រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីប្រវត្តិដើមបទចម្រៀង ”ឱភ្នំពេញអើយ” ។ សម្តេចតេជោបានសរសេលើបណ្តាញសង្គមនៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ថា ម្សិលមិញ ខួបលើកទី៤៧ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០២៥)។ នៅសល់ជាង១ខែទៀត នឹងឈានដល់ ខួបលើក៤៧ នៃថ្ងៃជ័យជំនះលើរបប ប៉ុល ពត (៧មករា១៩៧៩-៧មករា២០២៦)។ ចម្រៀងបទ (ឱភ្នំពេញអើយ) នៅតែជាការចងចាំរបស់ប្រជាជនកម្ពុជា ។
សម្តេចតេជោ បានលើកឡើងថា ៖ “សម្រាប់ខ្ញុំចម្រៀងមួយបទនេះ ស្តាប់ហើយហូរទឹកភ្នែក ដោយការរំភើប។ ទឹកដៃនិពន្ធ ទំនុកច្រៀងដោយបង កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំផលិតដោយបង ជ័យ សោភា និងច្រៀងដោយក្មួយ សូ ចន្នី ពិតជាគួរឲ្យគោរព និងកោតសរសើរ ។
សម្តេចបានបន្តថា ៖ ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោសពីវិញ្ញាណក្ខន្ធបង កែវ ចិន្តា បង ជ័យ សោភា ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះ ខ្ញុំយល់ច្រឡំថា គ្រួសារបង កែវ ចិន្តា និងគ្រួសារបង ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់បទ(ឱភ្នំពេញអើយ) ប៉ុន្តែនៅពេលខ្ញុំ ឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅក្នុងនោះ បានបញ្ជាក់ថា ម្ចាស់ស្នាដៃបទ«ឱភ្នំពេញអើយ» គឺលោកអ៊ុំ (ម៉ម ធឿន) បានទទួលមរណភាពហើយ។ ដំបូងឡើយ ខ្ញុំគិតថា អាចមានបទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំង ខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់ជាងគេ ដែលនៅទីនោះ មានអង្គភាពសិល្បៈ ទាំងបុរាណ ទាំងសម័យ និងបង ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿងដែលមិនអាចទៅរួចឡើយ។ (សិល្បៈកងទ័ពសព្វថ្ងៃ កកើតពីខែកក្កដា ឆ្នាំ១៩៧៨ ដែលមានខ្ញុំជាបង្កើត)
ចំណុចកាន់តែច្បាស់ បទនេះ មិនអាចនិពន្ធមុនរំដោះភ្នំពេញ បានឡើយ ព្រោះក្នុងខ្លឹមសារ នៃបទចម្រៀង មានពាក្យ (ឱភ្នំពេញអើយ បីឆ្នាំនឹកអ្នកក្នុងឱរា) (ភ្នំពេញដួងព្រលឹងជាទីស្នេហា បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លាអង់អាចក្លាហាន) (អើយឱភ្នំពេញអើយ ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ អើយភ្នំពេញអើយ) ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់គ្រាន់ថា បទចម្រៀងនេះ និពន្ធក្រោយភ្នំពេញ ត្រូវបានរំដោះ មិនមែននៅឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ ។
សម្តេចតេជោ បានបន្ថែមថា ម្យ៉ាងទៀតចម្រៀងនេះ មិនបានឮចាក់ផ្សាយមុនថ្ងៃ៧ មករា ១៩៧៩ ផងដែរ ។ មកនិយាយពីប្រវត្តិបទ នៃចម្រៀង (ឱភ្នំពេញអើយ) វេលាថ្ងៃត្រង់ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញ ត្រូវបានរំដោះ ខ្ញុំមិនប្រាកដថា បង កែវ ចិន្តា សរសេរនៅពេលល្ងាច ឬពេលយប់ ៧មករា នោះទេ ព្រោះពេលនោះ កំពុងប្រជុំមហាសន្និបាតបក្ស លើកទី៣ ។ ល្ងាចថ្ងៃ៨ មករា មានការប្រជុំ ដើម្បីចាត់តាំងរដ្ឋាភិបាល ដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែបង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែបង កែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌ ។ យប់ថ្ងៃ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទមហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួលទានបាយជាប់ជាមួយបង កែវ ចិន្តា គាត់ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយសម្លេងរណសិរ្សតាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ ។
សម្តេច បានបញ្ជាក់បន្ថែមថា ៖ ព្រឹកថ្ងៃ៩ មករា ១៩៧៩ មានការប្រជុំរដ្ឋាបាលលើកដំបូង ដើម្បីបែងចែកភារកិច្ច។ ក្រោយប្រជុំចប់ឃើញឃើញបង ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ ទៅដល់ ដើម្បីឆ្លងយោបល់បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯបង ជ័យ សោភា និយាយមកកាន់ខ្ញុំថា បង ហ៊ុន សែន នៅជួយយោបល់ផង។ ទម្លាប់បង ជ័យ សោភា ហៅខ្ញុំថា បង ទោះគាត់មានអាយុច្រើនជាងខ្ញុំក៏ដោយ ។ បង ជ័យ សោភា ចាក់បទឱភ្នំពេញអើយ ៣ដង។ ក្រោយស្តាប់រួចបង កែវ ចិន្តា ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជាបន្ថែមសម្លេងទ្រ ។ ខ្ញុំមិនច្បាស់ថាបង ជ័យ សោភា ធ្វើតាមការណែនាំរបស់បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ ដែលអាចបំភ្លឺបាននោះ គឺក្មួយ សូ ចន្នី។ ប្រសិនបើគាត់ច្រៀងថតឡើងវិញ មានន័យថា
បង ជ័យ សោភា ធ្វើតាមបង កែវ ចិន្តា ប្រសិនបើបើមិនថតឡើងវិញ អាចថតតាមក្រោយទៀត ព្រោះចម្រៀងនេះ ត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ ។ ដូចនេះតាមការស្មានរបស់ខ្ញុំបង កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាចថ្ងៃ៧ ឬយប់ថ្ងៃ៧ មករា។ ប្រគល់ឲ្យបង ជ័យ សោភា រៀបភ្លេង និងផលិតនៅថ្ងៃ៨ ឬយប់ថ្ងៃ ៨មករា និងព្រឹកថ្ងៃ៩ មករា ១៩៧៩ ម៉ោងជាង១០ព្រឹក ឆ្លងយោបល់បង កែវ ចិន្តា ។
សម្តេចតេជោ ក៏បានដាក់សំណួរ តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នកនិពន្ធនៅពេលណា ? ពេលចាក់ផ្សាយដំបូងមិនមាននិយាយពីអ្នកនិពន្ធទេ។ ចូលដល់ខែកញ្ញា ឆ្នាំ១៩៧៩ គណប្រតិភូជាន់ខ្ពស់ដឹកនាំ ដោយសម្តេច ហេង សំរិន ដែលរូបខ្ញុំ និងបង កែវ ចិន្តា អមដំណើរផងដែរទៅទស្សនកិច្ចនៅឡាវ ។ ក្នុងពិធីជប់លៀងអ្នកចម្រៀងឡាវ ច្រៀងបទឱភ្នំពេញអើយ ដោយអ្នកឧទ្ទេសនាមបកជាភាសារខ្មែរថា បទ(ឱភ្នំពេញអើយ និពន្ធដោយសមមិត្ត កែវ ចិន្តា) តាំងពីពេលនោះមក មិនមានអ្នកណា ទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង ជ័យ សោភា ផងដែរ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏លើកឡើងទៀតថា ៖ ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅលោក ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយព័ត៌មានខុស ដោយអចេតនា ដែលថា លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង (ឱភ្នំពេញអើយ) ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតពីខ្ញុំ នាពេលនោះ ។
ខ្ញុំសូមលោក chun sothy ធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយខុស ។ ការខិតខំស្រាវជ្រាវ និងពន្យល់របស់ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយ ព្រោះបទចម្រៀង(ឱភ្នំពេញអើយ) ជាបទចម្រៀងប្រវត្តិសាស្ត្រ ៕


ចែករំលែកព័តមាននេះ