រាជធានីភ្នំពេញ ៖ មន្ត្រីថ្នាក់ដឹកនាំធំៗនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃទី៧ មេសា បានរៀបចំពិធីសូត្រមន្តលើករាសីក្នុងទីស្នាក់ការរបស់ខ្លួន ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ដោយមានការចូលរួមពីអ្នកលេងកីឡាជើងចាស់ជាច្រើននាក់ទៀត។
ថ្នាក់ដឹកនាំសំខាន់ៗដែលបានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តនោះរួមមាន លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោកនុត សាអាន អនុប្រធាន NOCC និងលោកវ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រមទាំងមន្ត្រីក្រោមឱវាទគ្រប់ជាន់ថ្នាក់ជាច្រើននាក់ ។ ពិធីនេះតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការអញ្ជើញអតីតកីឡាករ-កីឡាការិនីជើងចាស់ឱ្យមកចូលរួមដើម្បីរំលឹកដឹងគុណនូវស្នាដៃដែលពួកគាត់ធ្លាប់បានសាងទាំងលើឆាកជាតិ និងអន្តរជាតិ កាលពីសម័យមុន ។
សំខាន់ជាងនេះទៅទៀត ពិធីសូត្រមន្តដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងធ្វើមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះបានក្លាយជាទម្លាប់ទៅហើយ ដើម្បីផ្តល់ឱកាសឱ្យអ្នកលេងកីឡាជើងចាស់ និងយុវជនជំនាន់ក្រោយបានជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់នូវរង្វាន់លើកទឹកចិត្តជាវត្ថុអនុស្សាវរីយ៍ដល់កីឡាករ-កីឡាការិនីជើងចាស់ដែលបានអញ្ជើញមកចូលរួមផងដែរ ។
បន្ទាប់ពីពិធីសូត្រមន្តចប់សព្វគ្រប់ នៅល្ងាចថ្ងៃដដែលក៏មានរៀបចំពិធីពិសាអាហារសាមគ្គី ដោយមានការចូលរួមពីអតីតកីឡាករ-កីឡាការិនីជើងចាស់ បុគ្គលិក និងអ្នកសារព័ត៌មានមកពីស្ថាប័ននានាជាច្រើននាក់ ៕
ចែករំលែកព័តមាននេះ