ខេត្តរតនគិរី ៖ រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ២T៤៦១៣ បានក្រឡាប់បះជើងចេញសុទ្ធតែឈើប្រណីត ខណៈបើកគេចពីម៉ូតូមួយគ្រឿងចេញពីខារ៉ាអូខេ ហើយជ្រុលទៅបុកប៉ាណូហាងខារ៉ាអូខេពន្លកថ្មីបឹងយក្សឡោមបាក់អស់មួយផ្ទាំងធំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ មេសា ២០១៤ នៅលើផ្លូវជាតិលេខ៧៨ ចំណុចមុខហាងខារ៉ាអូខេពន្លកថ្មីបឹងយក្សឡោម ស្ថិតនៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង។
ក្រោយពីកើតហេតុបាន២០នាទីគេឃើញមានកម្លាំងប៉ូលិសចរាចរណ៍ក្រុងបានលុង និងប៉ូលិសចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបានចុះទៅដល់កន្លែងកើតហេតុ។
មន្ត្រីប៉ូលិសចរាចរណ៍ដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តឡិចស៊ីសខាងលើបានរងការខូចខាតទាំងស្រុង ហើយនៅក្នុងរថយន្តផ្ទុកសុទ្ធតែឈើប្រណីតប្រភេទធ្នង់ជាច្រើនដុំប្រវែង២ម៉ែត្រ។
មន្ត្រីប៉ូលិសដដែលបន្តថា ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុអត់បានឃើញមនុស្សណាម្នាក់នៅក្នុងរថយន្តទេ ទំនងជាបក្សពួកគេ ឬម្ចាស់ឈើនាំគ្នាមកជួយរំដោះទៅបាត់អស់ហើយ គ្រាន់តែសាក្សីនៅកន្លែងកើតហេតុប្រាប់ថា ពេលរថយន្តក្រឡាប់គេបានឃើញមនុស្សប្រុស២នាក់វារចេញពីរថយន្ត ហើយមានរថយន្តមួយគ្រឿងទៀតដែលគេសង្ស័យថា ជារថយន្តម្ចាស់ឈើមកជួយសង្គ្រោះយកទៅបាត់។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងឈើប្រណីតត្រូវប៉ូលិសចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តយកទៅរក្សាទុក៕
ចែករំលែកព័តមាននេះ