ខេត្តព្រៃវែង ៖ បុរសម្នាក់ដែលប្រជាពលរដ្ឋ និងសមត្ថកិច្ចឱ្យរហស្សនាមថា កំពូលចោរលួចលុយចំណងដៃនៅតាមរោងការនោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋព័ទ្ធចាប់បានកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៦ មេសា ២០១៤ នៅចំណុចមុខប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃ ស្រុកស្វាយអន្ទរ បន្ទាប់ពីបុរសរូបនោះធ្វើសកម្មភាពឡើងផ្ទះការរើកកាយរកលុយចំណងដៃ ត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ព្រួតគ្នាវាយធ្លាក់ពីលើផ្ទះ។
បុរសជាកំពូលចោរលួចលុយចំណងដៃនេះឈ្មោះឡាយ ផៃ អាយុ៤១ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ។ តាមការឱ្យដឹងពីលោកវរសេនីយ៍ឯកសេង សុភ័ក្រ ស្នងការរងនគរបាលខេត្តព្រៃវែងបានបញ្ជាក់ថា ជនឈ្មោះឡាយ ផៃ នេះ គឺជាចោរដែលល្បីល្បាញខាងដើរលួចលុយចំណងដៃនៅតាមរោងការច្រើនឆ្នាំមកហើយ និងធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយដែរ ហើយមុនពេលចាប់ខ្លួនបាននេះ ជននេះបានធ្វើសកម្មភាពដើរលួចលុយចំណងដៃតាមរោងការរហូតដល់ទៅ៨ខេត្ត-ក្រុង តែចាប់មិនដែលបានទេ ព្រោះជននេះមានវិធីសាស្ត្រខ្ពស់ក្នុងការលួច ។
មុនពេលចាប់ខ្លួន ជននេះបានធ្វើសកម្មភាពឡើងលើផ្ទះការមួយកន្លែងនៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ បំណងលួចលុយចំណងដៃ តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ស្រែកឆោឡោនាំគ្នាព្រួតវាយធ្លាក់ពីលើផ្ទះ ហើយបានរត់គេចកាត់មុខប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃក៏ត្រូវប៉ូលិស និងប្រជាពលរដ្ឋស្ទាក់ចាប់បានតែម្តង។
តាមចម្លើយសារភាពរបស់ឈ្មោះឡាយ ផៃ សមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះរបស់ជននេះ ដែលស្ថិតនៅភូមិជ្រៃវាល ឃុំជ្រៃ បានរកឃើញវត្ថុតាងសំបកទូរស័ព្ទទំនើបៗមួយចំនួនដែលកូនស្រីរបស់គេទើបតែច្រកថង់យកទៅកប់ចោលក្នុងដីខាងក្រោយផ្ទះ និងមួកកងរាជអាវុធហត្ថ១ដែលទទឹកជោគ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ