រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ កីឡាកររឿង សុភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ នៅតែមានវាសនាក្តោបក្តាប់ខ្សែក្រវាត់ស្រាបៀរកម្ពុជា ដែលដណ្តើមបានពីកីឡាករឯម ខ្លឹមខ្មៅ មកពីក្លិបឫទ្ធិពោធិសែនជ័យឱ្យស្ថិតនៅក្នុងដៃដដែល ដោយមិនខ្វល់ពីរឿងមានអ្នកចង់ដណ្តើមឡើយ។ ហេតុផលដែលជួយឱ្យកីឡាកររូបនេះជិះសេះលែងដៃចំពោះរឿងនេះមិនមែនដោយសារទទួលឯកសិទ្ធិមិនឱ្យមានការដណ្តើមពីគេនោះទេ បុ៉ន្តែនោះគឺដោយសារតែគេមានលេសធ្វើជាហេតុផលបាំងពីក្រោយបុ៉ណ្ណោះ ។
លោកនាង ស៊ីវត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានខកខានការរៀបចំឱ្យមានព្រឹត្តិការណ៍វាយដណ្តើមយកខ្សែក្រវាត់ពី កីឡាកររូបនេះដូចការប្រកាសអស់ជាច្រើនលើកមកហើយបន្ទាប់ពី រឿង សោភ័ណ្ឌ ចេះតែមានហេតុផលផ្ទាល់ដែលនាំឱ្យមានការរាំងស្ទះ ។ ជាក់ស្តែង កន្លងមកស្ថានីយទូរទស្សន៍បាយ័នគ្រោងរៀបចំការប្រដាល់បែបដណ្តើម និងការពារខ្សែក្រវាត់របស់កីឡាកររូបនេះម្តងជាពីរដងហើយ ប៉ុន្តែមិនអាចធ្វើបានដោយសារទី១ ដៃគូមួយចំនួនដែលខាងបាយ័នមើលឃើញថា អាចផ្គូផ្គងឱ្យឡើងប្រកួតជាមួយ រឿង សុភ័ណ្ឌ បានចេះតែគ្មានពេលហ្វឹកហាត់គ្រប់គ្រាន់ ព្រោះតែមានការងារផ្ទាល់ខ្លួនក្រៅពីកីឡា និងទី២ គឺរឿង សុភ័ណ្ឌ មានបញ្ហាខ្លួនឯងតែម្តង។
លោកអះអាងថា ក្នុងពេលដៃគូរបស់ រឿង សុភ័ណ្ឌ ចាប់ផ្តើមមានពេលដែលអាចផ្គូផ្គងឱ្យឡើងប្រកួតបែបនេះបាន ម្ចាស់ខ្សែក្រវាត់គឺ រឿង សុភ័ណ្ឌ បែរជាមានភារៈដកខ្លួនមិនរួច ហើយមិនអាចឱ្យគណៈកម្មការធ្វើការរៀបចំការប្រកួតក្នុងទម្រង់នេះបាន ។ ហេតុផលដែលមិនអាចប្រព្រឹត្តទៅបាននោះ គឺដោយសារតែក្នុងខែមេសានេះ ប្រជាជនខ្មែររវល់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ទើបពួកគាត់ភាគច្រើនទទូចឱ្យធ្វើការលើកពេល។ លុះដល់ខែក្រោយគឺខែឧសភា ដែលជាអំឡុងពេលល្អដែលខាងបាយ័នគ្រោងរៀបចំការប្រកួតនេះ ស្រាប់តែកីឡាកររឿង សោភ័ណ្ឌ ខ្លួនឯងត្រូវដល់គម្រោងឡើងទៅប្រទេសបារាំងជាលើកទី១ ក្នុងការប្រកួតប្រដាល់នោះទៅវិញ ។ លោកនាង ស៊ីវត្ថា ប្រាប់ថា មើលទៅ រឿង សុភ័ណ្ឌ មិនដឹងថាដល់ពេលណាទើបអាចឱ្យលោករៀបចំការប្រដាល់បែបការពារខ្សែក្រវាត់ ឬឱ្យគេដណ្តើមនោះទេ បើយោងតាមភាពជាក់ស្តែង កីឡាកររូបនេះហាក់មិនមានពេលគ្រប់គ្រាន់ច្បាស់លាស់ទាល់តែសោះ ក្នុងរយៈពេលបុ៉ន្មានខែខាងមុខនេះ ។
លោកអះអាងថា ការប្រកួតបែបដណ្តើមខ្សែក្រវាត់នេះ គឺរហូតទាល់តែដល់ពេល រឿង សុភ័ណ្ឌ ត្រឡប់ពីប្រទេសបារាំងវិញនៅចុងខែមិថុនាដូចការកំណត់ ឬអាចពន្យារពេលបន្តដូចកីឡាករផ្សេងធ្លាប់ចេញទៅប្រកួតនៅប្រទេសបារាំងខ្លះ ។ ប្រសិនបើការប្រកួតរបស់គេទទួលជោគជ័យនៅបារាំង គេអាចវិលមកខុសការគ្រោងទុក គឺរហូតដល់ខែកក្កដា ឬក្រោយនេះឆ្ងាយឯណោះ ទើបគេអាចត្រឡប់វិញ ។ ម្យ៉ាងក្រោយត្រឡប់មកវិញភ្លាមៗ រឿង សុភ័ណ្ឌ មិនអាចឱ្យគណៈកម្មការរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់បានភ្លាមៗទេ ដ្បិតក្នុងនាមជាម្ចាស់ខ្សែក្រវាត់ យ៉ាងហោចណាស់ក៏មានរយៈពេលកំណត់មួយដើម្បីបំប៉ន និងហ្វឹកហាត់ក្រោយពីវិលមកពីបារាំងវិញដែរ ទើបអាចគិតគូរបាន ។ លោកនិយាយថា ការប្រកួតដណ្តើមខ្សែក្រវាត់ពី រឿង សុភ័ណ្ឌ គឺជារឿងចៀសមិនផុត បុ៉ន្តែខាងបាយ័ន ក៏ត្រូវតែជ្រើសរើសរកពេលឱ្យសក្តិសមចំពោះគេដែលជាម្ចាស់ខ្សែក្រវាត់នោះផងដែរ ដោយមិនអាចកំណត់ក្នុងភាពតក់ក្រហល់បែបបង្ខំម្ចាស់ខ្សែក្រវាត់នោះទេ អ៊ីចឹងហើយទើបលោកមិនដឹងថា ពេលណាទើបសមគួរសម្រាប់ឱ្យបាយ័នរៀបចំ រឿង សុភ័ណ្ឌ ឱ្យឡើងការពារខ្សែក្រវាត់ជាលើកដំបូងក្រោយពីបានក្តោបក្តាប់។
តាមគម្រោងកីឡាកររឿង សុភ័ណ្ឌ នឹងចេញទៅបារាំងនៅចុងខែឧសភា ហើយត្រឡប់មកវិញនៅចុងខែមិថុនា ដោយគ្រោងឡើងទៅប្រកួតនៅទ្វីបអឺរុ៉បរយៈពេលមួយខែគត់ ។ បន្ទាប់ពីរយៈពេលនោះទើបលោកនាង ស៊ីវត្ថា ប្រាប់ថា អាចគិតគូរចេញរឿងឱ្យគេឡើងប្រកួតបែបការពារខ្សែក្រវាត់ ។ ជាមួយនឹងការកំណត់នេះ ទើបគេឃើញយ៉ាងច្បាស់ថា រឿង សុភ័ណ្ឌ កំពុងមានតែមក្តោបក្តាប់ខ្សែក្រវាត់ដែលខ្លួនដណ្តើមបាន ដោយមិនសូវព្រួយក្នុងបុ៉ន្មានខែទៅមុខ ។ ទោះបីយ៉ាងណា ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ ក៏មិនរីកមុខរីកមាត់បុ៉ន្មាននោះដែរ ពិសេសនៅពេលគិតដល់កាលបរិច្ឆេទដែលត្រូវគេរៀបចំឱ្យឡើងប្រកួតការពារខ្សែក្រវាត់នោះ៕
ចែករំលែកព័តមាននេះ