រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវម្តាយកាត់កាលចោលរយៈពេល៥ឆ្នាំមកហើយ ព្រោះតែរូបគេមិនគិតខំរកស៊ីអ្វីទាំងអស់ គិតតែប្រើប្រាស់ថ្នាំញៀន និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះរូបគេធ្លាប់ជាប់ពន្ធនាគារចំនួន៣ដងមកហើយពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ និងទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួន ។
ជាក់ស្តែងកាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺថ្ងៃទី៧ មេសា ២០១៤ ជននេះបានធ្វើសកម្មភាពគាស់ដំបូលតូបលក់ដូររបស់បងប្អូនជីដូនមួយខ្លួនឯងលួចយកទូរស័ព្ទដៃជាច្រើនគ្រឿង រួចគេចខ្លួនបាត់ស្រមោល។
លុះព្រឹកឡើងម្ចាស់មកបើកតូបលក់ដូរស្រាប់តែមានការភ្ញាក់ផ្អើល ព្រោះដំបូលតូបមានស្នាមគាស់ ចំណែកទូរស័ព្ទនៅក្នុងទូបាត់ទាំងអស់គ្មានសល់ ទើបម្ចាស់តូបឆែកកាមេរ៉ាសុវត្ថិភាពដែលបានដាក់បង្កប់ក្នុងតូបឃើញជនសង្ស័យម្នាក់នោះលួចទូរស័ព្ទក៏បានតាមរក និងប្រទះឃើញនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទើបឃាត់ខ្លួននាំទៅប៉ុស្តិ៍ប៉ូលិសចោមចៅ ខណៈនាំទៅដល់ប៉ុស្តិ៍ប៉ូលិស ម្ចាស់តូប និងក្រុមគ្រួសារបាននាំគ្នាវាយទាត់ធាក់ម្នាក់មួយដៃ មួយជើងបញ្ចេញកំហឹងរួចទើបប្រគល់ឱ្យប៉ូលិស។
នៅប៉ុស្តិ៍ប៉ូលិសចោមចៅ សមត្ថកិច្ចបានដកហូតទូរស័ព្ទចំនួន៣២គ្រឿងច្រកក្នុងថង់ខ្មៅប្រគល់ឱ្យម្ចាស់វិញ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ