តាមបណ្តាញសារព័ត៌មានបរទេសមួយផ្សាយថា នៅក្នុងត្រីមាសដំបូងដើមឆ្នាំ២០១៤នេះ ការនាំចូលរថយន្តពីបរទេសរបស់ប្រទេសវៀតណាម បានកើនឡើង៤៤,១% នៅក្នុងបរិមាណនៃការនាំចូល១០.១០០គ្រឿង ដែលមានទំហំទឹកប្រាក់១៨០លានដុល្លារ និងកើនឡើង៣២,២% ក្នុងការវាយតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ។
ការិយាល័យពន្ធគយវៀតណាម បានឱ្យដឹងថា ភាគច្រើននៃរថយន្តដែលនាំចូល ជាប្រភេទរថយន្តប្រណីតសុីដាន និង SUV ។ ការបង្កើនបរិមាណនៃការនាំចូលរថយន្តក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានប៉ះពាល់ដល់ទីផ្សាររថយន្តដំឡើងក្នុងស្រុក ដែលកំពុងតែបង្ហាញឱ្យឃើញនូវនិន្នាការដាំក្បាលចុះ ។ ចំណែកសមាគមក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម បានបញ្ជាក់ថា ទីផ្សាររថយន្តក្នុងស្រុកលក់បាន៤.៥០៩គ្រឿង ក្នុងខែកុម្ភៈ ធ្លាក់ចុះ៤៦% ទៅនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។ ដោយឡែក ប្រភពពីមន្ត្រីឧស្សាហកម្ម បានអះអាងថា ការខិតខំពុះពារនៃឧស្សាហកម្មផលិតរថយន្តរបស់វៀតណាម បានផ្តើមឡើងនូវការនាំចូលរថយន្តយ៉ាងល្អប្រសើររួចមកហើយ មុននឹងប្រទេសនេះចូលរួមជាមួយនឹងតំបន់ពាណិជ្ជកម្មសេរីអាស៊ាននាឆ្នាំ២០១៨ខាងមុខ ។
ជាងនេះទៅទៀត ការនាំចូលរថយន្តពីបរទេសកាលពីឆ្នាំ២០១៣ ត្រូវបានគេកត់សម្គាល់ឃើញថា សម្រេចបាន៣៤.៥០០គ្រឿង ស្មើនឹងទឹកប្រាក់៧០៩លានដុល្លារ កើនឡើង២៥,៩% និង១៥,២% ផ្សេងទៀត ជាកំណើនការវាយតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ។ ម៉្យាងទៀត នៅក្នុងពេលបច្ចុប្បន្ន ការហូតពន្ធក្នុងកម្រិតខ្ពស់ធ្លាក់ចុះទៅនឹងចំណុចសូន្យនៅក្នុងឆ្នាំ២០១៨ ដូច្នេះរថយន្តដែលនាំចូលមកពីប្រទេសអាស៊ាន ត្រូវបានគេរំពឹងថា មានចំនួនច្រើនលើសលុបលើទីផ្សារវៀតណាម ។ រីឯការនាំចូលរថយន្តនៅក្នុងឆ្នាំ២០១៤នេះ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង បន្ទាប់ពីការកាត់បន្ថយពន្ធនាំចូល៥០% ចំពោះរថយន្តនាំមកពីប្រទេសអាស៊ាន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៤ ។
ទោះជាយ៉ាងណាក៏ដោយ ស្ថិតិរបស់ការិយាល័យពន្ធគយ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៣ កន្លងមកនេះ ប្រទេសវៀតណាម បាននាំចូលរថយន្តពីប្រទេសថៃ និងឥណ្ឌូណេសុី ប្រមាណជា៨.៨២៦គ្រឿង គិតជាទឹកប្រាក់ស្មើនឹង១៥លានដុល្លារ ដែលតួលេខនេះច្រើនជាងបរិមាណក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១២ ទ្វេដង ៕
ចែករំលែកព័តមាននេះ