រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចេញរបាយការណ៍ថ្មីមួយនិយាយពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩នេះ ដោយបញ្ជាក់ថានឹងសម្រេចបាន ៧ភាគរយ ហើយឆ្នាំ ២០២០ ខាងមុខនឹងមានកំណើនចុះថយបន្តិចគឺអាចត្រឹម ៦,៨ភាគរយ ។ តែយ៉ាងណាក៏ដោយ ដើម្បីអោយសម្រេចនូវកំណើននេះកម្ពុជាត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ ។
របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ីកាលពីចុងខែមុននេះ បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តសម្រេចបានកំណើនរឹងមាំក្នុងឆ្នាំ ២០១៩នេះ បើទោះបីជាផលិតកម្មកសិកម្មមានការកើនឡើងយឺតជាងការរំពឹងទុកក៏ដោយ ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អំពីសេដ្ឋកិច្ច ដែលមានឈ្មោះថាទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សា ការព្យាករណ៍របស់ខ្លួន អំពីកំណើនផលិតផលក្នុងស្រុកសរុប ពិតសម្រាប់កម្ពុជា ក្នុងកម្រិត៧ភាគរយ សម្រាប់ឆ្នាំ ២០១៩នេះ និង៦,៨ភាគរយ នៅឆ្នាំ ២០២០ ។
លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាបន្តរីកចម្រើនក្នុងល្បឿនមួយដ៏ខ្លាំងក្លា ដោយសារកំណើននៃវិស័យមួយចំនួន ដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់ ។ ជាមួយនឹងភាពមិនប្រាកដប្រជានៃបរិកាសពាណិជ្ជកម្មសកល មានកើនឡើង ព្រមទាំងផលប៉ះពាល់របស់វាមកលើវិស័យសេវាកម្ម ដូចជាទេសចរណ៍ កម្ពុជាត្រូវការយុទ្ធសាស្ត្រពិពិធកម្មមួយ ជាបន្ទាន់ ដែលផ្ដោតលើអ្វី ដែលមានភាពសមស្របសម្រាប់ ខ្លួនឯងព្រមទាំងផ្ដោតលើផលិតផលនិងសេវាកម្មដែលមានតម្លៃ បន្ថែមខ្ពស់ជាងមុន ។
លោកស្រីបានបន្តថា «ការធ្វើបែបនេះតម្រូវឱ្យកាត់បន្ថយហានិភ័យ ដែលកើតមានឡើងពីការផ្ដល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងតែមានកំដៅកើនឡើង ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយជំនាញ និងមានផលិតផលខ្ពស់ជាងមុន ដើម្បីរក្សាតុល្យភាពនឹងប្រាក់ឈ្នួលដែលកំពុងកើនឡើង និងទាក់ទាញការវិនិយោគមូលធនប្រកបដោយគុណភាពខ្ពស់ ដែលទាំងអស់នេះត្រូវការឱ្យមានផងដែរនូវអភិបាលកិច្ចល្អ និងស្ថាប័នដែលរឹងមាំ» ។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានកត់សម្គាល់ពីហានិភ័យចំពោះផលិតកម្មដែលអាចរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ។ គ្រោះរាំងស្ងួតដែលបានកើតឡើងនៅអំឡុងពាក់កណ្ដាលឆ្នាំ ដំបូង បានធ្វើអោយផលិតកម្មកសិផល និងជលផលមានការធ្លាក់ចុះ ដោយបានកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម មកត្រឹមតែប្រមាណ១,១ភាគសម្រាប់ឆ្នាំ ២០១៩នេះ ។ កំណើនវិស័យឧស្សាហកម្ម មានភាពរឹងមាំដោយសារតែកំណើនដ៏ឆាប់រហ័សនៃផលិតកម្មកាត់ដេរសម្លៀកបំពាក់ស្បែកជើង ជាពិសេសទំនិញ សម្រាប់ការធ្វើដំណើរ ដែលបាននាំឱ្យមានការតម្លើងការព្យាករណ៍របស់ADB ពី ១០,១ភាគយ សម្រាប់វិស័យនេះ ។
របាយការណ៍ដដែលបានបញ្ជាក់ថា កំណើននៃការនាំចូលលឿនជាងការរំពឹងទុក បើទោះបីការនាំចេញទំនិញ និងការមកដល់នៃភ្ញៀវទេសចរ មានការកើនឡើងយ៉ាងរឹងមាំ ក៏ដោយ ។ ដូច្នេះ ឱនភាពគណនីចរន្ត ត្រូវបានរំពឹងថានឹងកើនឡើងនៅក្នុងរយៈពេលនៃការព្យាករណ៍នេះ ។
គួរបញ្ជាក់ផងដែរថា សេដ្ឋវិទូមួយចំនួនក៏បានផ្ដល់ជាទស្សនទានដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារអន្តរជាតិ ដើម្បីរក្សានូវកំណើនដ៏រឹងមាំរបស់ខ្លួនបន្តបន្ទាប់ទៀត ខណៈកម្លាំងពលកម្មក្នុងស្រុកក៏បានបន្តកើនឡើង ជាពិសេសទៅលើប្រាក់ឈ្នួលអប្បបរមានៃកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ