រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៤ នៅពហុកីឡដ្ឋានជាតិ កាលពីររសៀលថ្ងៃទី៦ មេសា ក្រុមចំណូលថ្មីត្រាយអាស៊ីបានត្រឹមលទ្ធផលស្មើ០ទល់០ ជាមួយក្រុមវេស្ទើនយូនីអែហ្វស៊ី ខណៈក្រុមចម្ការកៅស៊ូបឹងកេត បំបាក់ក្រុមក្រសួងការពារជាតិយ៉ាងចាស់ដៃក្នុងលទ្ធផល៧ទល់១ ។
ក្រុមត្រាយអាស៊ីមកដល់ពេលនេះលេងបាន៨ប្រកួត ឈ្នះ៣ប្រកួត ស្មើ២ប្រកួត និងចាញ់៣ប្រកួត មាន១១ពិន្ទុ ចំណែកក្រុមវេស្ទើនយូនីអែហ្វស៊ីវិញ លេងបាន៨ប្រកួតដូចគ្នា ក្នុងនោះឈ្នះ១ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត មាន៧ពិន្ទុ ។ ចំពោះក្រុមចម្ការកៅសូ៊បឹងកេតឯណោះវិញ ការទទួលបានជ័យជម្នះលើក្រុមក្រសួងការពារជាតិពេលនេះ បានធ្វើឱ្យគេសង្ឃឹមច្រើនក្នុងការដណ្តើមកៅអីកំពូលតារាងមកកាន់កាប់ដូចកាលពីរដូវកាលចាស់ (ឆ្នាំ២០១៣) ។ មកដល់ពេលនេះក្រុមចម្ការកៅស៊ូបឹងកេតលេងបាន៨ប្រកួត ឈ្នះ៦ប្រកួត ចាញ់២ប្រកួត មាន១៨ពិន្ទុ ចំណែកក្រុមក្រសួងការពារជាតិលេងបាន៨ប្រកួតដូចគ្នា ឈ្នះ១ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត មាន៧ពិន្ទុ ។
ដោយឡែក ក្រុមជើងខ្លាំងភ្នំពេញក្រោន និងក្រុមណាហ្គាខប បានរក្សាពិន្ទុលំដាប់កំពូលតារាងស្មើគ្នាដដែល ក្រោយពីក្រុមទាំងពីររកបាន៣ពិន្ទុបន្ថែមដូចគ្នាកាលពីថ្ងៃទី៥ មេសា តាមរយៈការយកឈ្នះលើគូប្រកួតរៀងៗខ្លួន ដែលធ្វើឱ្យក្រុមទាំងពីរមាន១៩ពិន្ទុក្នុងដៃស្មើគ្នា បន្ទាប់ពីលេងបាន៨ប្រកួត ឈ្នះ៦ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួតដូចគ្នានោះ ។ នៅថ្ងៃនោះដែរ ក្រុមអាស៊ីអឺរុ៉បប្រកួតឈ្នះ ក្រុម Albirex Niigata Phnom Penh ក្នុងលទ្ធផល៣-១ និងមួយប្រកួតទៀត ក្រុមបៀលប្រាយយូណាយធីតប្រកួតឈ្នះក្រុមគិរីវង់សុខសែនជ័យក្នុងលទ្ធផល១-០ ។ សម្រាប់ការប្រកួតបន្តនឹងធ្វើឡើងនៅថ្ងៃទី២៦ មេសា ដោយមាន៤ប្រកួតលេងលើ២ទីលាន ។
ទីលានស្តាតចាស់ ការប្រកួតចាប់ផ្តើមនៅម៉ោង១៣និង៣០នាទីតទៅរវាងក្រុមក្រសួងការពារជាតិជាមួយក្រុម Albirex Niigata Phnom Penh និងមួយប្រកួតទៀត ក្រុមត្រាយអាស៊ីប្រកួតជាមួយក្រុមសាកលវិទ្យាល័យអាស៊ីអឺរុ៉ប ។ ឯនៅទីលានពហុកីឡដ្ឋានជាតិឯណោះវិញ ការប្រកួតចាប់ផ្តើមនៅម៉ោង១៥និង៣០នាទីតទៅ ដោយក្រុមខេត្តស្វាយរៀង ប្រកួតជាមួយក្រុមបៀលប្រាយយូណាយធីត និងមួយប្រកួតទៀតក្រុមណាហ្គាខប ប្រកួតជាមួយក្រុមភ្នំពេញក្រោន ៕
ចែករំលែកព័តមាននេះ