ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ប្រាក់​បំរុង​អន្តរជាតិ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​និង​មាស​ប្រមាណ​៣០​តោន​ទុក​នៅ​ធនាគារ​ចំនួន​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំណូល​សំខាន់​ៗ​ចម្បង​សម្រាប់​ប្រទេស​កម្ពុជា​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល​គឺ​មាន​ប្រភព​មក​ពី​ស្ថាប័ន​ចំនួន​ពីរ​ដែល​មាន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ជាក់ស្តែង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​គឺ​ស្ថាប័ន​ទាំង​ពីរ បាន​ប្រមូល​ពន្ធ​កើនឡើង​លើស​ពី​ផែនការ​គ្រោងទុក​សម្រាប់​ឆ្នាំ ២០១៩​នេះ​ទៅ​ហើយ ត្រឹមតែ​រយៈពេល​៩​ខែ​ប៉ុណ្ណោះ ។ ​ជាង​នេះ​ទៅ​ទៀត​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ចំណូល​សំខាន់​ៗ​ចម្បង​សម្រាប់​ប្រទេស​កម្ពុជា​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល​គឺ​មាន​ប្រភព​មក​ពី​ស្ថាប័ន​ចំនួន​ពីរ​ដែល​មាន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ជាក់ស្តែង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​គឺ​ស្ថាប័ន​ទាំង​ពីរ បាន​ប្រមូល​ពន្ធ​កើនឡើង​លើស​ពី​ផែនការ​គ្រោងទុក​សម្រាប់​ឆ្នាំ ២០១៩​នេះ​ទៅ​ហើយ ត្រឹមតែ​រយៈពេល​៩​ខែ​ប៉ុណ្ណោះ ។

​ជាង​នេះ​ទៅ​ទៀត​កម្ពុជា ក៏​មាន​ប្រាក់​បំរុង​អន្តរជាតិ ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​និង​មាស​ប្រមាណ​៣០​តោន​ទុក​នៅ​ធនាគារ​ប្រទេស​ស្វី​ស ១៥​តោន នៅ​ធនាគារ​ប្រទេស​អង់គ្លេស និង​៣​តោន នៅ​ធនាគារជាតិ​នៃ​កម្ពុជា ។ នេះ​បើ​យោង​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ ប៊ែ​ល​ធី កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ម្សិលមិញ​នេះ​។

សម្តេច​តេ​ជោ​ក៏​បានដឹង​ថា​ត្រឹមតែ​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ ប្រមូល​ពន្ធ​បាន​ប្រមាណ​២.៣៨៤​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​ប្រមាណ​១០៥​ភាគរយ នៃ​ផែនការ​គ្រោងទុក​សម្រាប់​ឆ្នាំ ២០១៩​នេះ ខណៈ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ជា​ស្ថាប័ន​ប្រមូល​ពន្ធ​ក្នុងស្រុក ក៏​ប្រមូល​បាន​ប្រមាណ​៩៥​ភាគរយ​នៃ​ផែនការ​សម្រាប់​ឆ្នាំ ២០១៩​នេះ​ទៅ​ហើយ​ដែរ ដូច្នេះ ក្នុង​ឆ្នាំ ២០១៩​ដែល​នៅ​សល់ រយៈពេល​៣​ខែ​ទៀត យើង​ជឿ​ថា​ចំណូល​ពន្ធគយ និង​ពន្ធដារ អាច​នឹង​កើនឡើង​ខ្ពស់ សម្រាប់​អោយ​កម្ពុជា​យក​មក​ប្រើប្រាស់​ជា​ទុន​បង្វិល​។ ​

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ចំណូល​ពន្ធគយ​ក្នុង​ឆ្នាំ ២០១៩​នេះ​អាច​លើស​ផែនការ រហូត​ដល់​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​មួយ​ខែ​គយ​អាច​ប្រមូល​បាន​២៥០​លាន​ទៅ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក »​។ ​ជា​មធ្យម​ក្នុង​មួយ​ខែ កម្ពុជា​អាច​រក​ចំណូល​បាន​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ចាយ​អស់​៣០០​លាន​ដុល្លារ និង​សន្សំ​បាន​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រាក់​ដែល​កម្ពុជា​សន្សំ​នេះ​គឺ​សម្រាប់​ទុក​វិនិយោគ​ជា​សាធារណៈ​ដោយ​ខ្លួនឯង និង​មិន​រង់ចាំ​ប្រាក់​ជំនួយ​បរទេស​នោះ​ឡើយ ដូច្នេះ​កម្ពុជា​មិនបាច់​យក​ប្រាក់​ដែល​នឹង​ទទួល​បាន​ពី​ប្រេង យក​មក​ចំណាយ​ចរន្ត​នោះ​ទេ ។ នេះ​បើ​យោង​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​។

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា ក៏​មាន​ប្រាក់​បំរុង​អន្តរជាតិ ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​និង​មាស​ប្រមាណ​៣០​តោន​ទៀត​ដែរ ដោយ​ក្នុង​ចំណោម​មាស​៣០​តោន​នោះ គឺ​១២​តោន​នៅ​ធនាគារ​ប្រទេស​ស្វី​ស ១៥​តោន នៅ​ធនាគារ​ប្រទេស​អង់គ្លេស និង​៣​តោន នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ប្រទេស​កម្ពុជា ។ នេះ​ជា​វឌ្ឍនភាព​មួយ​របស់​កម្ពុជា ចាប់តាំងពី​កម្ពុជា​បាន​ចាប់ផ្ដើម​កសាង​ប្រទេស​ពី​បាតដៃ​ទទេ​គ្មាន​អ្វី​សោះ ដល់​មាន​ប្រាក់​បំរុង​អន្តរជាតិ​ជាង​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រៅពី​នោះ​ដែរ កម្ពុជា​ក៏​មាន​ប្រាក់សុទ្ធ​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ប្រើប្រាស់​សព្វថ្ងៃ នៅ​ពេល​មាន​វិបត្តិ​ណាមួយ ជាក់ស្ដែង នៅ​ពេល​ដែល​កម្ពុជា មាន​វិបត្តិ​អគ្គិសនី កម្ពុជា​ក៏​បាន​បញ្ចេញ​ប្រាក់​៤០០​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ និង​មិន​អោយ​កើតឡើង​វិញ ម្ដងទៀត​នៅ​ពេល​ក្រោយ ហើយ​ប្រាក់​នេះ ជា​កម្ចី​របស់​រដ្ឋាភិបាល ទៅ​អគ្គិសនី កម្ពុជា ដែល​អគ្គិសនី កម្ពុជា ត្រូវ​សង​ត្រលប់​មក​វិញ​នៅ​ថ្ងៃក្រោយ ។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​បញ្ចេញ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ សម្ដេច​តេ​ជោ​បាន​បញ្ជា្ក​ក់​បន្ថែម​ថា «​បើសិនជា​កម្ពុជា​មិន​មាន​ប្រាក់​ទុនបំរុង​នោះ​ទេ ម្ល៉េះ​កម្ពុជា​មិន​អាច​កសាង​ប្រទេស​បាន​នោះ​ឡើយ » ។

​សូម​រំលឹក​ថា អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កំណត់​ផែនការ​ប្រមូល​ពន្ធ​អោយ​បាន​២.២៨៧​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩​នេះ តែ​រយៈពេល​៩​ខែ​នេះ​ស្ថាប័ន​នេះ ប្រមូល​ពន្ធ​បាន​ប្រមាណ​ជាង​២,១៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ ដែល​ស្មើនឹង​ប្រមាណ​៩៥​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ ២០១៩ ដែល​រំពឹង​ថា​នឹង​លើស​ផែនការ​សម្រាប់​ឆ្នាំ ២០១៩ ។

យោង​តាម​ការ​ព្យាករណ៍​របស់​ធាន​គារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៩​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​មាន​ភាពរឹងមាំ​ដោយ​នឹង​សម្រេច​បាន ៧​ភាគរយ ហើយ​ឆ្នាំ ២០២០ ធនាគារ​អភិវឌ្ឍន៍​ព្យាករណ៍​ថា​នឹង​មាន​កំណើន ៦,៨​ភាគរយ ប៉ុន្តែ​កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ផង​ដែរ ដើម្បី​រក្សា​កំណើន​ដ៏​រឹង​មាំ​របស់​ខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ