រាជធានីភ្នំពេញ ៖ នាងវី ស្រីខួច ដែលអ្នកណាក៏ស្គាល់ថា ជាកីឡាការិនីផ្នែកប្រដាល់នាំមុខគេនៅកម្ពុជានោះ ពេលនេះកំពុងត្រេកត្រអាលនឹងដំណើរចេញទៅកាន់ប្រទេសបារាំងយ៉ាងខ្លាំង បន្ទាប់ពីឈ្មោះរបស់នាងក៏ស្ថិតនៅក្នុងបញ្ជីដែលមានសិទ្ធិចេញទៅប្រកួតដូចកីឡាករសេន ប៊ុនថេន និងកីឡាកររឿង សុភ័ណ្ឌ ដែរ ។
ជាមួយនឹងឱកាសនេះ នាងហាក់រំពឹងយ៉ាងខ្លាំងថា ពេលត្រឡប់មកវិញនាងនឹងមានលទ្ធភាពទិញដីបានមួយដុំសង់ជាជម្រក រួចផុតពីរស់នៅក្នុងផ្ទះតៀមដែលសង់តាមចិញ្ចើមផ្លូវខុសច្បាប់ដូចសព្វថ្ងៃ ។ គ្មានអ្នកណាមិនដឹងនោះទេថា កីឡាការិនីវី ស្រីខួច សិស្សគុនប្រចាំក្លិបនាគមានជ័យ ស្ថិតក្នុងត្រកូលជាកម្មករសំណង់ដ៏កម្សត់ម្នាក់នៅជាយក្រុងតាខ្មៅ ។ នាងមិនមានសូម្បីតែផ្ទះ និងដីស្របច្បាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយក្នុងពេលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងផ្ទះតៀមមួយដែលសង់នៅលើចិញ្ចើមថ្នល់ខុសច្បាប់តែបុ៉ណ្ណោះ ។ ដ្បិតថាមិនជួលគេនៅ បុ៉ន្តែផ្ទះរបស់នាង ក៏ត្រូវគេស្គាល់ថា មិនទទួលបានសិទ្ធិសាងសង់ដូចផ្ទះអ្នកភូមិឯទៀតនោះឡើយ ដោយក្នុងការរស់នៅ ក៏ត្រូវគេលើកឡើងថា រស់ដោយពិបាកក្នុងចំណោមបងប្អូនតូចៗរហូតដល់ជិត១០នាក់សរុបទាំងឪពុក និងម្តាយ ដែលពឹងតែលើមុខរបរធ្វើសំណង់ ។
វី ស្រីខួច ធ្លាប់បានអះអាងថា ផ្ទះតៀមរបស់នាងនៅលើចិញ្ចើមផ្លូវក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រៅពីការប្រដាល់ នាងក៏ធ្វើសំណង់ដូចឪពុកម្តាយ និងធ្វើជាកម្មការិនីរោងចក្រដូចនារីដែលគ្មានឱកាសសិក្សាមួយចំនួនទៀតផងដែរ ដោយគ្រាន់តែការធ្វើសំណង់របស់នាង គឺមិនសូវជាប់លាប់ក្នុងពេលមមាញឹកនឹងការហ្វឹកហាត់ឡើងរេញនោះតែបុ៉ណ្ណោះ ។ មកទល់ពេលនេះ នាងនៅតែអះអាងថា ជីវភាពស្ថិតក្នុងភាពខ្វះមុខខ្វះក្រោយបន្ថែមពីលើសភាពរស់នៅក្នុងផ្ទះតៀម ដែលសាងសង់នៅលើចិញ្ចើមផ្លូវ មិនមែនជាដីចេញប្លង់ដោយសាលាខេត្តកណ្តាលនោះ ។ បើទោះជានាងប្រឹងឡើងប្រដាល់ផង និងធ្វើការដោយប្រើកម្លាំងផង រយៈពេលច្រើនឆ្នាំក៏ដោយ ក៏នាងអះអាងថា ជីវភាពជាក់ស្តែងហាក់មិនទាន់ស្គាល់ភាពធូរស្រាល ។
គាប់ជួនជានាងបានសិក្សាត្រឹមថ្នាក់ទី៧ ផង រឹតតែធ្វើឱ្យនាងមិនអាចធ្វើអ្វីដើម្បីលើកស្ទួយជីវភាព និងអាចជួយឪពុកម្តាយឱ្យមានដីសមរម្យរស់នៅក្រៅពីរស់នៅក្នុងជម្រកលើចិញ្ចើមផ្លូវដូចសព្វថ្ងៃ។ ទោះយ៉ាងណា នាងហាក់មានការរំពឹងយ៉ាងខ្លាំងថា ការប្រដាល់ដែលត្រូវគេប្រកាសថា នឹងចេញទៅបារាំងនាអំឡុងចុងខែឧសភាក្រោយបុណ្យចូលឆ្នាំខ្មែរនោះ នឹងអាចសម្រួលស្ថានភាពរស់នៅបានខ្លះ ។ វី ស្រីខួច ថ្លែងដោយក្តីត្រេកអរនឹងឱកាសដែលគេជ្រើសរើសរូបនាងឱ្យចេញទៅប្រកួតនៅក្រៅប្រទេស ព្រោះនេះជាក្តីសង្ឃឹមមួយយ៉ាងខ្ពស់ដែលនាងគិតថា ជួយរំដោះឱ្យគ្រួសាររបស់នាងរួចផុតពីការរស់នៅលើចិញ្ចើមផ្លូវ ព្រោះបើនាងមានប្រាក់សមរម្យ គឺពិតជាអាចទិញដីខាងក្នុងៗ ជំនួសការរស់នៅលើចិញ្ចើមផ្លូវដូចបច្ចុប្បន្នបាន ។ តាមការអះអាងថា ផ្ទះដែលនាងរស់នៅរាល់ថ្ងៃ បើមានគម្រោងពង្រីកផ្លូវនោះពិតជាត្រូវបាត់បង់ អុីចឹងហើយទើបនាងមិនដែលសប្បាយចិត្តឡើយក្នុងពេលលើកឡើងពីអនាគត ឬស្ថានភាពទៅមុខនៅក្នុងគ្រួសារ ។
នាងរំពឹងថា តម្លៃខ្លួន និងប្រាក់ធីបដែលបានទទួលពីការប្រកួតនៅប្រទេសបារាំង នឹងជួយឱ្យនាងអាចទិញដីបានម្តុំក្នុងភូមិបាន ។ ដ្បិតថា នាងមិនទាន់ច្បាស់ពីតម្លៃខ្លួន បុ៉ន្តែនាងអះអាងថា ដំណើរចេញទៅប្រកួតនៅបារាំងរយៈពេលមួយខែរបស់នាង ពិតជាជួយឱ្យនាងសល់ប្រាក់ច្រើនត្រឡប់មកវិញ ពិសេសគឺប្រាក់លើកទឹកចិត្តពីបងប្អូនខ្មែរដែលរស់នៅទីនោះ ។ អ្វីដែលអាចឱ្យនាងទទួលបានសំណាងនោះ មានហេតុផលតែមួយគត់គឺក្នុងពេលប្រកួតនៅបារាំង ត្រូវតែឈ្នះដូចនៅលើរេញស្រុកខ្មែរគ្រប់លើក ។ ទាំងនេះហើយដែលរុញឱ្យ វី ស្រីខួច ហ្វឹកហាត់រាល់ថ្ងៃ ដោយសូម្បីតែការចេញដំណើរនៅសល់ប្រមាណជាងមួយខែទៀត ។ នាងកំពុងពុះពារហ្វឹកហាត់ និងហាត់រត់រាល់ព្រឹកដើម្បីយកឈ្នះលើគ្រប់កីឡាការិនីបារាំង ទាក់ទាញការស្រឡាញ់អាណិតពីបងប្អូនខ្មែរនៅក្នុងប្រទេសបារាំង ដោយនៅពីក្រោយការប្រឹងប្រែងនេះនាងរំពឹងតែមួយគត់ គឺអាចជួយទិញដីបានមួយដុំតូចជំនួសឱ្យការរស់នៅក្នុងជម្រកសព្វថ្ងៃ ។ វី ស្រីខួច ប្រាប់ថា នៅក្នុងភូមិដែលនាងរស់នៅ មិនមានដីណាដែលតូចថោកនោះទេ បុ៉ន្តែបើនាងមានប្រាក់ខ្ទង់ពាន់ដុល្លារពីការប្រដាល់នៅបារាំងនោះពិតជាអាចទិញកូនដីស្រែផ្លូវក្នុងមួយកន្លែងណាបាន ។
ក្នុងបទសម្ភាសន៍ចុងក្រោយ នាងបញ្ជាក់ដដែលជាដដែលថា ការប្រឹងប្រែងស្ទុះស្ទាក្នុងគម្រោងចេញទៅបារាំង នាងចង់បានតែមួយគត់គឺល្បីឈ្មោះបានប្រកួតញឹក ហើយទទួលបានកម្រៃច្រើនដូចការគ្រោងទុក ៕
ចែករំលែកព័តមាននេះ