តាមសេចក្តីថ្លែងការរបស់មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងថាប្រទេសចិន គឺជាតំបន់ដ៏មានសារសំខាន់ចំពោះវិស័យហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងដែលជាក្តីរំពឹងដើម្បីស្វែងរកនូវចរន្តនៃកំណើនថ្មីមួយជាការទូទាត់ទៅនឹងការបង្អន់ល្បឿននៃកំណើនសេដ្ឋកិច្ចក្នុងស្រុក ។
យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីឆ្នាំ២០១៣ប្រទេសកូរ៉េខាងត្បូងមានកំណើនសេដ្ឋកិច្ចខ្លាំងក្លារហូតវ៉ាដាច់ជប៉ុនទៅទៀតដែលក្លាយទៅជាប្រភពនាំចូលធំជាងគេបំផុតរបស់ចិននៅក្នុងតំបន់ ។ កូរ៉េខាងត្បូងផ្គត់ផ្គង់ការនាំចូលទៅក្នុងប្រទេសចិនបាន៩,២៤%ក្នុងឆ្នាំ២០១៣ កើនឡើងពី៩,១៧% ក្នុងឆ្នាំ២០១២ ខណៈសមាមាត្រនឹងការនាំចូលពីជប៉ុនធ្លាក់ចុះពី៩,៧៨% មកត្រឹម៨,១៩% ។
ម៉្យាងទៀតប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូង ហើយការនាំចេញរបស់ខ្លួនទៅក្នុងប្រទេសចិនកើនឡើង៨,៦% កាលពីឆ្នាំមុន ស្មើនឹងទំហំសាច់ប្រាក់១៨៣,៧ពាន់លានដុល្លារ នេះបើតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង ។ ចំណែកការនាំចេញរថយន្តវិញ កើនឡើង១៣,២%នៅក្នុងឆ្នាំ២០១៣ ស្មើនឹងសាច់ប្រាក់៤៨,៧ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ចំណាប់អារម្មណ៍នៃទីផ្សារហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេសចិន គឺផ្តោតទៅលើការធានារ៉ាប់រងរថយន្ត សុខភាព និងមូលធនទាយជ្ជទាន (លក្ខណៈធម្មជាតិដែលផ្តល់ឱ្យ) ជាដើម ៕
ចែករំលែកព័តមាននេះ