បន្ទាប់ពីប្រកួតចាញ់ក្រុម West Brom 1-0 ក្នុងផ្ទះ រួមផ្សំនឹងលទ្ធផលមិនល្អពីមុនមកផងនោះ ទីបំផុតលោក Chris Hughton មិនអាចបន្តអង្គុយតំណែងកៅអីគ្រូបង្វឹកក្លិប Norwich បានតទៅទៀតទេ ។លោក ដេវីដ មា៉កណាលី នាយកប្រតិបត្តិក្លិប Norwich បាននិយាយឱ្យដឹងថា «យើងគ្មានជម្រើសណាល្អជាងការបណ្តេញគ្រូបង្វឹករូបនេះចេញពីតំណែងទេ ពីព្រោះលទ្ធផលប្រកួតនាពេលថ្មីនេះធ្វើឱ្យយើងខកចិត្តខ្លាំងណាស់» ។
គិតរហូតមកដល់ជុំទី៣៣នេះ ក្លិប Norwich កំពុងស្ថិតនៅមាត់ជ្រោះលំដាប់លេខ៤បាតតារាងមាន៣២ពិន្ទុ នាំមុខក្រុមលេខ៣បាតតារាង Fulham ដែលត្រូវកាត់ចោល ត្រឹមតែ៥ពិន្ទុប៉ុណ្ណោះ ។ទាក់ទងទៅនឹងការបណ្តេញចេញនេះ លោក Hughton បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តដ៏ឆាប់រហ័សរបស់គណៈគ្រប់គ្រងក្លិប ដែលមិនទុកឱកាសឱ្យលោកស្រោចស្រង់ក្លិបឡើងវិញ ។
លោកបាននិយាយថា៖ «ខ្ញុំមានជំនឿថាក្លិប Norwich នឹងមិនរបូតចេញពីក្របខណ្ឌអង់គ្លេសប្រឺមីញេលីកទេសម្រាប់រដូវកាលក្រោយ បើទោះជា៥ប្រកួតខាងមុខទៀតជួបសុទ្ធតែក្រុមខ្លាំងក៏ដោយ ។ ៥ប្រកួតចុងក្រោយរបស់ក្រុម Norwich គឺត្រូវជួបជាមួយក្រុម Fulham, Liverpool, Man Utd, Chelsea និង Arsenal ៕
ចែករំលែកព័តមាននេះ