ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ថ្មី​បង្ហាញ​ថា ក្រុមហ៊ុន​អា​មេ​រិ​កខ្ចី​លុយ​ពី​ចិន​ច្រើន​ជាងគេ​លើ​ពិភពលោក

1 នាទី មុន

សហរដ្ឋអាមេរិក ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​សហរដ្ឋអាមេរិក​បាន​ព្រមាន​ប្រទេស​ដទៃ​កុំឱ្យ​ទុកចិត្ត​លើ​ប្រាក់​កម្ចី​ពី​បណ្តា​ធនាគារ​រដ្ឋ​ចិន​។ ប៉ុន្តែ​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ពី​ភាព​ហួសចិត្ត ដោយ​បណ្តា​ក្រុមហ៊ុន​អា​មេ​រិ​ក​ខ្លួនឯង គឺជា​អ្នក​ខ្ចី​លុយ​ពី​ធនាគារ​រដ្ឋ​ចិន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​។ យោង​របាយការណ៍​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា…

សហរដ្ឋអាមេរិក ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​សហរដ្ឋអាមេរិក​បាន​ព្រមាន​ប្រទេស​ដទៃ​កុំឱ្យ​ទុកចិត្ត​លើ​ប្រាក់​កម្ចី​ពី​បណ្តា​ធនាគារ​រដ្ឋ​ចិន​។ ប៉ុន្តែ​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ពី​ភាព​ហួសចិត្ត ដោយ​បណ្តា​ក្រុមហ៊ុន​អា​មេ​រិ​ក​ខ្លួនឯង គឺជា​អ្នក​ខ្ចី​លុយ​ពី​ធនាគារ​រដ្ឋ​ចិន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​។

យោង​របាយការណ៍​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ AidData ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ William & Mary សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា បណ្តា​ក្រុមហ៊ុន​អា​មេ​រិ​កបាន​ខ្ចី​លុយ​ពី​បណ្តា​ធនាគារ​រដ្ឋ​ចិន​ប្រមាណ​ជាង ២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មកនេះ ដែល​ច្រើន​ជាង​បណ្តា​ក្រុមហ៊ុន​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​។ ប៉ុន្តែ​កម្ចី​ទាំងនោះ ត្រូវ​បាន​ខ្ចី​ដោយ​សម្ងាត់ និង​បាន​បញ្ជូន​ទៅ​តាម​រយៈ​ក្រុមហ៊ុន​ស្រមោល​បរទេស​នៅ​ឯ​កោះ Cayman, Bermuda, Delaware និង​ទីតាំង​ផ្សេង​ទៀត ដើម្បី​ជួយ​បិទ​បាំង​ប្រភព​ដើម​។

ការ​ផ្តល់​ប្រាក់​កម្ចី​ភាគច្រើន ដើម្បី​ជួយ​ដល់​បណ្តា​ក្រុមហ៊ុន​ចិន សម្រាប់​ទិញ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​អា​មេ​រិ​ក ភាគច្រើន​ផ្តោត​ក្នុង​វិស័យ​បច្ចេកវិទ្យា​សំខាន់​ៗ និង​សន្តិសុខ​ជាតិ រួម​ទាំង ការ​ផលិត​មនុស្ស​យន្ត ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​បច្ចេកវិទ្យា​ជីវសាស្ត្រ​ផង​ដែរ​។​ជា​ឧទាហរណ៍ នៅ​ឆ្នាំ ២០១៥ ធនាគារ​រដ្ឋ​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី ១,២​ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ឯកជន​ចិន​មួយ ដើម្បី​ទិញ​ភាគហ៊ុន ៨០% នៅ​ក្នុង​ក្រុមហ៊ុន Ironshore ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អា​មេ​រិ​ក ហើយ​អតិថិជន​នៅ​ទីនោះ រួម​មាន​ទាំង​បុគ្គល​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល (CIA) និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI)​។ លុះ​ក្រោយមក មន្ត្រី​អា​មេ​រិ​ក​បានដឹង​រឿង​នេះ ហើយ​បាន​បញ្ជា​ឱ្យ​លក់​ចេញ​ភាគហ៊ុន​នោះ​ភ្លាម​តែ​ម្តង​។

នៅ​ឆ្នាំ​ដដែល​នោះ រដ្ឋាភិបាល​ចិន​បាន​បោះពុម្ពផ្សាយ​ផែនការ «​ផលិត​ចិន​ឆ្នាំ ២០២៥» ឬ «Made in China 2025» ដោយ​ផ្តោត​កាន់តែ​ខ្លាំង​លើ​ការ​ទិញ​ទ្រព្យសកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​បរទេស​។ បន្ទាប់​ពី​ការ​ចេញផ្សាយ​នោះ​មក ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​ផ្តោត​លើ​វិស័យ​សំខាន់​ៗ​ដូច​ជា ការ​ផលិត​មនុស្ស​យន្ត ការពារ​ជាតិ បច្ចេកវិទ្យា​ពហុ​ជំនាញ​នៃ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ជីវ​បច្ចេកវិទ្យា​បាន​កើនឡើង​ពី ៤៦% ដល់ ៨៨%​។

របាយការណ៍ AidData បាន​រក​ឃើញ​ថា ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ​ជាង ២ ទ្រី​លាន​ដុល្លារ ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០២៣ ដល់​ប្រទេស​ចំនួន ២០០ នៅ​ទូ​ទាំង​ពិភពលោក ពោល​កើនឡើង​ទ្វេ​ដង បើ​ធៀប​នឹង​ការ​ប៉ាន់​ប្រមាណ​ពី​មុន ដោយ​មិន​ត្រឹមតែ​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ​ទេ ក្នុង​រួម​ទាំង​ប្រទេស​អ្នកមាន​ផង​ដែរ​។ ក្រៅពី​អា​មេ​រិ​ក ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​នោះ បណ្តា​ក្រុមហ៊ុន​នៅ​ចក្រភព​អង់គ្លេស​ក៏​បាន​ខ្ចី​លុយ​ធនាគារ​រដ្ឋ​ចិន​ប្រហែល ៦០​ពាន់​លាន​ដុល្លារ និង​នៅ​បណ្តា សហភាព​អឺរ៉ុប (EU) ក៏​មាន​ចំណែក​ប្រហែល ១៦១​ពាន់​លាន​ដុល្លារ​ផង​ដែរ​៕ ប្រភព ៖ CNN, Reuters និង ABC News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ