលឃើញថាខ្លួនរីកចម្រើនជាងមុនដែរ ។ នាងត្រូវតំណាងកម្ពុជាប្រកួតលើវិញ្ញាសាឌូអា ត្លុង ដោយមានរត់១០គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និង រត់៥គីឡូម៉ែត្រ ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅហ្វ៊ីលីពីន ។
ចំណែកកីឡាការិនី ហ៊ោ ធីតា ដែលជា បេក្ខភាព១រូបក្នុងការប្រកួតកីឡាស៊ីហ្គេមនៅ ហ្វ៊ីលីពីនដែរ ក៏បានបង្ហាញការជឿជាក់លើ សមត្ថភាពរបស់នាងថានឹងធ្វើបានល្អដូចគ្នានឹង ភត្រា ។ ធីតា ដែលត្រូវលេងលើវិញ្ញាសាទ្រីយ៉ាត្លុងបណ្តាក់ បានសន្យាថា នឹងធ្វើឲ្យបានល្អនៅក្នុងការប្រកួត បើទោះជាមិនបានដឹងថាកីឡាករគេមានសមត្ថភាពយ៉ាងណានោះក្តី ដោយសារវាជាវិញ្ញាសាថ្មីសម្រាប់ការប្រកួត នេះ ជាហេតុធ្វើឲ្យមិនដឹងថាកីឡាករដែលត្រូវ ចូលរួមមានកំណត់ត្រាបែបណា ។
នាងនិយាយថា ការហ្វឹកហាត់របស់ភត្រានិងរូបនាង ពីមុននិងឥឡូវគឺខុសគ្នាច្រើន ដោយសារឥឡូវពួកនាងសម្រុកខ្លាំង ជាពិសេសពេលជិត ដល់ថ្ងៃប្រកួតដែលពួកនាងមិនអាចបន្ធូរដៃ។ រីឯឡាការិនី ភត្រា ក៏បង្ហាញពីក្តីកង្វល់ពាក់ ព័ន្ធនឹងសមត្ថភាពកីឡាករមកពីប្រទេសផ្សេងៗ ដែរ ដោយនាងបានចាត់ទុកកីឡាករម្ចាស់ ផ្ទះ សិង្ហបុរី ថៃ វៀតណាម ជាឧបសគ្គដ៏ធំ សម្រាប់ការចូលរួមលើកដំបូងរបស់នាង។
ក្នុងចំណោម៣វិញ្ញាសាគឺ ហែលទឹក ជិះកង់ និងរត់ កីឡាការិនីភត្រាដែលមានស្រុកកំណើត នៅភ្នំពេញរូបនេះ ចាត់ទុកការជិះកង់ ជាវិញ្ញាសាលំបាកហ្វឹកហាត់ និងមានគ្រោះថ្នាក់ជាងគេ ព្រោះនៅតាមផ្លូវដែលពួកនាងហ្វឹកហាត់ មាន ចរាចរណ៍ដ៏មមាញឹក ។
សម្រាប់អ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកក្រុម ជម្រើសជាតិទ្រីយ៉ាត្លុង បានដាក់ក្តីរំពឹងខ្ពស់លើវិញ្ញាសាឌូអាត្លុង ក្នុងការប្រកួតដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វ៊ីលីពីនឆ្នាំនេះ។ ក្នុងនាមជាគ្រូបង្វឹក អ្នកស្រីនឹងសិក្សាពីកំណត់ត្រារបស់កីឡាករតាមប្រទេសនីមួយៗយកមក ប្រៀបធៀបជាមួយកំណត់ត្រារបស់កីឡាករ កម្ពុជា ដើម្បីសិក្សាពីចំណុចខ្សោយនិងអភិវឌ្ឍន៍បន្ថែម ។
អ្នកស្រីនិយាយថា ក្រោយពីសិក្សាពីកំណត់ត្រា(Record)ប្រទេសដទៃ កម្ពុជានៅមានចំណុច ខ្សោយខ្លះ តែអ្នកស្រីនឹងប្រើឲ្យអស់ពីសមត្ថភាព ដើម្បីបង្វឹកសិស្ស ។ គ្រូបង្វឹករូបនេះបន្ថែមថា សហព័ន្ធនឹងរកឱកាសបញ្ជូនកីឡាការិនីឆ្នើមៗ ឲ្យចេញប្រកួតក្រៅស្រុកឲ្យបានច្រើន ដោយ ក្នុងករណីបើស្វែងរកជំនួយឧបត្ថម្ភដើម្បីបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេសមិនបាន សហព័ន្ធនឹងទៅបោះជំរំហ្វឹកហាត់នៅខេត្តកែប ដែលជាទីតាំងសក្តានុពលក្នុងការអភិវឌ្ឍកីឡាទ្រីយ៉ាត្លុង ។
អ្នកស្រីនិយាយទៀតថា ការប្រកួតកីឡា ស៊ីហ្គេមនៅប្រទេសហ្វ៊ីលីពីនចុងឆ្នាំនេះ សហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងបញ្ជូនកីឡាករកីឡា ការិនីចំនួន៨រូបឲ្យចូលរួម ដោយពួកគេលេងលើ ៣វិញ្ញាសាគឺ ទ្រីយ៉ាត្លុង ឌូអាត្លុង និងមិចទ្រី យ៉ាត្លុងរីលេ (Mix Relay)។ កីឡាករទាំង ៨រូបរួមមាន កីឡាការិនី អួន ច័ន្ទ ភត្រា , ថន សុម៉ាវត្តី, ហ៊ោ ធីតា, ផល រតនា, កីឡាករ នាងពេជ្រ ពិសិដ្ឋ, កាំង ធឿន, ណាំង ណៃ និង ជា សម្ផស្ស ៕ (កែ សម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ