អាជ្ញាធរមីនកម្ពុជា ៖ ទាមទារការថ្កោលទោសចំពោះអ្នកប្រើគ្រាប់បែកចង្កោម គ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល
ហ្សឺណែវ ស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់…
ហ្សឺណែវ ស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់…
ហ្សឺណែវ ស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់ លោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ក្នុងជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ថា “ទោះបីប្រទេសនោះ មិនមែនជារដ្ឋភាគី នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសលើប្រជាជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌ និងត្រូវតែធ្វើសេចក្តីថ្កោលទោស” ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់ទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ អំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ បានបង្កផលប៉ះពាល់រយៈពេលយូរ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច ។
ឯកឧត្តម បន្តទៀតថា ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែងថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ ។
ក្នុងស្មារតី នៃអនុសញ្ញានេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនរងគ្រោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានទាមទារឱ្យអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ធ្វើការថ្កោលទោសឱ្យបានខ្លាំងក្លាចំពោះអ្នកប្រើប្រាស់គ្រាប់បែកចង្កោម និងឱ្យទទួលខុសត្រូវចំពោះផលប៉ះពាល់អវិជ្ជមានយូរអង្វែង ជាពិសេសការបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល ៕


ចែករំលែកព័តមាននេះ