រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិនៅស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ កាលពីថ្ងៃអាទិត្យ ទី៦ មេសា កីឡាករ ង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានយកឈ្នះកីឡាករ កេន យា៉ LEONARD NGANGAR ដោយពិន្ទុ ខណៈយ៉េន ឌីណា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិផ្តួលកីឡាករថៃ PONG THONG SURAYUT នៅត្រឹមទឹកទី៣ប៉ុណ្ណោះ ។
កីឡាករ LEONARD ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែភាគតិចណាស់ដែលគេអាចនាំយកជ័យជម្នះត្រឡប់ទៅស្រុកគេវិញ ។ ចំណែកឯការមកប៉ះជាមួយ ង៉ែត រដ្ឋា នាពេលនេះ ក៏គេនៅតែមិនអាចស្រោចស្រង់ការបរាជ័យរបស់គេបានឡើយ ។ នៅក្នុងទឹកទី១ ដំបូង LEONARD បានព្យាយាមទាត់ និងវាយទៅលើ ង៉ែត រដ្ឋា យា៉ងគំហុក ខណៈ ង៉ែត រដ្ឋា នៅមិនទាន់បើកការវាយសម្រុកនៅឡើយដោយគេបានត្រឹមតែព្យាយាមដកថយគេចចេញជាបន្តបន្ទាប់ រួចទាត់និងវាយសងវិញស្រាលៗ ដែលជាការស្ទាបស្ទង់សមត្ថភាពគូប្រកួតជាមុនសិន ។ លុះឈានចូលដល់ទឹកទី២ ង៉ែត រដ្ឋា លែងបណ្តោយឱ្យ LEONARD ធ្វើអ្វីមកលើរូបគេដូចកាលពីទឹកទី១ទៀតឡើយ គេបានម៉ាត់និងទាត់សងវិញ ព្រមទាំងបុកស្នៀតជង្គង់សំដៅពោះទឹកផ្ទួនៗ ធ្វើឱ្យកីឡាករកេនយា៉រូបនេះ លែងហា៊នចូលកៀកផ្តេសផ្តាស់ដូចមុនទៀតឡើយ ។
ជើងខាងឆ្វេង និងដៃខាងឆ្វេងរបស់ LEONARD ចាប់ផ្តើមមានបញ្ហាបន្តិចនៅពេលឈានចូលដល់ទឹកទី៣ ដោយសារ ង៉ែត រដ្ឋា ទាត់ត្រូវយា៉ងដំណំ ធ្វើឱ្យង៉ែត រដ្ឋា ចាប់ផ្តើមមានប្រៀបជាង និងបានរុញច្រានបង្ខំកីឡាករ កេន យា៉ រូបនេះដកថយអែបខ្សែរេញជាបន្តបន្ទាប់ ។ ម្យា៉ងវិញទៀតកម្លាំងរបស់គេកាន់តែមានការស្រុតចុះជាបណ្តើរៗ នៅពេលអោនចូលដល់ទឹកទី៤ និងទឹកទី៥ ។ ទោះបីយា៉ងណា ងែ៉ត រដ្ឋា នៅតែមិនអាចវាយផ្តួលកីឡាករ កេន យា៉ រូបនេះឱ្យសន្លប់បានឡើយ គឺបានត្រឹមតែយកឈ្នះដោយពិន្ទុប៉ុណ្ណោះ ។ កីឡាករ យ៉េន ឌីណា បានប្រើស្នៀតកែង និងជង្គង់វាយផ្តួល SURAYUT ឱ្យសន្លប់នៅក្នុងទឹកទី៣ ។ យ៉េន ឌីណា បើទោះជាមិនធ្លាប់បានជួប SURAYUT ពីមុនមកក្តី ប៉ុន្តែគេហាក់បីដូចជាមានជំនឿចិត្តយា៉ងខ្លាំង ព្រោះអីនៅត្រឹមទឹកទី១ប៉ុណ្ណោះ គេបានទាត់និងមា៉ត់ព្រមទាំងបុកកែង និងជង្គង់ផ្ទួនៗទៅលើកីឡាករថៃរូបនេះស្ទើរតែមិនអាចតដៃបានម្តងៗទៅហើយ។ SURAYUT ធ្លាប់មានប្រវត្តិផ្តួលកីឡាករជើងខ្លាំងកម្ពុជាច្រើននាក់រួចមកហើយ ជាពិសេសកាលពីគេស្ថិតនៅទម្ងន់៥៤គីឡូក្រាម គេធ្លាប់បានយកឈ្នះ អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ នៅមុនស្នូរជួងបញ្ចប់ទឹក៥ម្តង ។
ប៉ុន្តែពេលនេះគេឡើងទម្ងន់ដល់ទៅ៦០គីឡូក្រាម ដូច្នេះមិនអាចវាយបានរហ័សដូចមុនទៀតឡើយ ។ និយាយរួមតាំងពីទឹកទី១ដល់ទឹកទី៣ SURAYUT ត្រូវ យ៉េន ឌីណា វាយសង្គ្រុបជាប់រហូត ហើយនៅពាក់កណ្តាលទឹកទី៣ គេបានបុកកែងនិងជង្គង់ចូលមុខ និងពោះទឹកកីឡាករថៃយា៉ងពេញទំហឹង រហូតដល់ថ្នាក់ដួលទៅលើក្តារតាពីក្រោកលែងរួច ។ រីឯការប្រកួតរវាងកីឡាករកម្ពុជា និងកម្ពុជាវិញនោះ ឈិត ង៉ុយ មកពីក្លិបអប្សរាគុនខ្មែរ បានប្រើស្នៀតជង្គង់វាយផ្តួល ម៉ន ភារម្យ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកឱ្យសន្លប់នៅក្នុងទឹកទី៤ ។
ឡេះ តើក មកពីក្លិបពុទ្ធសេរីវង្សកីឡា យកឈ្នះ ចៅ វីរៈ មកពីក្លិបសាលវ័ន្តកីឡាដោយពិន្ទុ និង យ៉ន វិចិត្រ មកពីក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ផ្តួល ចាន់ គង់រិទ្ធ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀនឱ្យសន្លប់នៅត្រឹមទឹកទី៤ ៕
ចែករំលែកព័តមាននេះ